ពីនេះ ពីនោះ
ប្រយ័ត្ន​ច្រឡំ​ក្នុងការ​សរសេរ​ពាក្យ «​រាជ និង រាជ្យ​»
20, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​រាជ និង រាជ្យ​»  ត្រូវបាន​ប្រើប្រាស់​ផ្សេងគ្នា​។ «​រាជ​» គឺ​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​។ ចំណែក «​រាជ្យ​» អាច​សំដៅ​ដល់​ព្រះរាជ​បល្ល័ង្ក ឬ ភាវៈ​ជា​ព្រះមហាក្សត្រ​។



​សព្ទ «​រាជ​» គឺ​មានន័យថា ព្រះរាជា ឬ ព្រះមហាក្សត្រ​។ ក្នុង​ភាសា​ខ្មែរ នៅពេលណា គេ​ចង់​សំដៅ​ដល់​ព្រះមហាក្សត្រ គឺ​គេ តែង​ប្រើ​ជា «​រាជា​» ដោយ​មិន​និយម​ប្រើ «​រាជ​» នោះទេ​។ ឧទាហរណ៍​ថា​៖«​ព្រះរាជា យាង​មកដល់​ហើយ​!»​។ 
 
​ជាទូទៅ សព្ទ «​រាជ​» មិនសូវ​ជា​ឈរ​តែឯង​នោះទេ​។ ជា​ញឹកញាប់ សព្ទ «​រាជ​» តែង​ភ្ជាប់​ជាមួយនឹង​ពាក្យ​ដទៃទៀត​។ សព្ទ​នេះ អាច​ភ្ជាប់​នៅ​ខាងដើម​នៃ​ពាក្យ​ក៏បាន ឬ ភ្ជាប់​នៅ​ខាងចុង​នៃ​ពាក្យ ក៏បាន​។  
 
​ពាក្យ ដែលមាន «​រាជ​» នៅ​ខាងដើម មានដូចជា​, រាជកុមារ​, រាជខណ្ឌ​, រាជគ្រឹះ​, រាជគ្រូ​, រាជដំណាក់​, រាជដំណើរ​, រាជតម្រាស់​, រាជតម្រិះ​, រាជទាន​, រាជទ្រព្យ​, រាជធម៌​, រាជនិពន្ធ​, រាជបញ្ជា​, រាជបណ្ឌិត​, រាជបិតា​, រាជការ​, រាជកិច្ច​,  រាជទូត​, រាជធានី​, រាជបុត្រ​, រាជប្រកាស ។​ល​។​ចំណែកឯ ពាក្យ ដែលមាន «​រាជ​» នៅ​ខាងចុង មានដូចជា នគររាជ​, នាគរាជ មហារាជ​, អធិរាជ​, ឯករាជ ។​ល​។​
 
​ដោយឡែក សព្ទ «​រាជ្យ​» គឺ​សំដៅលើ ភាវៈ​ជា​ព្រះរាជា ឬ ការគ្រប់គ្រង​ផែនដី​។ ឧទាហរណ៍​ថា​៖«​គ្រងរាជ្យ​, សោយរាជ្យ​, ដណ្តើម​រាជ្យ​, ក្សត្រ​ទ្រង់​រាជ្យ​»​។ ឃ្លា​ទាំងនេះ ដែលមាន​សព្ទ «​រាជ្យ​» នៅ​ខាងចុង គឺ​មិន​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​នោះទេ តែ​សំដៅ​ដល់​បុគ្គល​ណាមួយ ដែល​ឡើង​សោយរាជ្យ ធ្វើជា​ព្រះមហា​ក្ស​។​
 
​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​
 

© រក្សាសិទ្ធិដោយ thmeythmey.com