អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ចិន រិះគន់​ជំហរ​«​ឯកតោភាគី​និយម​»​របស់​អាមេរិក ក្រោយ​ដំឡើង​ពន្ធ​សងសឹក​ទំនិញ​អាមេរិក​
20, Sep 2018 , 5:22 pm        
រូបភាព
ថ្ងៃ​ពុធ​ទី ១៩ ខែកញ្ញា​នេះ នាយករដ្ឋមន្ត្រី​ចិន​ទិតៀន​ចំណាត់ការ​ឯកតោភាគីរ​បស់​សហរដ្ឋអាមេរិក​ដែល​បន្ត​ដំឡើង​ពន្ធ​ម្តង​ហើយ​ម្តងទៀត​ប្រឆាំង​ទំនិញ​នាំចូល​ពី​ចិន​ដែល​បង្ក​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​កាន់តែ​រីក​រាល​ដល​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​អះអាងថា វា​មានតែ​ការប្រឹក្សា​យោបល់​គ្នា​ទេ​ដែលជា​ដំណោះស្រាយ​ត្រឹមត្រូវ​។ 

​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ក្រុង Tianjin លោក លី ខឹឈាំ​ង (Li Keqiang) បាន​ថ្លែង​រិះគន់​សកម្មភាព​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​បន្ត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ជាមួយ​ខ្លួន ជាជាង​រក​ផ្លូវ​ក្នុងការ​ប្រឹក្សា​យោបល់​បញ្ចៀស​បញ្ហា​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច ចិន​បើកចំហរ​ក្នុង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ប្រយោជន៍​រួមគ្នា ហើយ​វា​រឿង​ចាំបាច់​បំផុត​ដែល​ប្រទេស​នានា​ត្រូវគោរព​គោលការណ៍​ពាណិជ្ជកម្ម​សេរី និង​ពហុភាគី​។ 
 
«​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​បន្ត​ការពារ និង​អនុវត្ត​គោលការណ៍​ពហុភាគី​និយម និង​សេរីភាព​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។ សម្រាប់​បញ្ហា​ដែល​កើតមានឡើង​នេះ គេ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​តាម​ការប្រឹក្សា​យោបល់ ហើយ​ការចេញ​វិធានការ​ឯកតោភាគី​មិន​ជួយ​អ្វី​ទាំងអស់​»​។ លោក លី និយាយ​ដូច្នេះ​។​
 
​តាមពិតទៅ សមរភូមិ​ដែល​ប្រើ​ពន្ធ​ច្បាំង​គ្នា​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន​យ៉ាងតិច ៨០០ មុខ​ផ្សេងគ្នា​រួមបញ្ចូល​ទាំង​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​, គ្រឿង​បរិក្ខារ​សុខាភិបាល និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​នៅ​ខែមិថុនា​។​
 
​បន្ត​មក សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង អាមេរិក​កំពុង​បន្ត​ឆាបឆេះ​កាន់តែខ្លាំង​ថែមទៀត​នៅ​សប្តាហ៍​នេះ​ក្រោយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​បន្ថែម​ពន្ធ ១០​ភាគរយ​លើ​ទំនិញ​ចិន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត (​ជំហាន​ទី​ពីរ​)​។ លោក​ថែមទាំង​គំរាម​ទៀតថា បើសិន​ចិន​ហ៊ាន​តដៃ អាមេរិក​នឹងដាក់​ពន្ធ​បន្ថែម​ជំហាន​ទី​បី​លើ​ទំនិញ​ចិន ២៦៧​ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ដែរ​។​
 
​យ៉ាងណាក៏ដោយ សង្គ្រាម​ពន្ធ​នេះ​មិនបាន​បញ្ចប់​ត្រឹម​ភាគី​ម្ខាង​ព្រម​ឱនក្បាល​តាម​ការ​គំរាម​របស់​ភាគី​ម្ខាង​ទៀតឡើយ​។ ថ្ងៃ​អង្គារ​ទី ១៨ ខែកញ្ញា​ម្សិលមិញ​នេះ រដ្ឋាភិបាល​ចេញ​បានប្រកាស​ដាក់​ពន្ធ​តប​វិញ​លើ​ទំនិញ​អាមេរិក ៦០​ពាន់​លាន​ដុល្លារ​ទៀត​ដែរ​។ 
 
​ការដាក់​បន្ថែម​ពន្ធ​រៀងខ្លួន​នេះ​កើតឡើង ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាមេរិក​លោក Steven Mnuchin អញ្ជើញ​សម​ភាគី​ចិន​ឲ្យ​ចូល​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពន្ធ​នេះដែរ ព្រោះ​វា​កំពុង​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​សកល​ខ្លាំង​ដែរ​។ ប៉ុន្តែ​ក្រោយ​មានការ​បន្ថែម​ពន្ធ​នេះ ភាគី​ចិន​បាន​ព្រមាន​ដែរ​ថា ស្ថានការណ៍​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​ឡើយ​សូម្បីតែ​ការចរចា​ឬ​ប្រឹក្សា​គ្នា​។​

អត្ថបទទាក់ទង

 
​កន្លងមកនេះ លោក ត្រាំ បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​ចិន​ព្យាយាម​ទម្លាក់​ថ្លៃ​លុយ​យ៉​ន់​ដើម្បី​ប្រឆាំងនឹង​ពន្ធ​ថ្មី​របស់​អាមេរិក​នេះ​។ លើ​ពី​ត្អូញត្អែ​ករឿង​ឱនភាព​ពាណិជ្ជកម្ម លោក ត្រាំ ក៏បាន​ចោទប្រកាន់​ផងដែរ​ថា ចិន​បន្ត​លួច​កម្មសិទ្ធិ​បញ្ហា​ក្រុមហ៊ុន​អាមេរិក និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ដើម្បី​បាន​ចូលក្នុង​ទីផ្សារ​របស់​ចិន​ផង​។​
 ប៉ុន្តែ​លោក លី ខឹឈាំ​ង បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​ដោយ​អះអាងថា ការទម្លាក់​តម្លៃ​លុយ​មាន​ផល​អវិជ្ជមាន​ច្រើន​ជា​វិជ្ជមាន ហើយ​ចិន​ក៏​មិន​ប្រើប្រាស់​វិធានការ​នេះ​ដើម្បី​គ្រាន់តែ​ជំរុញ​ការនាំចេញ​ដែរ​។​
 
​បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី​រូបនេះ បានលើកឡើង​ផងដែរ​ពី​ការបន្ត​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ចិន​នៅពេល​បច្ចុប្បន្ន ដែល​វា​ជា​ភស្តុតាង​មួយ​បង្ហាញថា សេដ្ឋកិច្ច​ចិន​មាន​សុខ​ភាពល្អ​។ ក្រៅពីនោះ ការគោរព​កម្មសិទ្ធិ​បញ្ហា (IP) ក៏មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ក្នុងប្រទេស​ចិន​។ ប៉ុន្តែ​មេដឹកនាំ​ចិន​រូបនេះ​ទទួលស្គាល់ថា វា​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ដែល​រាំងស្ទះ​ដល់​ការជំរុញ​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​អស់​សក្តានុពល​នោះ​។ បញ្ហា​ទាំងនោះ​រួមមាន​កង្វះ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង បញ្ហា​ប្រឈម​ផ្នែក​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​៕
 

Tag:
 ចិន
  សង្គ្រាមពាណិជ្ជកម្ម
  លី ខឹឈាំង
© រក្សាសិទ្ធិដោយ thmeythmey.com