រវាងពាក្យ«សា» និង«សារ» នេះធ្វើឲ្យសាធារណជនប្រើបូកឡូកគ្នា និងច្រឡំគ្នាក្នុងការប្រើប្រាស់ពាក្យទាំងពីរនេះនៅក្នុងសំណេរទូទៅ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ ពាក្យ «សា» និង«សារ» សម្រាប់ប្រើខុសគ្នាដូចខាងក្រោម៖
ការពិតទៅ ពាក្យ «សា» សម្រាប់ប្រើជាមួយពាក្យដែលនៅខាងដើមនៃពាក្យផង និងខាងចុងនៃពាក្យផង ដើម្បីភ្ជាប់ជាមួយពាក្យដទៃទៀត។ ពោលមានដូចជា សាមកវិញ, ដើរសាចុះសាឡើង, សាទុក្ខសាទោសសាធ្វើជាថ្មី, សាស្រូវ, និយាយសាទុក្ខ, បែកសា, សាកន្ទល, ជំងឺសា, សាត្រីក្អែក, សាឡើងវិញ, មួយសាពីរសា, ដើរមួយសា។ល។
ជាមួយគ្នាផងដែរ ពាក្យ «សានិយាយឡើងវិញ» គឺជាពាក្យដែលមហាជនទូទៅនិយាយខុសពីការសរសេរ។ ពួកគេបែរជានិយាយថា «និយាយសាឡើងវិញ»នេះទៅវិញ។ ប៉ុន្តែមិនមែនជាពាក្យដែលសម្តេចព្រះសង្ឃរាជ ជួន ណាត បង្គាប់ឲ្យនិយាយនោះទេ នេះគ្រាន់តែជាពាក្យដែលពលរដ្ឋនិយាយជាប់មាត់តាំងពីយូរមកហើយ។
ដោយឡែក ពាក្យ ដែលមាន «សារ» នៅខាងដើម គឺសុទ្ធតែមានន័យថា ខ្លឹម,សេចក្តីខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង, សេចក្តីក្លាហាន, ខ្ពង់ខ្ពស់,សំខាន់។ល។ ពាក្យដែលមាន «សារ» នៅអមជាមួយនោះ មានដូចជា សារកម្មទណ្ឌ, សារគិត(គិតបានខ្ជាប់ខ្ជួន), សារគន្ធ(ក្លិនខ្លឹម), សារជាត ឬសារព្រឹក្ស(ឈើមានខ្លឹម),សារតាំង(សារសំបុត្រ សម្រាប់តែងតាំង), សារត្រារដ្ឋ(មន្ត្រីក្រសួងអប់រំជាតិ), សារទិស គ្រប់ទិស, សារទុក្ខ(ទុក្ខគ្រប់សព្វ),សារទ្រព្យ(ធន ទ្រព្យមានតម្លៃ), សារបណ្ណ ឬសារប័ព្វ(សារបញ្ជីរឿង, បញ្ជីមាតិកា), សារព័ត៌មាន(ដំណឹងពិត,កាសែត),សារព័ស្តុ(របស់មានតម្លៃ),សារភាព(ភាវៈពិត),សារភណ្ឌ(ទំនិញមានតម្លៃ),សារភូត(ដើមចម),សារមន្ទីរ(មន្ទីរដាក់ទុកវត្ថុមានតម្លៃ),សារសព្ទ(ពាក្យពិត,ពាក្យមានប្រយោជន៍),សារមតី(អ្នកដែលមានគំនិត)។ល៕