ភ្នំពេញ៖ ជាទូទៅ នៅក្នុងពិធីខួបកំណើត គេច្រើនតែសង្កេតឃើញ មិត្តភក្តិ សាច់ញាតិ ជូនពរឲ្យគ្នាទៅវិញទៅមកតាមពាក្យសម្តីធម្មតា ដូចជា «សូមឲ្យមានសុខភាពល្អ អាយុយឺនយូរ រកស៊ីទទួលទានឲ្យបានចម្រុងចម្រើន»។ល។ ឬក៏ទិញអំណោយជូនម្ចាស់ខួបកំណើតជាដើម។ ប៉ុន្តែសម្រាប់លោក ជ័យ ចាប (ឈ្មោះអ្នកនិពន្ធ ចាប ពូក) សាស្ត្រាចារ្យអក្សរសាស្ត្រ-អក្សរសីល ឬសេ្តចកំណាព្យ វិញ លោកបានជូនពរលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរជាទម្រង់កំណាព្យនៅលើទំព័រហ្វេសប៊ុក។
ខាងក្រោមនេះ គឺជាការជូនពររបស់សេ្តចកំណាព្យ ចាប ពូក (ជ័យ ចាប) ជាកំណាព្យទៅកាន់លោក ច័ន្ទ សំណព្វ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨កន្លងមក។
+ថ្ងៃនេះ ពិសេសជាងធម្មតា
ថ្ងៃនេះ អស្ចារ្យជុំញាតិមិត្ត
ថ្ងៃនេះ កំណើតនៃជីវិត
ថ្ងៃនេះ កើតពិតនិត្យអ្នកម៉ែ ។
+ ជូនពរ សូមមានសុខសួស្ដី
ជូនពរ សិរី រយឆ្នាំខែ
ជូនពរ សុខភាពល្អហូរហែ
ជូនពរ ជួបតែស្នេហ៍ភក្ដី !!!
+ ខួបដ៏ បវរសែនសប្បាយ
ខួបដ៏ ក្អាកក្អាយក្អែសំដី
ខួបខាំ នំ Cake ខួបឆ្នាំថ្មី
ខួបឱ មេឃដីតាមថែថួន ។
+ សូម ពុទ្ធពរដ៏ប្រត្យក្ស
សូម ឈ្នះឧបស័គ្គទិសទាំងបួន
សូម មានយសស័ក្ដិជាក់មាំមួន
សូម ឲ្យហំហួនរហូតហោង !!!
(ចាបពូក)
មួយរំពេចក្រោយមក លោក បណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ក៏ថ្លែងអំណរគុណបែបកំណាព្យជូនទៅលោក ជ័យ ចាប វិញយ៉ាងដូច្នេះថា៖
អរគុណលោកគ្រូលោកកវី
ចំពោះពរជ័យដ៏បវរ
ឱនកាយទទួលដោយអំណរ
ដោយចិត្តស្មោះសចិត្តជ្រះថ្លា។
កំណាព្យចុងចួនផ្ទួនរណ្ដំ
ន័យធៀបន័យចំល្អអស្ចារ្យ
ពិតជាកវីជាគ្រូតា
ខ្ញុំសុំហៅថាស្ដេចកំណាព្យ។
បណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ