ជាតិ
ប្រធានាធិបតី​ចិន​៖ «​ខ្ញុំ​ជួប​សម្ដេច សីហមុនី និង​សម្ដេចម៉ែ ដូច​ជួប​ក្រុមគ្រួសារ​»
20, Sep 2018 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង និង​ភរិយា​លោកស្រី ផេង លី​យ័ន បាន​ចូលគាល់​ព្រះមហាក្សត្រ​សម្ដេច​នរោត្តម សីហមុនី និង​សម្ដេចម៉ែ កាលពី​ថ្ងៃទី​១៩ កញ្ញា នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅក្នុង​ឱកាស​ពិធី Mid-Autumn Festival របស់​ចិន​។​

 
​ក្នុងឱកាស​ជួប​សម្ដែង​ការគួរ​សមនេះ លោក ស៊ី ជីន​ភីង បាន​លើកយក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មក​និយាយថា ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ភាពស្និទ្ធស្នាល​ពិសេស ដែលមាន​ច​រិ​ក​លក្ខណៈ បង្ហាញ​ពី​មនោសញ្ចេតនា​ប្រវត្តិសាស្ត្រ​ស៊ីជម្រៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ការិយាល័យ​ព័ត៌មាន នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​។​
 
​ត្រង់ចំណុច​នេះ​លោក ស៊ី ជីន​ភីង បាន​រំឭក​ពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រយៈពេល​៦០​ឆ្នាំ​មក ដោយ​ស្នា​ព្រះ​ហ​ស្ថ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និង​ប្រមុខ​ដឹកនាំ​ចិន ជំនាន់​មុន ដែល​កំពុងមាន​ការរីក​លូតលាស់ និង​រស់​រវើក​ជា​បន្ត​បន្ទាប់​។ អម​ជាមួយ​ការសរសើរ លោក ស៊ី ជីន​ភីង បាន​និយាយថា ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​សម្ដេចម៉ែ បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​ទំនាក់ទំនង​ទ្វេរ​ភាគី​។ លោក ស៊ី ជីន​ភីង បន្ថែមថា ចិន​ផ្ដល់​តម្លៃ​លើ​មិត្តភាព​ពិសេស​ជាមួយ​ក្រុមគ្រួសារ​ខ្សែ​រាជវង្ស​កម្ពុជា​។​
 
«​ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ននេះ ខ្ញុំ​បាន​ជួប​ជាមួយ​សម្ដេចព្រះ​នរោត្តម សីហមុនី និង​សម្ដេចម៉ែ ជា​រៀងរាល់ឆ្នាំ ដែល​ដូចជា​ការជួបជុំ​រវាង​សមាជិកគ្រួសារ​មួយ​។​ហើយ​ខ្ញុំ​និង​សម្ដេចព្រះ​នរោត្តម សីហមុនី បាន​ឈានដល់​ការព្រមព្រៀង​សំខាន់​មួយ ស្តីពី​ការទទួលបាន​កេរ្តិ៍ដំណែល​(​ទំនាក់ទំនង​) និង​ការបន្ត​ឆ្ពោះ​ទៅជា​មិត្តភាព​ប្រពៃណី ដែល​នាំមក​នូវ​ទំនាក់ទំនង​ល្អ​បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ប្រធានាធិបតី​ចិន ដែល​បាន​បន្ថែមថា លោក​តែងតែ​អំពាវនាវ​ជារឿយ ឲ្យ​មន្ត្រីជាន់ខ្ពស់​គ្រប់លំដាប់​ថ្នាក់​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ប្រជាជន​ផងដែរ ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ប្រៀបដូចជា​សាច់ញាតិ​។​
 
​ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ក៏មាន​អារម្មណ៍​ដូចជា​ការជួបជុំ​សមាជិក​ក្រុមគ្រួសារ​ផងដែរ នៅពេលដែល​បានឃើញ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង និង​ភរិយា​។ ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា​គឺ​ពិតជា​ដឹងគុណ​ចំពោះ​ក្រុមហ៊ុន​ចិន និង​ការ​ផ្ដល់ជំនួយ​ដ៏​រឹងមាំ ហើយ​យូរអង្វែង​របស់​ចិន ព្រមទាំង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​»​។​
 
​បើតាម​លោក ស៊ី ជីន​ពីង ចិន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ទំនាក់ទំនង​របស់ខ្លួន ជាមួយ​កម្ពុជា ហើយនឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បន្ត​ឆ្ពោះ​ទៅជា​មិត្តភាព​ប្រវត្តិសាស្ត្រ និង​ដំណើប​ន្ត​លើ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​៕
 

Tag:
 ព្រះមហាក្សត្រ​
  សម្ដេចម៉ែ​
  ស៊ី ជីន​ភីង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com