អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកជំនាញ​៖ អាមេរិក​រីករាយ​នឹង​ចែកតួនាទី​ដឹកនាំ​ពិភពលោក​ជាមួយ​ចិន ប៉ុន្តែ​ចិន​ទំនង​មិនទាន់មាន​លទ្ធភាព​ឡើយ​
20, Sep 2018 , 8:35 pm        
រូបភាព
កលោក Brad Glosserman ពេលជួបជាមួយអ្នកសារព័ត៌មានកម្ពុជានៅស្ថានទូតអាមេរិកនៅកម្ពុជាថ្ងៃ ១៩ ខែកញ្ញា​(​រូបភាព៖ស្ថាន​ទូត​អាមេរិក)
កលោក Brad Glosserman ពេលជួបជាមួយអ្នកសារព័ត៌មានកម្ពុជានៅស្ថានទូតអាមេរិកនៅកម្ពុជាថ្ងៃ ១៩ ខែកញ្ញា​(​រូបភាព៖ស្ថាន​ទូត​អាមេរិក)
ភ្នំពេញ​៖ អ្នកស្រាវជ្រាវ​អាមេរិក​លោក Brad Glosserman បញ្ជាក់ថា «​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ស្វាគមន៍​រាល់​គ្រប់ភាគី​រួមទាំង​ចិន​ផង​ដើម្បី​ភាព​រីកចម្រើន និង​ស្ថិរភាព​តំបន់​ទាំងមូល​។ អា​មេ​រិ​ក៏​ត្រៀមខ្លួន​ចែករំលែក​បន្ទុក និង​តួនាទី​សម្រាប់​ចិន​ក្នុងការ​ដឹកនាំ​ពិភពលោក​ដូចគ្នា​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ ចោទសួរ​ជុំវិញ​លទ្ធភាព​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច ក្នុង​ការផ្តល់​សុខុមាលភាព​និង ផលប្រយោជន៍​នានា​ដល់​ពិភពលោក​នាពេល​អនាគត​ដែរ​។ 

​ក្នុងការ​ពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ ១៩ ខែកញ្ញា លោក Brad Glosserman នាយករង​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការបង្កើត​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ​តា​ម៉ា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ពន្យល់​លម្អិត​ពី​និយមន័យ​នៃ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​ដែល​រដ្ឋបាល​អាមេរិក​កំពុង​ពពាយនាយ​រក​ការគាំទ្រ​ពី​ប្រទេស​ក្នុង​តំបន់​។ 

​អ្នកស្រាវជ្រាវ​ឯករាជ្យ​រូបនេះ​បាន​ពន្យល់ថា គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មិនមែនជា​រឿង​ថ្មី​ដែល​ទើប​បង្កើតឡើង ឬ​ទើបត្រូវ​ប្រើប្រាស់​ក្នុង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ឡើយ​។ លោក​ពន្យល់ថា សរសរ​ស្តម្ភ​ធំ​បី​នៃ​គោល​គំនិត​នេះ​គឺ យោធា សេដ្ឋកិច្ច និង​ការទូត ហើយ​វា​ក៏​ជា​ពាក្យ​គន្លឹះ​សម្គាល់​ភូមិសាស្ត្រ​នយោបាយ​ដែល​ប្រើប្រាស់​ក្នុង​គោលនយោបាយ​អាមេរិក​បច្ចុប្បន្ន​មកកាន់​
តំបន់​អាស៊ី​ទាំងមូល​៖ អាស៊ី​បូព៌ា​,​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ដែរ​។  

​លោក Glosserman បាន​រម្លឹកថា គោល​គំនិត​នេះ​ត្រូវ​បានលើកឡើង​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​ឥណ្ឌា​នាទី​ក្រុង​ញូ​ដែ​លី​ក្នុង​ឆ្នាំ ២០០៧​។ ត​មកដល់​អាណត្តិ​ដឹកនាំ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ដាក់ចេញ​គោលនយោបាយ​បង្កើន​តុល្យភាព​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី (Asia Rebalancing Strategy) ក៏បាន​ប្រើប្រាស់​ពាក្យ​គន្លឹះ​នេះ​ទៀត​ដើម្បី​កំណត់​ទីតាំង​ភូមិសាស្ត្រ​ក្នុង​គោលនយោបាយ​ការបរទេស​ខ្លួន​ដែរ​។​

១. អ្វី​ទៅ​«​គោល​គំនិត​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​សេរី និង​បើកចំហ​»? 

​អ្វីដែល​ថ្មី​នោះ​គឺ សេរីភាព និង​ការបើកចំហ​ដែល​ត្រូវបាន​លើកឡើង​ជា​ញឹកញាប់​ដោយ​ប្រធានាធិបតី​អាមេរិក និង មន្ត្រីជាន់ខ្ពស់​។ ឃ្លា​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ជា​លើកដំបូង​ក្នុង​សុន្ទរកថា​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន ដែល​ថ្លែង​ទៅកាន់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​នា​ខែតុលា​ឆ្នាំ ២០១៧​។​

 ជុំវិញ​អត្ថន័យ​រួម​នៃ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​នេះ លោក Glosserman បាន​ពន្យល់ថា សេរីភាព​គឺ​មានន័យថា រដ្ឋ​នីមួយៗ មាន​សិទ្ធិ​អធិបតេយ្យ​ពេញលេញ​ក្នុងការ​សម្រេចចិត្ត រួច​ផុតពី​ការគំរាមកំហែង ឬ​បង្ខិតបង្ខំ​ពី​ប្រទេស​ណាមួយ​។ បន្ថែម​ពីនេះ វា​ក៏​សំដៅលើ​ស្ថានភាព​ដែល​ប្រជាជាតិ​នីមួយៗ គោរព​ច្បាប់ រក្សា​គោលការណ៍​នីតិរដ្ឋ អភិបាលកិច្ច តម្លាភាព សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ដែរ​។​

​ចំណែក ការបើកចំហរ​នោះ លោក Glosserman បាន​ពន្យល់​បន្ថែមថា វា​សំដៅលើ​ការបើកចំហរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង សេដ្ឋកិច្ច​ក៏ដូចជា​វិនិយោគ​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​រួម ធានា​ស្ថិរភាព និង​វិបុលភាព​សហគមន៍​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​តែម្តង​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវគោរព​តាមច្បាប់​អន្តរជាតិ និង​ដោយ​សេរី និង​យុត្តិធម៌​ផងដែរ​។ 

បើតាម​ការពន្យល់​រប​ស់លោក Glosserman អាមេរិក​កំពុង​យកចិត្ត​ទុក​លើកស្ទួយ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ និង​សង្ឃឹម​ស្វែងរក​ការគាំទ្រ​ពី​តំបន់​ទាំងមូល​ផង​។ កន្លងមក រដ្ឋបាល​លោក ត្រាំ បន្ត​បង្កើត​យន្តការ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្រោម​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ជាក់ស្តែង​នៅ​ខែសីហា​កន្លងទៅ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ាន រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​គំនិត​ផ្តើ​ច​ផ្តើម​ថ្មី និង​ផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​ប្រទេស​ក្នុង​តំបន់​ទៀត​។​

​គំនិត​ផ្ដួចផ្ដើម​ទីមួយ​ផ្អែកលើ​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ទឹកប្រាក់​១១៣​លាន​ដុល្លារ​។ គំនិត​ផ្ដួចផ្ដើម​នេះ មាន​គោលដៅ​គាំទ្រ​វិស័យ​អាទិភាព​បី​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គឺ​សេដ្ឋកិច្ច​ឌីជីថល ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​ប្រកាស​ផ្ដល់​ហិរញ្ញវត្ថុ​ចំនួន​៣០០​លាន​ដុល្លារ​ទៀត​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ក្នុង​តំបន់​។​
 
២.​​ចិន​មិនទាន់​អាចមាន​លទ្ធភាព​ដឹកនាំ​ពិភពលោក​

 ខណៈដែល​មានការ​បកស្រាយ​ផ្សេងគ្នា​ខ្លះ​ថា វា​ជា​យុទ្ធសាស្ត្រ​ទប់ទល់​ឥទ្ធិពល​ចិន អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់ថា ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជា​ទស្សនវិស័យ​រួម​ដែល​មិន​ដកចេញ​ភាគី​ណាមួយ​ឡើយ​។ វា​ជា​យុទ្ធសាស្ត្រ​ដែល​លើកស្ទួយ​វិបុលភាព និង​សន្តិភាព​ក្នុង​តំបន់​។ អ្វីដែល​សំខាន់​នោះ​វា​គ្មាន​គោលដៅ​ណាមួយ​ប្រឆាំង​ការ​រះ​ត្រដែត​ឡើង​របស់​ចិន​ជា​មហាអំណាច​ឡើយ​។​

លោក Glosserman អះអាង​ដូច្នេះ​៖«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផ្តោតលើ​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ទាំងមូល​ជារួម​មិនមែន​ព្រោះតែ​ទប់ស្កាត់​ការ​ត្រដែត​ឡើង​របស់​ចិន ឬក៏​ផ្តោត​សំខាន់​លើ​តែ​ចិន​មួយ​ឡើយ​។ នេះ​ក៏ដោយ​សារ​សេដ្ឋកិច្ច​អាស៊ី​ទាំងមូល​កំពុង​រីកចម្រើន​លូតលាស់​ខ្លាំង​»​។ 
 
​ក្នុង​កិច្ចពិភាក្សា​នេះដែរ អ្នកជំនាញ​រូបនេះ​បាន​ពន្យល់​ផងដែរ​ថា គេ​ឃើញច្បាស់​ថា បច្ចុប្បន្ននេះ វា​មានការ​ប្រកួតប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​មាន​ប្រព័ន្ធ​នយោបាយ​សេរី និង មហាអំណាច​ដែល​ប្រកាន់​ប្រព័ន្ធ​នយោបាយ​រឹតត្បិត ដែល​សំដៅលើ​អាមេរិក និង​ចិន កំពុង​កើតមានឡើង​ខ្លាំង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​។ 

​ប៉ុន្តែ​លោក Glosserman យល់ថា វា​ជា​រឿង​សាមញ្ញ​ដែល​ចិន​បន្ត​រីកលូតលាស់​ទៅមុខ​ទាំង​សេដ្ឋកិច្ច សង្គម និង​យោធា​។ ចំណែក​ការពង្រឹង​អំណាច​យោធា​នោះ​ទៀត​នោះ រឹតតែ​មិនមាន​អ្វី​ចម្លែក​ទៀត ដ្បិតអី​ចិន​ត្រូវ​ដោះស្រាយ​បញ្ហា​ច្រើន​នៅក្រៅ​ប្រទេស​។​

​ពេល​សាកសួរ​បន្ថែមថា តើ​អាមេរិក​ត្រៀមខ្លួន​ផ្តល់​ចំណែក​ណាមួយ​សម្រាប់​មហា​អំណាច​ថ្មី​ដូចជា​ចិន​ក្នុង​ការជួយ​ដោះស្រាយ​ឬ​ដឹកនាំ​ពិភពលោក​ហើយ​ឬ​យ៉ាងណា​នោះ លោក Glosserman បាន​ឆ្លើយតប​ថា អាមេរិក​ត្រៀមខ្លួន និង​សប្បាយចិត្ត​ដែរ បើសិន​ចិន​អាចរួមចំណែក​ទទួលខុស​ត្រូវ​ដោះស្រាយ​បញ្ហា​ពិភពលោក​នោះ​។ 

​យ៉ាងណាមិញ លោក​នៅមាន​មន្ទិលសង្ស័យ​ជុំវិញ​មហិច្ឆតា និង​លទ្ធភាព​របស់​ចិន​ក្នុង​ការផ្តល់​សុខុមាល ភាព និង​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល​ដូចដែល​អាមេរិក​និង​មហាអំណាច​ផ្សេងទៀត​បានធ្វើ​កន្លងមក​។  ការធានា​ប្រយោជន៍ និង​សុខុមាលភាព​នោះ​គឺ ផ្តោតលើ​ការរួមចំណែក​ផ្តល់​ហិរញ្ញវត្ថុ រក្សា​នីតិរដ្ឋ លើកកម្ពស់​សិទ្ធិមនុស្ស និង​គោលការណ៍​ផ្សេងទៀត​ដែល​អាច​ធានា​ដល់​ការរីកចម្រើន​ជា​និរន្តរភាព​ក្នុង​តំបន់​ទាំងមូល​។ 

​លោក Glosserman និយាយ​បែបនេះ​៖ «​សំណួរ​ដែល​យើង​ត្រូវ​ចោទសួរ​ពេលនោះ​គឺថា តើ​ចិន​នឹង​អាចមាន​លទ្ធភាព​នាំមក​នូវ​ភាពរុងរឿង និង​សុខុមាលភាព​ដល់​ពិភពលោក​ទាំងមូល​ឬ​អត់​? ឬក៏​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ជាធំ​?

 «​ចំណុច​មួយទៀត តើ​គុណ​តម្លៃ​អ្វី​ឲ្យ​ពិតប្រាកដ​ដែល​មហាអំណាច​ចិន​នេះ​ព្យាយាម​លើកស្ទួយ​នៅពេល​អនាគត​?» លោក Glosserman អធិប្បាយ​ដូច្នេះ ដោយ​សំដៅលើ ប្រព័ន្ធ​ដឹកនាំ​នយោបាយ​បិទ និង គ្មាន​ការ​ឲ្យ​តម្លៃ​លើ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​បុគ្គល​ម្នាក់​នៅក្នុង​សង្គម​ចិន​។  

​ជុំវិញ​បញ្ហា​ម​ហិ​ច្ឆ​របស់​ចិន​វិញ​នោះ អ្នកជំនាញ​ខាងលើ​បាន​បកស្រាយ​ផងដែរ​ថា ចិន​ទំនងជា​មិន​ចង់បាន​ប្រព័ន្ធ​អភិបាលកិច្ច និង​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​ដែល​ផ្តល់​តម្លៃ​លើ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ និង​ត្រូវ​លោកខាងលិច​បង្កើតឡើង​ក្រោយ​សង្គ្រាមលោកលើកទីពីរ​នោះទេ​។ ចិន​ហាក់ដូច​ជាមាន​មហិច្ឆតា​រុះរើ និង​បង្កើត​សណ្តាប់ធ្នាប់​ថ្មី​ទាំងស្រុង​ដែល​ទំនងជា​មិន​សមស្រប​នឹង​បំណង​របស់​ប្រទេស​ផ្សេងទៀត​ទេ​។ នោះ​វា​មិនមែនជា​រឿង​ល្អ​នោះឡើយ​៕
 

Tag:
 ​ចិន​
  ឥណ្ឌូ​ប៉ាស៊ីហ្វិក​
  អាមេរិក​
  Brad Glosserman
© រក្សាសិទ្ធិដោយ thmeythmey.com