កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង​ព្រម​ចាប់ដៃ​ជាមួយ​ខាងត្បូង ដើម្បី​រួមគ្នា​ដេញថ្លៃ​រៀប​អូឡាំពិក​ឆ្នាំ​២០៣២
08, Oct 2018 , 6:39 pm        
រូបភាព
​កូរ៉េខាងជើង​បាន​យល់ព្រម​លើ​សំណើ​របស់​កូរ៉េខាងត្បូង​ដើម្បី​ដេញថ្លៃ​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២​។ ការសម្រេច​នេះ​គឺ​បានប្រកាស​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នាទី​ក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​។​


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បន្ទាប់ពី​ទទួលបាន​ផ្លែផ្កា​ជាច្រើន​ពី​កិច្ចប្រជុំ​កំពូល​លើក​ទី​៣​នៅ​ទីក្រុង​ព្យុងយ៉ាង បងប្អូន​កូរ៉េ​ទាំងពីរ​ក៏បាន​យល់ព្រម​ចូលរួម «​រួមគ្នា​» នៅក្នុង​ការប្រកួត​ជា​លក្ខណ​អន្តរជាតិ​ដែល​រួមបញ្ចូល​ទាំង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ផងដែរ​។​
 
​និយាយ​រួម​ទៅ គំនិត​នៃ​ការដេញថ្លៃ​រួមគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ឆ្នាំ​២០៣២​នេះ បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​ដោយ​លោក​រដ្ឋមន្ត្រី​កីឡា​កូរ៉េខាងត្បូង Do Jong-hwan​។​
 
​លោក Do Jong-hwan ដែល​បានធ្វើ​ដំណើរ​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ បានរៀបចំ​សំណើ​ខាងលើនេះ​រួចជាស្រេច​ដើម្បី​យកទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។​


 លោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន ក្នុងជំនួបកំពូលលើកទី៣ នៅព្យុងយ៉ាង
 
​លោក​រដ្ឋមន្ត្រី​កីឡា​ពី​ក្រុង​សេ​អ៊ូ​ល​រូបនេះ បាន​លើកឡើងថា​ការសហការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះដែរ​នឹង​អាច​កសាង​ភាពជោគជ័យ​បន្ថែមទៀត​រវាង​ប្រទេស​ជាប់​របង​ទាំងពីរ បន្ទាប់ពី​ទទួលផល​វិជ្ជមាន​ច្រើន​ពី​កីឡា​អូឡាំពិក​រដូវរងា​កន្ល​ង​ទៅ​នៅ​ទីក្រុង​ព្យុង​ឆាង ដែល​ការចូលរួម​របស់​កូរ៉េខាងជើង​បាន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​
 
​ភាពល្អប្រសើរ​រវាង​កូរ៉េ​ទាំងពីរ​បានកើត​ឡើង​ផ្ទួនៗ​។ ក្នុងការ​ប្រកួត​កីឡា​អាស៊ី Asian Game នៅ​ឥណ្ឌូណេស៊ី​កន្លងទៅ ក្រុមកីឡា​ការិនី​កូរ៉េ​តែមួយ​ដែល​រួមបញ្ចូល​គ្នា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​អាច​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​១​ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀតផង​។​
 
​សម្រាប់​ការ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២​នេះដែរ ឥណ្ឌូណេស៊ី​ដែល​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ​ក៏បាន​ប្រកាស​ពី​ការដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទី​១​ពិភពលោក​នេះ​ផងដែរ​៕

Tag:
 កីឡា​អូឡាំពិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com