កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កាត​ក្រហម​តែ Juventus ឈ្នះ Valencia ២-០
20, Sep 2018 , 11:04 am        
រូបភាព
Cristiano Ronaldo ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន ខណៈ Juventus បន្ត​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទទួល​ជ័យជម្នះ​ពី​ក្រុម​ម្ចាស់ផ្ទះ Valencia ដោយ​លទ្ធផល ២-០ នៃ​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នា​រាត្រី​ថ្ងៃទី​១៩ ខែកញ្ញា​។​


 
​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​បង្ហាញខ្លួន​ជា​លើក​ទី​១​ឲ្យ​ក្រុម​សេះបង្កង់​សម្រាប់​ការប្រកួត​ក្របខណ្ឌ​កំពូល​អឺរ៉ុប​បាន​យកដៃ​ខ្វាច​សក់​ក្បាល​របស់​ខ្សែការពារ Jeison Murillo របស់ Valencia អំឡុងពេល​អ្នក​ទាំងពី​រ​ប៉ះទង្គិច​គ្នា​បន្តិច​នៅមុខ​ទី​របស់​ក្រុម​ម្ចាស់ផ្ទះ​។ ទង្វើ​របស់ Ronaldo បែបនេះ​ត្រូវ​អាជ្ញាកណ្តាល​កាត់សេចក្តី​លោក Felix Brych ពិភាក្សា​ជាមួយ​លោក​ជំនួយការ​អាជ្ញាកណ្តាល​ហើយ​សម្រេច​ឲ្យ​កាត់​ក្រហម​នៅ​នាទី​២៩​តែម្តង​។​
 
​នេះ​ជាការ​ខកចិត្ត​សម្រាប់ Ronaldo ផងដែរ​បន្ទាប់ពី​ផ្លាស់​ទៅកាន់​ក្រុម​ជើងឯក​អ៊ីតាលី Serie A ពី Real Madrid ក្នុងតម្លៃ ១១៥ លាន​ដុល្លារ​កាលពី​ដើមរដូវ​កាល​។ ប្រកួត​លើក​ក្រោយទល់នឹង Young Boys ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​នឹងត្រូវ​អវត្តមាន​។​
 
​បើ​ទោះ​សល់​គ្នា​ត្រឹម​១០​នាក់​ក៏ដោយ​តែ​ក្រុម​របស់លោក Massimo Allegri បាន​ប្រមូលផ្តុំ​កំលាំង​គ្នា​ប្រកួត​យ៉ាង​ខ្លាំងខ្លា និង​អាច​នាំមុខ​១​គ្រាប់​មុន​នៅ​តង់​ទី​១ ដែល​ធ្វើបាន​ពី​ខ្សែបម្រើ Miralem Pjanic ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​។ 
 
​ការប្រកួត​បាន​ឈានដល់​តង់​ទី​២ នៅ​នាទី​៥១ Juventus បាន​បន្ថែម​គ្រាប់​បាល់​១​គ្រាប់​ទៀត​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ដែល​ធ្វើបាន​ដោយ Pjanic ដដែល​។ Valencia ក៏មាន​ឱកាស​រក​គ្រាប់​បាល់​១​គ្រាប់​វិញ​ដែរ ប៉ុន្តែ​ត្រូវបាន​អ្នកចាំទី Wojciech Szczesny រារាំង​បាន​ពី​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​កីឡាករ Daniel Parejo នៅ​ចុង​ម៉ោង​។ បញ្ចប់​ការប្រកួត​នា​ជំនួប​បើកឆាក Juventus យកឈ្នះ Valencia ២-០ និង​ទទួលបាន​៣​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល H​។​
 
​ដោយឡែក​ការប្រកួត​១​គូ​ទៀត​ក្នុង​ពូ​ល​នេះដែរ Manchester United បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Young Boys ក្នុង​លទ្ធផល ៣-០ ក្នុងនោះ​២​គ្រាប់​ធ្វើបាន​ដោយ​ខ្សែបម្រើ Paul Pogba នៅ​នាទី​៣៥ និង​៤៤​ដោយ​បាល់​ប៉េ​ណា​ល់​ទី និង​មិត្ត​រួម​ជាតិ Anthony Martial នៅ​នាទី​៦៦​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​លោក Jose Mourinho ឈរ​នៅ​កំពូល​តារាង​ពូ​ល H​។ 


 
​សម្រាប់​លទ្ធផល​គូ​ដទៃទៀត​៖
 
​ពូ​ល E៖
 
Ajax ៣-១ AEK Athens 
 
Benfica ០-២ Bayern Munich 
 
​ពូ​ល F៖ 
 
Shakhtar Donetsk ២-២ Hoffenheim 
 
Manchester City ១-២ Lyon 
 
​ពូ​ល G៖

Real Madrid ៣-០ Roma 
 
Viktoria Plzen ២-២ CSKA Moscow 
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  UEFA Champions League
  Juventus
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com