ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
បទសម្ភាសន៍ VOA៖ វិស័យ STEM នៅ​កម្ពុជា​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា​
21, Sep 2018 , 7:59 pm        
រូបភាព
លោក​ស្រី​បណ្ឌិត​ ​Ayanna Howard​ ​​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ក្រោម​ប្រធានបទ​ ​«អនាគត​មនុស្ស​យន្ត​ ​និង​ភាព​វៃ​ឆ្លាត​សិប្ប​និមិត្ត»​ ​(The Future of Robots and AI)​ ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ទី០៤ ខែ​កញ្ញា​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ស្រី​បណ្ឌិត​ ​Ayanna Howard​ ​​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ក្រោម​ប្រធានបទ​ ​«អនាគត​មនុស្ស​យន្ត​ ​និង​ភាព​វៃ​ឆ្លាត​សិប្ប​និមិត្ត»​ ​(The Future of Robots and AI)​ ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ទី០៤ ខែ​កញ្ញា​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ កំណត់​និពន្ធ​៖ លោកស្រី Ayanna Howard គឺជា​⁠​នាយក​សាលា​ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា Georgia Institute of⁠ Technology និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Zyrorobotics⁠ ដែលមាន​គោលបំណង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​កុមារ​ជាមួយនឹង​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា STEM​។ លោកស្រី Ayanna ក៏​ធ្លាប់បាន​បម្រើការ​នៅ​អង្គការ NASA ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រាជធានី​ភ្នំពេញ កាលពីដើម​ខែកញ្ញា​នេះ អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​របស់​អាមេរិក​រូ​ប​នេះ បានធ្វើ​បាឋកថា​មួយ​ក្រោម​ប្រធានបទ​«​អនាគត​វិស័យ​មនុស្ស​យន្ត និង​ភាព​ឆ្លាត​វៃ​សិប្ប​និមិត្ត​»​ដល់​សិស្សានុសិស្ស​កម្ពុជា​។ លោក​ណឹ​ម សុភ័ក្ត្រ​បញ្ញា នៃ VOA បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោកស្រី Ayanna Howard ក្នុងអំឡុង​ទស្សនកិច្ច​នេះ​។ លោកស្រី​បាន​ប្រាប់ VOA អំពី​ទស្សនៈ​របស់លោក​ស្រី​ទៅលើ​វិស័យ STEM នៅ​កម្ពុជា និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា​។​

 
VOA៖ សូម​លោកស្រី​រៀបរាប់​ពី​ក្រុមហ៊ុន Zyrorobotics របស់លោក​ស្រី​?
 
Howard៖ ចា៎ ក្រុមហ៊ុន Zyrorobotics គឺជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តោតទៅលើ​ការផ្តល់​លទ្ធភាព​ឲ្យ​កុមារ​គ្រប់រូប​អាចមាន​ទំនាក់ទំនង​ជាមួយនឹង​វិស័យ STEM​។ ដូច្នេះហើយ​អ្វីដែល​យើង​ធ្វើ​គឺ​យើង​បង្កើតជា​មធ្យោបាយ ឬ​ឧបករណ៍​ផ្សេងៗ ដែល​ភាគច្រើន​គឺ​ឥតគិតថ្លៃ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​សិស្សានុសិស្ស​អាច​ប្រើ​ដើម្បី​រៀន​សរសេរ​កូដ ឬ រៀន​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។​
 
VOA៖ តើ​លោកស្រី​មាន​ទំនាក់ទំនង​អ្វី​ដែរ​ជាមួយ​អង្គការ NASA?
 
Howard៖ ចាស៎ ខ្ញុំ​ធ្វើការ​ឲ្យ​អង្គការ NASA អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ ហើយ​តួនាទី​របស់ខ្ញុំ​គឺ​គិតគូរ​ពី​អនាគត​នៃ​ការបង្ហាញ​អំពី​ភព​ព្រះ​អង្គារ និង​ធ្វើយ៉ាងណា​ឱ្យ​កាន់តែ​វ័យឆ្លាត​ឡើង​។ ដូច្នេះ​យើង​នឹង​អាច​រក​ផ្លូវ​ទៅកាន់​តែ​ឆ្ងាយ​ជាង​នេះ​បន្ថែមទៀត​។ យើង​អាច​រុករក​ទីកន្លែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន ដោយ​មិនចាំបាច់​អ្នកវិទ្យាសាស្ត្រ ឬក៏​បេសកម្ម​ដែល​ត្រូវការ​កិច្ច​អន្តរាគមន៍​រាល់ពេល​នោះទេ​។ ដូច្នេះ​វា​គឺជា​ការងារ​ដែល​ត្រូវ​ត្រិះរិះ​ដើម្បី​រកឱ្យឃើញ​ថា តើ​ត្រូវធ្វើ​ការងារ​រុករក​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ជាង​ឡើង​នោះ​យ៉ាងដូចម្តេច​។​
 
VOA៖ តើ​លោកស្រី​ពាំនាំ​អ្វី​ឲ្យ​ដល់​និស្សិត​នៅ​កម្ពុជា​?
 
Howard៖ គោលដៅ​របស់ខ្ញុំ​គឺ​បង្ហាញ​ទៅដល់​និស្សិត​ថា វិស័យ STEM និង​មនុស្ស​យន្ត​គឺជា​អ្វីដែល​លេចធ្លោ​ជាងគេ​នាពេល​អនាគត​។ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​អាចធ្វើ​ឲ្យ​ពួកគេ​ឃើញ​ពី​គុណ​តម្លៃ ដែលថា ពិភពលោក​ត្រូវការ​និស្សិត​ដែល​អាច​ធានាថា​ពិភពលោក​យើង​ទាំងមូល​នឹង​កា្ល​យ​ជាទី​កន្លែង​ដ៏​ប្រសើរឡើង​។​
 
VOA៖ តើ​លោកស្រី​មាន​ក្តីសង្ឃឹម និង​ការរំពឹងទុក​អ្វីខ្លះ​ពី​និស្សិត​កម្ពុជា ក៏ដូចជា​ទស្សនវិស័យ​របស់លោក​ស្រី​នាពេលខាងមុខ​?
 
Howard៖ ក្តីសង្ឃឹម​និង​ការរំពឹងទុក​របស់ខ្ញុំ​គឺថា ខ្ញុំ​ចង់ឃើញ​ពួកគេ​បានឃើញ​នៅក្នុងពេល​ច្រើន​ឆ្នាំ​ទៅមុខ​។ ឧទាហរណ៍ នៅក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខ ចាប់យក​ជំនាញ​ណាមួយ​ក្នុង​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ ហើយ​ខ្ញុំ​សង្ឃឹមថា តាមរយៈ​ការចាប់យក​ជំនាញ​នៅក្នុង​វិស័យ​មនុស្ស​យន្ត  ពួកគេ​អាច​និយាយ​ចេញពី​ខ្លួនឯង​ផ្ទាល់​ថា​«​ខ្ញុំ​ជឿថា នេះ​ជា​អនាគត ដូច្នេះ​ខ្ញុំ​ជ្រើស​យក​ផ្លូវ​ដើរ​មួយ​នេះ​»​។​


 លោកស្រី​បណ្ឌិត Ayanna Howard ចូលរួម​ចែករំលែក​បទពិសោធន៍​ក្រោម​ប្រធានបទ «​អនាគត​មនុស្ស​យន្ត និង​ភាព​វៃឆ្លាត​សិប្ប​និមិត្ត​» (The Future of Robots and AI) នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី​០៤ ខែកញ្ញា​នេះ​។ (​ណឹ​ម សុភ័ក្ត្រ​បញ្ញា​/VOA)​
 
VOA៖ ចំពោះ​លោកស្រី​ផ្ទាល់ តើ​លោកស្រី​គិតថា ដំណើរការ​បោះជំហាន​ទៅមុខ​របស់​និស្សិត​កម្ពុជា​នៅក្នុង​វិស័យ STEM មាន​ដល់​កម្រិតណា​ហើយ​?
 
Howard៖ ខ្ញុំ​អាច​និយាយបានថា ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជាមួយនឹង​គុណភាព​របស់​និស្សិត​និង​ការ​ចង់ដឹង ចង់​ឮ សំណួរ និង​ការងឿងឆ្ងល់​របស់​ពួកគេ​អំពី​ប្រព័ន្ធ​មនុស្ស​យន្ត​នៅ​ជំនាន់​ក្រោយ​។ ខ្ញុំ​ពិតជា​ស្ងើចសរសើរ​មែនទែន​ទាក់ទង​នឹង​ប្រវត្តិរូប និង​បទពិសោធន៍​ដែល​ពួកគេ​មាន ក៏ដូចជា ការជំរុញ​ទៅមុខ​គម្រោង​ផ្តួចផ្តើម​ក្នុង​វិស័យ STEM​។​

VOA៖ តើ​លោកស្រី​យល់ឃើញថា មាន​ផ្នែក​ណាខ្លះ​ដែរ ដែល​ត្រូវ​លើកកម្ពស់​?
 
Howard៖ ផ្នែក​តែមួយគត់ ដែល​ខ្ញុំ​យល់ឃើញថា ត្រូវ​លើកកម្ពស់​គឺ​លទ្ធភាព​ទទួលទាន​ធនធាន​ផ្សេងៗ​ដែលមាន​។ មាន​ធនធាន​ជាច្រើន ដែល​និស្សិត​មិនទាន់​ទទួលបាន ហើយ​ពួកគេ​គួរតែ​ទទួលបាន​ធនធាន​ទាំងនោះ​។​
 
VOA៖ តើ​លោកស្រី​គិតថា កម្ពុជា​ឈានដល់​កម្រិតណា​ហើយ​ក្នុង​វិស័យ STEM?
 
Howard៖ ខ្ញុំ​គិតថា កន្លែង​ដែល​កម្ពុជា​ស្ថិតនៅ​នាពេល​បច្ចុប្បន្ន​⁠​គឺ​គ្រាន់តែ​ជា​កន្លែង​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ បើ​និយាយ​ពី​និស្សិត​វិញ ការអប់រំ​គឺមាន​ហើយ​។ តែ​ខ្ញុំ​គិតថា អ្វីដែល​ត្រូវតែ​លើកកម្ពស់​បន្ថែមទៀត​នោះ គឺ​មូលដ្ឋាន​សហគ្រិនភាព​។ និស្សិត​ដែល​កំពុងតែ​ចាប់​ជំនាញ​នៅក្នុង​វិស័យ STEM នឹងត្រូវ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ផ្សេងៗ​នៅក្នុង​វិស័យ​STEM ដើម្បី​ធានាថា វិស័យ STEM ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​។ ខ្ញុំ​គិតថា នេះ​គួរតែ​ជា​ជំហាន​បន្ទាប់​។​
 
VOA៖ តើ​លោកស្រី​គិតថា រដ្ឋាភិបាល ឬ​វិស័យ​ឯកជន​គួរ​ដើរតួនាទី​អ្វីខ្លះ​នៅក្នុង​បរិបទ​នេះ​?
 
Howard៖ ខ្ញុំ​គិតថា អ្នក​អាច​ផ្តល់​ជា​ជំនួយ​ក្នុង​ទម្រង់​ជាច្រើន ដូចជា​ការឧបត្ថម្ភ​មូលនិធិ​ផ្តួចផ្តើម​ជាដើម​។ អ្នក​អាច​ផ្តល់​ជាការ​ទំនុកបំរុង​បឋម ប្រសិនបើ​អ្នកជា​⁠​សហគ្រិន​វ័យក្មេង ដែល​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​។ អ្នកត្រូវការ​ធនធាន អ្នកត្រូវការ​ទីកន្លែង​។ អ្នក​ត្រូវ​ចេះ​ស្វែងរក​របៀប​រៃអង្គាសប្រាក់​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ការបង្កើត​ក្រុមហ៊ុន​របស់​អ្នក​។ ខ្ញុំ​គិតថា អ្វីៗ​ដែល​សហរដ្ឋអាមេរិក​បានធ្វើ​ជាមួយនឹង​វប្បធម៌ ផ្តួចផ្តើម​ក្រុមហ៊ុន​ពី​ឬ​សគល់ ខ្ញុំ​គិតថា កម្ពុជា​ក៏​អាចធ្វើ​ដូចគ្នានេះដែរ​។​
 
VOA៖ បើ​និយាយ​ពី​សាធារណជន​វិញ តើ​លោកស្រី​គិតថា សាធារណជន​គួរតែ​ដឹង​អ្វីខ្លះ​អំពី​វិស័យ STEM?
 
Howard៖ ខ្ញុំ​គិតថា សាធារណជន​គួរ​យល់ដឹង​និង​ទទួលស្គាល់ថា វិស័យ STEM គឺជា​អនាគត​។ វិស័យនេះ​អាចជួយ​ឲ្យ​បុគ្គល​ម្នាក់ ដែល​រស់នៅ​តំបន់​ជនបទ ឲ្យ​ទទួលបាន​ជីវភាព​មធ្យម​។ ខ្ញុំ​គិតថា វិស័យ STEM គឺជា​វេទិកា​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើភាព​មួយ​។ វិស័យនេះ គឺជា​អ្វីដែល​ធ្វើ​ឲ្យ​មាន​សមភាព ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការគិត និង​ការរៀនសូត្រ​មួយ​ជំហាន​ម្តងៗ​។​
 
VOA៖ តើ​លោកស្រី​យល់​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ការបង្កើត​ថ្មី និង​ភាព​ច្នៃ​ប្រតិដ្ឋ​នៅ​កម្ពុជា​?
 
Howard៖ ការបង្កើត​ថ្មី និង​ភាព​ច្នៃ​ប្រតិដ្ឋ​នៅ​កម្ពុជា គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ជន​វ័យក្មេង ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​កោតសរសើរ​ពួកគេ​យ៉ាងខ្លាំង​។ ពួកគេ​ហាក់ដូចជា ទទួល​ដឹងថា វិស្វកម្ម​គឺ​អំពី​ការ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​។ វា​ទាក់ទង​ជាមួយនឹង​ការស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដែលមាន​ពីមុនមក​។ ហើយ​ខ្ញុំ​ច្បាស់​ថា ជន​វ័យក្មេង​នឹង​ក្លាយជា​វិស្វករ និង​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែលមាន​នៅក្នុង​សង្គម​។​
 
VOA៖ តើ​លោកស្រី​មាន​ដំបូន្មាន​អ្វី​ទេ​⁠​សម្រាប់​ជន​វ័យ​ក្មេងជំនាន់ក្រោយ​?
 
Howard៖ ដំបូន្មាន​មួយ​ដែល​ខ្ញុំ​អាច​ឲ្យ​បាន​គឺថា ចូរ​ធ្វើ​វា​ឡើង​។ ធនធាន​គឺមាន​ហើយ​។ យើង​អា​ចរក​ធនធាន​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​តាម​មធ្យោបាយ​ផ្សេងៗ​។ អ្នក​គ្រាន់តែ​ត្រូវការ​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង ដើម្បី​ជំរុញ​ទៅមុខ និង​ក្រសោប​យក​វិស័យ STEM ទាំងមូល​នេះ​។ ខ្ញុំ​ពិតជា លើកទឹកចិត្ត​ឲ្យ​ជន​វ័យ​ក្មេងជំនាន់ក្រោយ​ឲ្យ​បន្ត​ជំរុញ​ទៅមុខ​។ ហើយ​ប្រហែល​ពួកគេ​ថែមទាំង​អាច​បង្រៀន​អ្នក​ជំនាន់​មុន​អំពី​សារៈសំខាន់​នៃ​វិស័យនេះ​ទៀតផង​ក៏​ថា​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com