កីឡាជាតិ
ជាតិ
ទោះស្ថិតក្នុងស្ថានភាពរបួស តែវិសាខា បន្តកិច្ចសន្យា២ឆ្នាំឲ្យ រស់ សំអឿន
×
ខ្សែបម្រើការពារ រស់ សំអឿន ដែលកំពុងញាំញីដោយរបួស បានចុះកិច្ចសន្យាពីរឆ្នាំបន្ថែមលេងឲ្យក្លិបវិសាខា សម្រាប់រដូវកាលឆ្នាំ២០១៩ និង២០២០។ យ៉ាងហោចណាស់ខ្សែបម្រើរូបនេះ ត្រូវសម្រាករយៈពេល៨ខែ ដើម្បីព្យាបាលរបួសជង្គង់ ដែលបានវះកាត់កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ។ រស់ សំអឿន ដែលទទួលបានការចំណាយទាំងស្រុងពីក្លិបវិសាខា បានអរគុណដល់ថ្នាក់ដឹកនាំក្លិប ដែលបានផ្តល់កិច្ចសន្យាថ្មីសម្រាប់រូបគេ។
កីឡាករ រស់ សំអឿន បានបញ្ជាក់ថា រូបគេត្រូវបានក្លិបវិសាខាផ្តល់កិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំ ទោះបីបច្ចុប្បន្នគេកំពុងសម្រាកព្យាបាលរបួសក៏ដោយ។ ខ្សែបម្រើរូបនេះបន្តថា គេត្រូវសម្រាកពី៨ខែទៅ១ឆ្នាំ ដើម្បីព្យាបាលរបួសជង្គង់ ដែលបានវះកាត់កាលពីខែសីហា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម។ តែបើគេអាចតមអាហារតាមការណែនាំរបស់គ្រូពេទ្យ និងព្យាយាមហ្វឹកហាត់ខ្លួនឯង រូបគេអាចចំណាយពេលត្រឹមតែ៦ខែប៉ុណ្ណោះ អាចចូលរួមហ្វឹកហាត់វិញបាន។
«សម្រាប់កិច្ចសន្យាក្លិបបានផ្តល់កិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំទៀតដល់រូបខ្ញុំ។ សម្រាប់ខ្ញុំ មិនប្រាកដថា អាចលេងបាន១០០ភាគរយតាមការកំណត់របស់គ្រូពេទ្យនោះទេ តែខ្ញុំនឹងព្យាយាមធ្វើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ»។ នេះការលើកឡើងរបស់កីឡាករ រស់ សំអឿន។
ក្រោយសម្រាកព្យាបាលអស់រយៈពេលជិតកន្លះខែ មុខរបួសវះកាត់ជង្គង់របស់ខ្សែបម្រើខាងលើ បានជាសះស្បើយប្រមាណ៣០ភាគរយហើយ។ អតីតកីឡាកររបស់បឹងកេតរូបនេះ បានរងរបួសជង្គង់អំឡុងពេលហ្វឹកហាត់ជាក្រុមវិសាខា កាលពីខែសីហា ឆ្នាំ២០១៨។ បន្ទាប់ពីនោះ រូបគេក៏អវត្តជាមួយក្រុមវិសាខា សម្រាប់ជំនួបពានរង្វាន់សម្តេច ហ៊ុន សែន និងក្របខណ្ឌខេមបូឌានលីគផងដែរ។
រស់ សំអឿន បានអរគុណដល់អ្នកគាំទ្រដែលបានផ្ញើសារជូនពរឲ្យរូបគេឆាប់ជាសះស្បើយ ពិសេសអរគុណដល់ថ្នាក់ដឹកនាំក្លិបវិសាខា ដែលបន្តកិច្ចសន្យាដល់រូបគេ និងផ្គង់ផ្គង់ការចំណាយលើថ្លៃព្យាបាល និងចំណាយផ្សេងៗ។ ខ្សែបម្រើរូបនេះ បានផ្ទេរពីក្លិបបឹងកេតទៅលេងឲ្យក្លិបវិសាខា កាលពីដើមរដូវកាលឆ្នាំ២០១៨៕
Tag:
រស់ សំអឿន
វិសាខា
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com