កីឡាជាតិ
ជាតិ
ស្រួ​ង ភា​វី ប៉ះ​ជប៉ុន​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ជើងឯក​ស្នូកឃ័រ​ពិភពលោក​
20, Sep 2018 , 2:32 pm        
រូបភាព
ដោយ:
​កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ឆ្នើម​កម្ពុជា ស្រួ​ង ភា​វី បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ 3-Cushion - World Championship Ladies នៅ​ប្រទេស​ទួ​ក​គី ក្រោយ​ទម្លាក់​កីឡាការិនី​កូ​ឡុំ​ប៊ី​នៅ​វគ្គ​៨​នាក់​ចុងក្រោយ​។  នៅក្នុង​វគ្គ​នេះ ភា​វី ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី Orie Hida ដែល​នាង​បាន​យកឈ្នះ​យ៉ាង​តានតឹង​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។

 
 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាការិនី​ឆ្នើម​កម្ពុជា ស្រួ​ង ភា​វី បាន​ទម្លាក់​កីឡាការិនី​កូ​ឡុំ​ប៊ី Claudia Lalinde ជាមួយ​លទ្ធផល ៣០-១៦ នៅ​វគ្គ​៨​នាក់​ចុងក្រោយ ខណៈ​កីឡាការិនី​ជប៉ុន Orie Hida ទម្លាក់​កីឡាការិនី​កូរ៉េខាងត្បូង Bo-Mi 2 Kim ក្នុង​លទ្ធផល ៣០-២៨​។ 
 
​កីឡាការិនី​ទាំងពីរ​បាន​ជួបគ្នា​ម្តង​រួចមកហើយ នា​ជំនួប​វគ្គ​ជម្រុះ​ពូ​ល A ដោយ​កីឡាការិនី ស្រួ​ង ភា​វី យកឈ្នះ​កីឡាការិនី​ជប៉ុន​ក្នុង​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ ២៥-២៤​។ តើ ភា​វី អាច​យកឈ្នះ​កីឡាការិនី​ជប៉ុន​រូបនេះ ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ 3-Cushion - World Championship Ladies នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា នេះ​បាន​ឬ​យ៉ាងណា​?     
 
​នៅ​វគ្គ​ជម្រុះ​ពូ​ល A ស្រួ​ង ភា​វី បាន​យកឈ្នះ​កីឡាការិនី​ដា​ណឺ​ម៉ាក Steffi Daske ក្នុង​លទ្ធផល ២៥-១១, ឈ្នះ​កីឡាការិនី​ដា​ណឺ​ម៉ាក Jeanette Jensen ២៥-៧ និង​ឈ្នះ​កីឡាការិនី​ជប៉ុន Orie Hida ក្នុង​លទ្ធផល ២៥-២៤​។​
 
​នេះ​ជា​លើក​ទី​១ សម្រាប់​កីឡាការិនី​មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ដែល​ប្រកួត​ក្នុងនាម​ជា​កីឡាការិនី​កម្ពុជា បន្ទាប់ពី​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​២០១៨ កន្លងទៅ​។ ប៉ុន្តែ ស្រួ​ង ភា​វី ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ជាច្រើន​រួចមកហើយ និង​ធ្លាប់​ឈ្នះ​ពាន​ជាច្រើនលើក​ផងដែរ​។ 
 
​ស្រួ​ង ភា​វី បាន​ទៅ​រួមរស់​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល​៧​ឆ្នាំ​ហើយ​។ អ្វី​ដែលជា​មោទកភាព​បំផុត​នោះ គឺ ស្រួ​ង ភា​វី មិន​ព្រម​ចូលសញ្ជាតិ​កូរ៉េ​នោះទេ ដោយសារ​នាង​ចង់​លើក​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​ឲ្យ​កម្ពុជា​តាមរយៈ​កីឡា​មួយ​នេះ​។ កាលពីពេល​ថ្មីៗ​កន្លងទៅ កីឡាការិនី​រូបនេះ ត្រូវបាន​ប្រធាន​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា ជ្រើសតាំង​ឲ្យ​រូបនាង ឲ្យ​ធ្វើជា​សមាជិក​សហព័ន្ធ​៕   
​ 

Tag:
 ប៊ីយ៉ា និង​ស្នូកឃ័រ​
  ស្រួ​ង ភា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com