អន្តរជាតិ
បងប្អូន​កូរ៉េ នឹង​ចាប់ផ្តើម​គម្រោង​ផ្លូវថ្នល់ និង​ផ្លូវដែក​កាត់​ព្រំដែន​
20, Sep 2018 , 10:19 am        
រូបភាព
មេដឹកនាំកូរ៉េទាំងពីរក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែកញ្ញា (រូបភាព AP)
មេដឹកនាំកូរ៉េទាំងពីរក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែកញ្ញា (រូបភាព AP)
ដោយ:
​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នៅ​ថ្ងៃទី ១៩ កញ្ញា បាន​យល់ព្រម​ចាប់ផ្ដើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួមគ្នា ដែល​នឹង​ភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវដែក​កាត់​ព្រំដែន​របស់​ពួកគេ​នា​ឆ្នាំ​២០១៨​នេះ​។


 
«​កូរ៉េ​ទាំង​២ នឹង​ចាប់ផ្ដើម​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សម្រាប់​ភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវដែក ដែល​រត់​កាត់​តាម​ឆ្នេរ​ភាគ​ខាងលិច និង​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​ទាំង​២»​។ នេះ​បើតាម​សេចក្ដីប្រកាស​រួមគ្នា​រវាង​កូរ៉េ​ទាំង​២​នេះ​។ 
 
​ជាមួយគ្នានេះ កូរ៉េ​ទាំង ២ ក៏បាន​យល់ព្រម​ពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន ព្រមទាំង​ធ្វើការ​រួមគ្នា​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែលមាន​លំនឹង​ក្នុង​ឧបទ្វីប​កូរ៉េ​ផងដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhaps កិច្ចព្រមព្រៀង​នេះ ត្រូវបាន​បង្កើតឡើង​អំឡុង​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង​។ 
 
​គួរ​បញ្ជាក់ថា ការសម្រេចចិត្ត​នេះ​គឺធ្វើឡើង បន្ទាប់ពី​មេដឹកនាំ​នៃ​កូរ៉េ​ទាំង​២ បានសម្រេច​កិច្ចព្រមព្រៀង​មួយ​អំឡុង​ជំនួប​អន្តរ​កូរ៉េ​លើក​ទី​១​កាលពី​ខែមេសា​កន្លងទៅ​។ ក្នុង​កិច្ចព្រមព្រៀង​នេះ រដ្ឋ​ទាំង​២​នេះ បាន​យល់​ព្រមធ្វើ​ទំនើបកម្ម និង​ភ្ជាប់​ប្រព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវដែក ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ពួកគេ​។ ទាក់ទិន​នឹង​រឿងនេះ​ដែរ រដ្ឋាភិបាល​សេ​អ៊ូ​ល បាន​បង្កើត​កញ្ចប់​ថវិកា​ជាង​២៦៧,៣៨ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដំណើរការ​គម្រោង​ទាំងនេះ​៕
 

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com