អន្តរជាតិ
អូស្ត្រាលី​ចរចា​បើក​មូលដ្ឋានទ័ព​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​
20, Sep 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ចរចា​បើក​មូលដ្ឋានទ័ព​នៅលើ​ទឹក​ដី​ប្រទេស ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ដើម្បី​ទប់ទល់​ការរីក​រាលដាល​នៃ​ឥទ្ធិពល​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​នោះ​។ មូលដ្ឋានទ័ព​នេះ​គឺ​ស្ថិតនៅលើ​កោះ​ម៉ា​នុស (Manus)​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


 
​ថ្ងៃ​ពុធ​ទី ១៩ ខែកញ្ញា របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា រដ្ឋាភិបាល​អូស្ត្រាលី​មាន​ផែនការ​អភិវឌ្ឍ​ឡើងវិញ​នូវ​មូលដ្ឋានទ័ព​មួយកន្លែង​នៅលើ​ទឹកដី​ប្រទេស ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ដើម្បី​បម្រើ​ប្រយោជន៍​យោធា​របស់ខ្លួន​ពេលអនាគត​។ 

អត្ថបទទាក់ទង

 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា គម្រោង​បង្កើត​មូលដ្ឋានទ័ព​នៅ​កោះ​ក្បែរ​ខាង​ខ្លួន​របស់​អូស្ត្រាលី​នេះ​គឺ​ត្រូវគេ​ដឹង​ក្រោយ​ពេលដែល​មន្ត្រី​ការពារជាតិ​អូស្ត្រាលី​ជាច្រើនរូប​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​កន្លងមក​។ មន្ត្រី​ទាំងនោះ​ទៅ​ត្រួត​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ឡើងវិញ​នូវ​មូលដ្ឋាន​យោធា​ដែលមាន​នៅលើ​កោះ​ម៉ា​នុស​។​
​គម្រោង​សាងសង់​មូលដ្ឋានទ័ព​របស់​អូស្ត្រាលី​នេះ​កើតឡើង​មុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដែល​នឹងត្រូវ​រៀបចំឡើង​នៅ ក្នុង​ខែវិច្ឆិកា​ខាងមុខ​នា​កំពង់ផែ Moresby​។ ហើយ​វា​ក៏​កើតឡើង​ក្រោយ​មាន​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​លោក Peter O’Neill ទៅកាន់​ក្រុង Brisbane ក្នុង​ខែកក្កដា​ដែរ​។ 
 
​ជុំវិញ​ផែន​សាងសង់​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison មិនបាន​បកស្រាយ​បំភ្លឺ​ឬ​ទាត់ចោល​ព័ត៌មាន​នេះឡើយ ដែល​វា​មាន​ភាគរយ​ច្រើន​ដែលថា គម្រោង​នេះ​អាចជា​ការពិត​។ នា​ថ្ងៃ​ពុធ​ទី ១៩ ខែកញ្ញា លោក​បាន​និយាយ​ដូច្នេះ​៖«​ប៉ាស៊ីហ្វិក​ជា​តំបន់​អាទិភាព​បំផុត​នៃ​ប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី​។ ប៉ុន្តែ​ខ្ញុំ​សូម​មិន​ផ្តល់យោបល់​អ្វី​ឡើយ​លើ​បញ្ហា​ទស្សន៍ទាយ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ​ព្រោះ​វា​ជា​រឿង​មិន​សមរម្យ​ឡើយ​»​។​
 
​តាមពិតទៅ​មហិច្ឆតា​របស់​អូស្ត្រាលី​ដែល​ប្រឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​កោះ​ប៉ាស៊ីហ្វិក និង​ពង្រឹង​តួនាទី​យោធា​តាមរយៈ​ការបើក​មូលដ្ឋានទ័ព​នៅ​បរទេស​នេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ដែល​កំពុង​ត្រដែត​ឡើង​ឥតមាន​ឈប់​។ ចិន​មាន​ឥទ្ធិ​ល​ខ្លាំង​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ហើយ​ថ្មីៗ​នេះ​ចិន​កំពុង​លួច​ចរចា​ជាមួយ​កោះ Vanuatu   ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការបើក​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ទីនោះ​ផង​។​
 
​ចំណែក​ឥទ្ធិពល​សេដ្ឋកិច្ច​វិញ កន្លងមក​ក្រុង​ប៉េកាំង​បាន​ជះ​លុយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ជំនួយ និង​កម្ចី​សម្រាប់​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​តូចៗ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែលជា​ដែនសមុទ្រ​យុទ្ធសាស្ត្រ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (BRI)​។  គិត​ចាប់ពី​ឆ្នាំ ២០០៦ ដល់​២០១៦ បើតាម​របាយការណ៍​វិទ្យា​ស្ថាន Lowvy របស់​អូស្ត្រាលី ចិន​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​រួមទាំង​កម្ចីសម្បទាន​ចំនួន ១,៧៨​ពាន់​លាន​ដុល្លារ​រួចទៅហើយ​។​
 
​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ដែលមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជា​ជាមួយ​បណ្តា​កោះ​នោះបាន​ព្រមាន​ថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវមាន​វិធានការ​រុញច្រាន​ឥទ្ធិពល​របស់​ចិន​ឲ្យ​ផុតពី​តំបន់​ទាំងមូល​ផង​។ កន្លងមក​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​ប្រកាសថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ផ្តល់​ជម្រើស​សម្រាប់​ប្រទេស​នានា ដោយ​ឲ្យ​ពួកគេ​អាច​បន្ថយ​ការពឹង​ផ្អែកលើ​ហិរញ្ញវត្ថុ​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​ចិន​៕

Tag:
 ចិន​
  អូស្ត្រាលី​
  ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
© រក្សាសិទ្ធិដោយ thmeythmey.com