អន្តរជាតិ
លោក ស៊ី ប្រាប់មេទ័ពប៉ាគីស្ថានថា ទំនាក់ទំនងចិន-ប៉ាគីស្ថានរឹងដូចដែកថែប ឧត្តមសេនីយ៍ប៉ាគីស្ថាន-Qamar-Javed-Bajwa-នាជំនួបជាមួយប្រធានាធិបតីចិន-ស៊ី-ជិនភីង-(រូបភាព-Xinhua)
×
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៩ ខែកញ្ញា បានប្រាប់ប្រមុខកងទ័ពប៉ាគីស្ថាន Qamar Javed Bajwa ថា ចិនឲ្យតម្លៃខ្ពស់បំផុតលើទំនាក់ទំនងទ្វេភាគី ហើយជឿថា គម្រោងសេដ្ឋកិច្ចដ៏ធំចំណុះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី នឹងទទួលជោគជ័យ។ លោក ស៊ី និយាយបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីប៉ាគីស្ថានលើកគំនិតផ្អាគម្រោងរបស់ចិនសិន ដែលនេះធ្វើឲ្យក្រុងប៉េកាំងបារម្ភពីបរាជ័យនៃគំនិតផ្ដួចផ្ដើមដ៏ធំរបស់ខ្លួន។ យ៉ាងណា លោក Bajwa ប្រាប់លោក ស៊ី វិញថា ប៉ាគីស្ថានគាំទ្រគម្រោងរបស់ចិន។
ប្រធានាធិបតីចិន ស៊ី ជិនភីង បានជួបជាមួយមេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថានដ៏មានឥទ្ធិពល Qamar Javed Bajwa ដែលធ្វើទស្សនកិច្ចនៅទឹកដីចិន។ ឧត្តមសេនីយ៍ Bajwa គឺជាមន្ត្រីជាន់ខ្ពស់ដំបូងគេរបស់ប៉ាគីស្ថានដែលធ្វើដំណើរទៅកាន់ចិនបន្ទាប់ការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយអតីតកីឡាករគ្រីឃីត Imran Khan ។ ទស្សនកិច្ចរបស់មេទ័ពរូបនេះ ក៏ធ្វើឡើងបន្ទាប់ពីសមាជិករដ្ឋាភិបាលលោក Khan ចង់ផ្អាគម្រោងដ៏ធំរបស់ចិននៅប៉ាគីស្ថាន។
ក្នុងជំនួបនោះ លោក ស៊ី បានប្រាប់លោក Bajwa ថា ចិន និងប៉ាគីស្ថាន គឺជាមិត្តដែកថែប ហើយចិនតែងតែផ្ដល់តម្លៃពិសេសសម្រាប់ទំនាក់ទំនងនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រមុខរដ្ឋចិនបន្តថា ប្រទេសទាំងពីរដែលជាដៃគូកិច្ចសហប្រតិបត្តិការល្អគ្រប់រដូវ តែងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ។ លោកក៏បង្ហាញការអរគុណចំពោះប៉ាគីស្ថានដែលផ្ដល់ការគាំទ្រ និងការការពារសុវត្ថិភាពសម្រាប់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងគម្រោងច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែរ។
សម្រាប់លោក ស៊ី ការជឿទុកចិត្តទៅវិញទៅមករវាងភាគីទាំងពីរ ព្រមគ្នានឹងការចាត់វិធានការជាក់ស្ដែងនោះ ការសាងសង់គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន នឹងទទួលបានជោគជ័យ និងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។ យ៉ាងណាមិញ រដ្ឋាភិបាលថ្មីរបស់ប៉ាគីស្ថាន ហាក់មិនពេញចិត្តនឹងគម្រោងដ៏ធំនេះទេ ស្របពេលមានការព្រមានពីបញ្ហាបំណុលផង។ រដ្ឋមន្ត្រីពាណិជ្ជកម្ម Abdul Razak Dawood នៅថ្ងៃទី១៨ ខែកញ្ញា បានស្នើផ្អាកគម្រោងនេះមួយឆ្នាំសិន។
ទោះជាយ៉ាងណា ចំពោះមុខលោក ស៊ី ប្រមុខកងទ័ពប៉ាគីស្ថានអះអាងថា ប៉ាគីស្ថានគាំទ្រគំនិតផ្ដួចផ្ដើមរបស់ចិន ហើយយកចិត្តទុកជាយុទ្ធសាស្ត្រលើទំនាក់ទំនងជាមួយចិនផងដែរ។ លោក Bajwa ក៏ប្រកាសដែរថា ក្រុងអ៊ីស្លាម៉ាបាដ តែងតែឈរជាមួយក្រុងប៉េកាំងលើសំណុំរឿងដែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសទាំងពីរ។ លើសពីនោះ មេទ័ពរូបនេះក៏អរគុណចិនដែលជួយប៉ាគីស្ថានលើវិស័យជាច្រើន។
ការប្រកាសគាំទ្ររបស់ប្រមុខយោធាប៉ាគីស្ថានលើគម្រោងទំហំរាប់ពាន់លានដុល្លាររបស់ចិន ទំនងធ្វើឲ្យមេដឹកនាំចិនធូរចិត្តខ្លះ ព្រោះគំនិតប្រឆាំងគម្រោងរបស់ខ្លួននៅប៉ាគីស្ថានហាក់កើនឡើងគួរឲ្យកត់សម្គាល់។ នេះក៏ព្រោះ យោធាប៉ាគីស្ថានជាតួអង្គដ៏មានឥទ្ធិពលមួយក្នុងនយោបាយ ដែលទទួលខុសត្រូវលើការងារសន្តិសុខ និងនយោបាយការបរទេសសំខាន់ៗ៕
Tag:
ចិន
ប៉ាគីស្ថាន
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com