ជាតិ
សត្វ​កន្ធាយ​ក្បាល​កង្កែប​ជិត​៦០០​ក្បាល ត្រូវបាន​អង្គការ​WCS​ប្រលែង​ទៅក្នុង​ទន្លេមេគង្គ​វិញ​
20, Sep 2018 , 8:19 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុក អង្គការWCS
រូបភាពបានពីហ្វេសប៊ុក អង្គការWCS
​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល Wildlife Reserve Singapore និង​សម្ព័ន្ធ​ដើម្បី​ការរស់រាន​ប្រភេទ​សត្វ​អណ្តើក (Turtle Survival Alliance) បាន​ប្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប ចំនួន​៥៦៥​ក្បាល ទៅក្នុង​ទីជម្រក​ធម្មជាតិ​នៅតាម​ដង​ទន្លេមេគង្គ​វិញ​។ ការ​ប្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ គឺ​បានមកពី​ការប្រមូល​ក្នុង​សំបុក​ការពារ​ដោយ​សហគមន៍​ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​គម្រោង​។ តាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS នា​ថ្ងៃទី​២០​កញ្ញា​។

 
 
​លោក ញូ​ន ចន្ទី អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ​WCS បាន​និយាយថា «​ការ​ប្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំនួន​សត្វ​កន្ធាយ​ក្បាល​កង្កែប​រស់នៅក្នុង​ធម្មជាតិ​។ តាមរយៈ​ការ​ប្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​សហគមន៍ ដោយ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​គាំទ្រ និង​ចូលរួម​អភិរក្ស ក៍​ដូចជា​ថែរក្សា និង​ការពារ​សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ប​នេះ​»​។​
 
​ជាមួយគ្នានេះ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល បាន​លើកឡើងថា ការការពារ​ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ពិតជា​ចាំបាច់​ណាស់​ដល់​ការថែរក្សា​កន្ធាយ​ក្បាល​កង្កែប កុំ​ឲ្យ​បាត់បង់​ពី​ពិភពលោក​។  លោក​បាន​បញ្ជាក់ថា «​ការប្រមូល​យក​ពង​កូន និង​ចាប់​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​ទៅ​លក់ និង​ធ្វើជា​អាហារ​គឺ​ត្រូវបាន​ចាត់ទុកជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា​»​។​


 
​ចាប់តាំងពី​ឆ្នាំ​២០០៧ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានការ​ពារ​សំបុក​ពង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៤០២​សំបុក និង​បាន​ប្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៩០៤៧​។ អង្គការ WCS បាន​បញ្ជាក់ថា កន្ធាយ​ក្បាល​កង្កែប គឺជា​ប្រភេទ​សត្វ ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN និង​ជា​ប្រភេទ​សត្វ​ដែល​ជិត​នឹង​ផុត​ពូជ នៅលើ​សាកលលោក​ផងដែរ​៕  
 

Tag:
 កន្ធាយ​ក្បាល​កង្កែប​
  ទន្លេមេគង្គ​
  WCS
  ស្ទឹងត្រែង​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com