ជាតិ
សេដ្ឋកិច្ច
លោក ចម ប្រសិទ្ធ ស្វាគមន៍កញ្ចប់ឥណទាន ១៥០លានដុល្លារសម្រាប់ SME របស់ធនាគារកាណាឌីយ៉ា រូបពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
× ភ្នំពេញ៖ ធនាគារកាណាឌីយ៉ា បានប្រកាសបម្រុងកញ្ចប់ហិរញ្ញប្បទាន ១៥០ លានដុល្លារអាមេរិកសម្រាប់ផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។
ការត្រៀមបញ្ចេញឥណទានដល់ SME ក្នុងចំនួនដ៏ច្រើនរបស់ធនាគារមួយនេះ គឺស្របគ្នានឹងផែនការរបស់រដ្ឋាភិបាល ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីចុងឆ្នាំ២០១៧ ថានឹងបង្កើតធនាគារសម្រាប់វិស័យ SME ក្នុងហិរញ្ញប្បទានដំបូង ១០០លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ នៅក្នុងពិធីសម្ពោធគម្រោងកញ្ចប់ឥណទាន ១៥០លានដុល្លាររបស់ធនាគារកាណាឌីយ៉ា នៅថ្ងៃទី១៨ខែកញ្ញា បានប្រកាសគាំទ្រគម្រោងនេះ ខណៈដែលក្រសួងមួយនេះកំណត់យកការអភិវឌ្ឍ SME គឺជាវិស័យអាទិភាពសម្រាប់អាណិត្តទី៦នេះ។
លោក ចម ប្រសិទ្ធ ជឿជាក់ថា កញ្ចប់ហិរញ្ញប្បទាននេះនឹងក្លាយជាឧបករណ៍សំខាន់មួយ ក្នុងការជួយជំរុញវិស័យ SME និងដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់វិស័យនេះនៅកម្ពុជា។
បើតាមលោក Charles Vann អនុប្រធានប្រតិបត្តិធនាគារកាណាឌីយ៉ា កញ្ចប់ឥណទាននេះ នឹងត្រូវគិតអត្រាការប្រាក់ ៧,៨៨ ភាគរយក្នុងមួយឆ្នាំ ដែលលោកអះអាងថាជាកម្រិតទាបបំផុត បើធៀបនឹងគ្រឹះស្ថានកម្ចីផ្សេងទៀត។
លោក Charles Vann ត្រូវបានស្រង់សំដីដោយកាសែតភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី២០ខែកញ្ញាដូច្នេះថា«វាមិនខុសគ្នាច្រើនទេ ពីប្រភេទកម្ចីដែលមានស្រាប់របស់យើង ប៉ុន្តែគ្រាន់តែយើងមិនដែលត្រៀមទុកកញ្ចប់ហិរញ្ញប្បទានច្រើនដូចនេះពីមុនមក»។ លោកបន្ថែមថា៖«យើងមើលឃើញកំណើនរឹងមាំរបស់ SME ហើយពួកគេត្រូវការកម្ចីសម្រាប់ពង្រីកអាជីវកម្ម ដូច្នេះយើងសម្រេចបម្រុងកញ្ចប់ផ្ដល់កម្ចីកាន់តែធំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com