អន្តរជាតិ
អាមេរិក ត្រៀម​ចរចា​ភ្លាមៗ​ជាមួយ​កូរ៉េខាងជើង ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ត្រឹម​ដើមឆ្នាំ​២០២១
20, Sep 2018 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​ស្វាគមន៍​ប្រកាស​ការប្ដេជ្ញាចិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង​ក្នុងការ​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​។ លោក ប៉ុ​ម​ប៉េ​អូ អះអាងថា ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួន​ស្រេច​ដើម្បី​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​ភ្លាមៗ សំដៅ​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​នៅក្នុង​ត្រឹម​ចុង​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នេះ​ជាស​ញ្ញា​នៃ​ការវិលត្រឡប់​រក​ការចរចា​ឡើងវិញ​រវាង​ភាគី​ទាំងពីរ ក្រោយ​ជាប់គាំង​ច្រើន​សប្ដាហ៍​មក​នោះ​។​

 
​ទាំង​ប្រ​ធា​ធិបតី ទាំង​រដ្ឋមន្ត្រីការបរទេស​របស់​អាមេរិក បាន​សាទរ​លទ្ធផល​ជំនួប​មេដឹកនាំ​កូរ៉េ​នៅ​ទីក្រុង​ព្យុងយ៉ាង ដែល​មេដឹកនាំ​កូរ៉េខាងជើង​បាន​សន្យា​ចាត់វិធានការ​ថែមទៀត​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ ក្រោយ​ជំនួប​ពីរ​ថ្ងៃ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​ជាថ្មី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ប្រែក្លាយ​ឧបទ្វីប​កូរ៉េ​ទៅជា​តំបន់​គ្មាន​នុយក្លេអ៊ែរ និង​ត្រៀមខ្លួន​បិទ​ទីតាំង​នុយក្លេអ៊ែរ​មួយទៀត បើ​អាមេរិក​ចាត់វិធានការ​តប​វិញ​ដែរ​។​
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​តាម Twitter របស់លោក និង​ចាត់ទុក​វា​ជា​រឿង​ដ៏​ល្អ និង​គួរ​ឲ្យ​រីករាយ​។ ចំណែកឯ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​ប្រកាស​ត្រៀម​ចរចា​ជាមួយ​កូរ៉េខាងជើង​ភ្លាម​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ប៉ុ​ម​ប៉េ​អូ ចាត់ទុក​ការប្ដេជ្ញាចិត្ត​ខាងលើ គឺ​រឿង​ដ៏​សំខាន់ ហើយ​អាមេរិក​ត្រៀម​រួចហើយ​ដើម្បី​ចាប់ផ្ដើម​ការចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​នៅ​បី​ឆ្នាំ​ទៀត​។​
 
​ស្របពេល​ស្ថាន​ភាពល្អ​បន្តិច​នោះ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​កូរ៉េខាងជើង រី យ៉ុង​ហូ និង​ត្រៀម​ជួបគ្នា​ទល់មុខ​នៅ​ទឹកដី​អាមេរិក ក្រៅ​ជំនួប​ប្រចាំឆ្នាំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សប្ដាហ៍​ក្រោយ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​អញ្ជើញ​មន្ត្រី​កូរ៉េខាងជើង​ឲ្យ​ជួប​ជាមួយ​តំណាង​ពិសេស​ទទួលបន្ទុក​កូរ៉េ​ខាងជើង Stephen Biegun នៅឯ​អូទ្រីស​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន​ផង​។​
 
​សម្រាប់​លោក ប៉ុ​ម​ប៉េ​អូ គម្រោង​ជំនួប​នៅ​ទីក្រុង​វី​យែ​ន គឺជា​ឱកាស​ចាប់ផ្ដើម​ការចរចា​ដើម្បី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​តាមរយៈ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ឲ្យ​បាន​ឆាប់ គឺ​នៅ​ខែមករា ឆ្នាំ​២០២១ ដែល​លោក គីម ក៏​សម្រេចចិត្ត​តាម​កាលបរិច្ឆេទ​នេះដែរ​។ លើសពីនោះ ការចរចា​នៅ​អូទ្រីស​ក៏​នឹង​ជួយ​បង្កើត​សន្តិភាព​យូរអង្វែង និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។ ការពង្រឹង​ទំនាក់ទំនង​ភាគី គឺ​អ្វីដែល​លោក ត្រាំ និង​លោក គីម សន្យា​គ្នា​កាលពី​ជំនួប​នៅ​សិង្ហ​បុរី​។​
 
​កូរ៉េខាងជើង​យល់ព្រម​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល Dongchang-ri និង​ជើង​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល ហើយ​កូរ៉េខាងជើង​នឹង​អញ្ជើញ​អ្នកជំនាញ​ពី​ប្រទេស​ពាក់ព័ន្ធ​ឲ្យ​ធ្វើជា​សាក្សី​ផង​។ ការបិទ​ទីតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​របស់ខ្លួន​នៅ Punggye-ri រួចមក​។ ក្រៅពី​សុខចិត្ត​បិទ​កន្លែង​បាញ់​មី​ស៊ី​ល​នេះ កូរ៉េខាងជើង​ក៏​ចង់​បន្ត​អនុវត្ត​ជំហាន​ផ្សេង​ដើម្បី​សម្រេច​ឲ្យ​បានការ​រំសាយ​នុយក្លេអ៊ែរ ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​ឆ្លើយតប​នឹង​ទង្វើ​របស់ខ្លួន​សិន​ដែរ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com