អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​មនុស្ស​យន្ត​មាន​រូបរាង​ដូច​មនុស្ស​ធ្វើ​ឲ្យ​មនុ​ស្សមាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​?
20, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ឡូ​ស អេ​ន​ជេ​ឡេស ៖ មនុស្ស​យន្ត​កាន់តែច្រើន​ឡើង​ត្រូវបាន​បង្កើត និង​រចនា​ឡើង​ឲ្យ​ធ្វើការ​ជាមួយនឹង​មនុស្ស នៅក្នុង​បរិយាកាស​រស់នៅ​ធម្មតា​របស់​មនុស្ស​។ ករណីនេះ​មានន័យថា មនុស្ស​យន្ត​ត្រូវតែ​បង្កើតឡើង​តាម​បែបបទ​របស់​មនុស្ស ដោយសារតែ​មនុស្ស​យន្ត​មួយចំនួន​ត្រូវ​ដើរ និង​អង្គុយ​ដូច​មនុស្ស​។ មនុស្ស​យន្ត​ខ្លះទៀត​ត្រូវបាន​ធ្វើឡើង​ឲ្យ​មើលទៅ​ដូចជា​មនុស្ស​ពិតប្រាកដ​តែម្ដង​។​

 
​ប៉ុន្តែ​ការ​ឃើញ​មនុស្ស​យន្ត android ដែលជា​មនុស្ស​យន្ត​មាន​រូបរាង​ដូច​មនុស្ស​ពិតប្រាកដ​នេះ អាចធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​។ អារម្មណ៍ ឬក៏​បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ​នេះ ត្រូវបាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា uncanny valley​។​
 
​សូម្បីតែ​អ្នកស្រាវជ្រាវ​ដែល​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​មនុស្ស​យន្ត​នេះ ក៏មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ​។​
 
​លោក Jonathan Gratch ប្រធាន​ផ្នែក​ស្រាវជ្រាវ​មនុស្ស​និមិត្ត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​របស់​សាកលវិទ្យាល័យ Southern California បាន​និយាយថា​៖ «​ខ្ញុំ​ដឹងថា មនុស្ស​យន្ត​ដំណើរការ​យ៉ាងម៉េច​។ ខ្ញុំ​ដឹងថា មនុស្ស​យន្ត​គឺ​គ្រាន់តែ​ជា​គ្រឿង​ម៉ាស៊ីន​តែប៉ុណ្ណោះ​។ ប៉ុន្តែ អ្វីមួយ​ដែល​មើលទៅ​ដូចជា​មនុស្ស​បេះបិទ ប៉ុន្តែ​មិនមាន​ចលនា​ឲ្យ​ដូច​មនុស្ស​ពិតប្រាកដ​នេះ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​ក្នុង​ចិត្ត​នោះទេ​»​។​
 
​លោក Jonathan Gratch ដែលជា​សាស្ត្រាចារ្យ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ផ្នែក​ចិត្តសាស្ត្រ​រូបនេះ ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​កុំព្យូទ័រ​។​
 
​លោក​បាន​និយាយថា មាន​ហេតុផល​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​មាន «​បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ​» នេះ​កើតឡើង​។ ហេតុផល​មួយ​គឺថា វា​ជា​កត្តា​ជីវសាស្ត្រ​។ មនុស្ស​មាន​ញាណ​ពី​កំណើត​ក្នុង​ការដឹង​ភ្លាមៗ​នៅពេលដែល​អ្វីមួយ​មិន​ទៅ​ខុស​ប្រក្រតី​។​
 
​លោក Jonathan Gratch និយាយថា​៖ «​នៅក្នុង​ការស្រាវជ្រាវរ​បស់​ខ្ញុំ ខ្ញុំ​បាន​សិក្សា​ពី​អារម្មណ៍ និង​ពី​វិធី​ដែល​យើង​ប្រើ​សញ្ញា​អារម្មណ៍​ដើម្បី​ស្វែងយល់​ពី​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។ ហើយ​ខ្ញុំ​គិតថា បញ្ហា​ជាច្រើន​សម្រាប់​ខ្ញុំ​គឺថា ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​អ្វីមួយ​ឲ្យ​មាន​លក្ខណៈ​ដូច​អ្វីមួយ​ពិតប្រាកដ នោះ​អ្នកនឹង​ចាប់ផ្ដើម​ព្យាយាម​ស្វែងយល់​ពី​ព័ត៌មាន​ទាំងអស់នេះ​តាម​អ្វីដែល​ព័ត៌មាន​នោះបាន​បង្ហាញ ហើយ​ព័ត៌មាន​នោះ​គឺជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​។ ដូច្នេះ យើង​ឃើញថា មាន​អ្វីមួយ​មិន​ត្រឹមត្រូវ​នៅក្នុង​ទំនាក់ទំនង​នេះ​»​។​
 
​ទ្រឹស្ដី​មួយទៀត​គឺថា មនុស្ស​យន្ត​ដែលមាន​រូបរាង​ដូច​មនុស្ស​ពិតប្រាកដ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថន័យ​នៃ​ការធ្វើជា​មនុស្ស​។​
 
​លោក Jonathan Gratch បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូង គេ​យល់ថា​មនុស្ស​គឺជា​តួអង្គ​តែមួយគត់​ដែលមាន​បញ្ញា​។ ប៉ុន្តែ ឥឡូវនេះ យើង​ដឹង​កាន់តែច្រើន​ថា សត្វ​អាចធ្វើ​រឿង​ជាច្រើន​ដែល​យើង​អាចធ្វើ​បាន ដូចជា​បង្កើត​វត្ថុ​ប្រើប្រាស់​នានា​ជាដើម​។ យើង​ដឹងថា ម៉ាស៊ីន​ចាប់ផ្ដើម​កាន់​តែមាន​បញ្ញា​ហើយ​។ យើង​នៅតែ​ជឿជាក់​លើ​ការពិត​ដែលថា មនុស្ស​គឺជា​តួអង្គ​ដែលមាន​មនោសញ្ចេតនា​។ ប៉ុន្តែ​ឥឡូវនេះ មនុស្ស​យន្ត​ទាំងនេះ​ក៏​ចាប់ផ្ដើម​មាន​មនោសញ្ចេតនា​ដូច​មនុស្ស​ផងដែរ ដែល​នេះ​អាចជា​ករណី​រំខាន​មួយ​។ ដូច្នេះ តើ​មនុស្ស​យើង​នឹង​ទៅជា​យ៉ាងណា​ទៅ​?»​។​
 
​លោក​បាន​បន្តថា ជំនឿ​សាសនា និង​វប្បធម៌​របស់​មនុស្សម្នា​ក់ ប្រហែលជា​ដើរតួ​នៅក្នុង​ការស្វែងយល់​អំពី​មនុស្ស​យន្ត android នេះ​ផងដែរ ដោយ​លោក​និយាយ​ដូច្នេះ​ថា​៖ «​នៅក្នុង​ប្រពៃណី​បស្ចិមប្រទេស ដែលមាន​ប្រភពពី​សាសនា​គ្រិស្ត មនុស្ស​គឺ​ពិសេស​ខុសគេ ប្រហែលជា​ត្រង់​ថា មនុស្ស​មានព្រលឹង​។ ចំណែកឯ​នៅក្នុង​វប្បធម៌​សាសនា Shinto របស់​ប្រទេស​ជប៉ុន​វិញ ព្រលឹង​គឺមាន​គ្រប់​ទីកន្លែង​ទាំងអស់ សូម្បីតែ​នៅក្នុង​ថ្ម ឬក៏​ក្នុង​ម៉ាស៊ីន​ក៏ដោយ​»​។​
 
​លោក John Rebula គឺជា​បេក្ខជន​ថ្នាក់​ក្រោយ​បណ្ឌិត​នៃ​សាកលវិទ្យាល័យ Southern California ហើយ​លោក​កំពុងធ្វើការ​បង្កើត​មនុស្ស​យន្ត​ដែលមាន​រូបរាង​ដូច​មនុស្ស ឲ្យ​ចេះ​ដើរ​ឲ្យ​កាន់តែ​ដូច​មនុស្ស​។ កម្មវិធី​ដែល​លោក​ប្រើ​មានដូចជា​លទ្ធភាព​ដើរ​ឡើងលើ​ជណ្ដើរ និង​អង្គុយ​នៅលើ​កៅអី​ដែល​ធ្វើ​សម្រាប់​មនុស្ស​។ លោក​បាន​និយាយថា មុខរប​ស់មនុស្ស​យន្ត​គឺ​មិន​សំខាន់​នោះទេ ហើយ​មើលទៅ​គឺមាន​ការប្រើ​គ្រឿងសំអាង​ច្បាស់ៗ​តែម្ដង​។​
 
​លោក John Rebula និយាយថា​៖ «​យើង​ពិតជា​គិតថា មនុស្ស​យន្ត​ទាំងនេះ​គឺជា​ម៉ាស៊ីន​ស្រាវជ្រាវ ដែល​យើង​អាច​បំបែកចេញ និង​ផ្គុំ​ឡើងវិញ​បាន​។ ដូច្នេះហើយ យើង​មានការ​ងាយស្រួល​បំផុត​នៅក្នុង​ការឈប់​ប្រើ​គ្រឿងសំអាង​»​។​
 
​មនុស្ស​យន្ត​របស់លោក​មាន​ភ្នែក ត្រចៀក និង​ច្រមុះ​ដូច​តុក្កតា​។ យើង​អាច​ចាត់ទុក​វា​ថា​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រលាញ់​។ ប៉ុន្តែ ប្រសិនបើ​មនុស្ស​យន្ត​មាន​រូបរាង​ដូចជា​មនុ​ស្ស លោក John Rebula បាន​និយាយថា លោក​នឹងមិន​ចាំបាច់​ចង់​នៅក្នុង​មន្ទីរពិសោធន៍​ជាមួយនឹង​មនុស្ស​យន្ត​នោះ​គ្រប់ពេល​នោះទេ​។​
 
​លោក​បាន​និយាយ​ដូច្នេះ​ថា​៖ «​យើង​ធ្លាប់​បានធ្វើការ​ក្នុង​មន្ទីរពិសោធន៍​រហូតដល់​ពេលយប់​ជាច្រើន​ដង​។ ពេលខ្លះ យើង​ខឹង​ក៏​ស្រែក​ដាក់​មនុស្ស​យន្ត​នោះ​ថា ហេតុអ្វី​បានជា​អ្នក​មិន​ដំណើរការ​? ខ្លួន​ខ្ញុំ​ផ្ទាល់ មិនចាំបាច់​ត្រូវការ​រឿង​ចម្លែក​មួយ​ជាន់​ទៀត​នោះទេ​»​។​
 
​អ្នក​ដែល​បង្កើត​មនុស្ស​យន្ត​ទាំងនេះ​ឲ្យ​ធ្វើការ​ជាមួយ​មនុស្ស តែងតែ​គិតដល់ «​បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ​» នេះ នៅពេលដែល​ពួកគេ​គិត​អំពី​រូបរាង​របស់​មនុស្សយ​ន្ត និង​អំពី​ថា​តើ​មនុស្ស​យើង​ទទួលស្គាល់​មនុស្ស​យន្ត​នេះ​បាន​ដល់​កម្រិតណា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com