ជាតិ
រដ្ឋមន្ត្រី​សម្រេចឲ្យ​លោក មូល ស៊ុយហេង បន្តធ្វើនាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ
20, Sep 2018 , 11:37 am        
រូបភាព
ដោយ:
 ការ​តវ៉ា​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សមួយចំនួន​នៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ មាន​ប្រសិទ្ធភាព ដោយនៅ​ថ្ងៃទី២០ ខែ​កញ្ញា នេះ កិច្ច​ប្រជុំមួយ​ដែល​ដឹកនាំដោយ​លោករដ្ឋមន្ត្រីអប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​សម្រេច​ឲ្យ​លោក មូល ស៊ុយហេង បន្ត​តួនាទី ជានាយក​សាលាដដែល។


 
ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី សម្រេច​ឲ្យ​មានការ​បោះឆ្នោត​ពី​លោកគ្រូ -​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ដោយ​ទទួលបាន​សំឡេង​គាំទ្រ៩៧​សំឡេង និងសំឡេងមិនគាំទ្រ៥៤ សំឡេង ។ តាមរយៈសំឡេងគាំទ្រច្រើននេះ ទើបលោក ហង់ ជួន ណារ៉ុន សម្រេច​ឲ្យ​លោក មូល ស៊ុយ​ហេង បន្តធ្វើ​នាយក​វិទ្យាល័យ​វិញ​។​
 
​ក្រោយ​ចំណាយពេល​មួយ​ព្រឹក រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ដោះស្រាយ​ការទាមទារ​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ បាន​មួយ​ករណី​ប៉ុណ្ណោះ​។ ចំណែកករណី​ដែល​គ្រូបង្រៀន និង​សិស្ស ទាមទារ​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ស៊ីសុវត្ថិ​នេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន សម្រេច​លើកយក​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​។​
 
​តែ​យ៉ាងណា​លោកគ្រូ និង​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នឹង​បន្ត​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​លើ​ករណី​សាលា​ជំនាន់​ថ្មី​នេះ​។​

កន្លងមក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បាន​ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួង​ដកតំណែង​លោក មូល ស៊ុយ​ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ក្នុង​គោលបំណង​ផ្ទេរ​រូបគាត់​ទៅ​នាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ៖«​មិនមែនជា​ការដកតំណែង​នាយក​សាលា​នោះទេ តាមពិត ជាការ​ផ្ទេរ​ភារកិច្ច​របស់​នាយក​សា​លា គឺ​ផ្ទេរ​ភារកិច្ច​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​។ ការផ្ទេរ​នេះ ដោយសារតែ​គាត់ (​មូល ស៊ុយ​ហេង​) ធ្វើ​នៅ​ទីនោះ​យូរហើយ ហើយ​មានបទពិសោធន៍​ចាស់ទុំ អាចមក​ជួយ​ការងារ​នៅ​នាយកដ្ឋាន​បាន​»៕ 

អត្ថបទទាក់ទង


Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  មូល ស៊ុយ​ហេង​
  អប់រំ​
  សាលា​ជំនាន់​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com