ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​គួរ​ញ៉ាំ និង​ចៀសវាង​ទៅតាម​ប្រភេទ​ក្រុម​ឈាម​
23, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​អាច​ញ៉ាំ​អាហារ​ដោយ​ផ្អែកទៅលើ​ប្រភេទ​ឈាម ដើម្បី​ជួយ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ និង​រាង​ស្លី​ម​ដែរ​ទេ​? ក្រុម​ឈាម​មនុស្ស​យើង​មាន A, B, AB និង O​។



អាហារ​ដែល​យើង​ញ៉ាំ​អាចមាន​ប្រតិកម្ម​គីមី​ជាមួយនឹង​ក្រុម​ឈាម​យើង​បាន​។ បើសិនជា​អ្នកធ្វើ​ទៅតាម​របប​អាហារ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រភេទ​ឈាម​របស់​អ្នក​តែម្តង វា​ងាយ​នឹង​រំលាយ​អាហារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នក​នឹងមាន​កម្លាំង​កាន់តែច្រើន ស្រក​ទម្ងន់ និង​បង្ការ​ជំងឺ​បាន​ទៀត​។ 
 
​ក្រុម​ឈាម​ប្រភេទ A

​អ្នក​ដែលមាន​ក្រុម​ឈាម​ប្រភេទ A គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​បែប​បន្លែ​ឲ្យ​បាន​ច្រើន​ដោយ​រួមមាន គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​សណ្តែកសៀង និង​បន្លែ​។ ជាមួយគ្នានេះដែរ មនុស្ស​ក្រុម​ឈាម​ប្រភេទ​នេះ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ញ៉ាំ​អាហារ​ស្រស់ៗ និង​អាហារ​សរីរាង្គ​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​។ យោងទៅតាម វេជ្ជបណ្ឌិត Peter D’Adamo គ្រូពេទ្យ​ខាង​ផ្នែក​ព្យាបាល​ដោយ​មិន​ប្រើ​ថ្នាំ Naturopathic និង​ជា​អ្នកសរសេរ​សៀវភៅ Eat Right 4 Your Blood Type បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​ក្រុម​ឈាម​ប្រភេទ A គួរតែមាន​របប​អាហារ​ញ៉ាំ​បួស​ភាគច្រើន​។ មនុស្ស​ក្រុម​ឈាម​ប្រភេទ A ងាយ​នឹង​ធ្វើការ​រាងកាយ​ច្រើន របៀប​រស់នៅ​បែប​ជីក​កាប់​ដី​ច្រើន និង​ញ៉ាំ​អាហារ​រុក្ខជាតិ​ច្រើន​។ សព្វថ្ងៃនេះ​មនុស្ស​ក្រុម​ឈាម​ប្រភេទ A គឺ​ត្រៀម​នឹង​កើត​ជំងឺមហារីក ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ដូច្នេះហើយ​ការ​សម្រប​ខ្លួន​ទៅនឹង​របប​អាហារ​បែប​បួស ពិតជា​សំខាន់​សម្រាប់​សុខភាព​របស់​ពួកគេ​ណាស់​។ 
​អាហារ​គួរ​ញ៉ាំ​៖ បន្លែ ផ្លែឈើ សណ្តែក គ្រាប់​ធញ្ញជាតិ​
 
​អាហារ​គួរ​ចៀសវាង​៖ សាច់​បក្សី សាច់ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ស៊ុត និង​កាត់បន្ថយ​ការ​ញ៉ាំ​ត្រី​ផង​
 
​ក្រុម​ប្រភេទ B

​អ្នក​ដែលមាន​ក្រុម​ឈាម​ប្រភេទ B ប្រហែល​ជាមាន​ភាពបត់បែន​បាន​ច្រើន​បំផុត​ក្នុងចំណោម​ក្រុម​ឈាម​ទាំងអស់ ដោយសារតែ​វា​មាន​សមត្ថភាព​អាច​លូតលាស់​បាន​យ៉ាង​ល្អ​ក្នុងពេល​ដែលមាន​ស្ថានភាព​ប្រែប្រួល​ជាច្រើន​។ វា​មិន​ដូចជា​ក្រុម​ឈាម​ប្រភេទ O និង A ទេ​ដែលមាន​លក្ខណៈ​ផ្ទុយគ្នា តែ​ក្រុម​ឈាម​ប្រភេទ B គឺ​ប្រៀបបាន​ដូចជា​ទឹក​អ៊ីចឹង ដែល​អាច​រស់​នៅបាន​យ៉ាង​ល្អ​បំផុត​ទៅតាម​អ្វីដែល​វា​ស្ថិតនៅ ហើយក៏​អាច​ញ៉ាំ​បាន​ទាំង​របប​អាហារ​សាច់ និង​បន្លែ​គ្រប់​ប្រភេទ​ទៀត​។ 
 
​អាហារ​ដែល​គួរ​ញ៉ាំ​៖ សាច់គោ សាច់​ចៀម ត្រី​សាល​ម៉ុ​ន សាច់មាន់ អាហារ​ធ្វើទៅ​ទឹកដោះគោ បន្លែ​ពណ៌​បៃតង ប្រេង​អូ​លីវ និង​ផ្លែឈើ​គ្រប់​ប្រភេទ​។​
​អាហារ​ដែល​មិនគួរ​ញ៉ាំ​៖ ពោត សណ្តែក សណ្តែកដី ប៉េងប៉ោះ និង​គ្រាប់ល្ង​។​
 
​ក្រុម​ឈាម​ប្រភេទ AB
 
​ក្រុម​ឈាម​ប្រភេទ AB គឺជា​ក្រុម​ឈាម​ដែល​កម្រ ហើយ​វា​ត្រូវបាន​គេ​រកឃើញ​ក្នុង​មនុស្ស​យើង​ប្រហែល​មិន​ដល់ ៥​ភាគរយ​ផង​នៃ​ប្រជាជន​ទាំងអស់ ហើយក៏​ជា​ក្រុម​ឈាម​ដែល​ថ្មី​បំផុត​ផងដែរ​។ ក្រុម​ឈាម AB ផ្ទុក​ទៅដោយ​អាស៊ីត​ក្រពះ​ប្រភេទ A តិច តែ​ជាម​នុស្ស​ដែល​អាច​សម្រប​ខ្លួន​នឹង​សាច់​ជាច្រើន​ដោយសារ​ប្រភេទ B​។ មានន័យថា អ្នក​ដែលមាន​ក្រុម​ឈាម AB គឺ​កង្វះ​អាស៊ីត​ក្រពះ​ក្នុងការ​រំលាយ​សាច់​ឲ្យ​បាន​មាន​ប្រសិទ្ធភាព ហើយ​សាច់​ដែល​អ្នក​ញ៉ាំ​ងាយ​នឹង​រក្សា​ទុកជា​ខ្លាញ់​ណាស់​។ មនុស្ស​ក្រុម​ឈាម​ប្រភេទ AB ក៏​គួរតែ​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេ​អ៊ី​ន ជាពិសេស​ក្នុងស្ថានភាព​ស្ត្រេ​ស​ខ្លាំង ហើយ​ពួកគេ​គួរតែ​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើនដង​វិញ​។ 
 
​អាហារ​គួរ​ញ៉ាំ​៖ អាហារ​សមុទ្រ តៅហ៊ូ បន្លែ​ពណ៌​បៃតង អាហារ​ធ្វើ​ពី​ទឹកដោះគោ ផ្លែឈើ​មាន​ជាតិ​កាល​កា​ឡាំង​
 
​អាហារ​មិនគួរ​ញ៉ាំ​៖ សាច់មាន់ សាច់​អាំង​មាន​ជាតិ​ផ្សែងៗ ពោត និង​ពពួកសត្វ​មាន​សំបក​។​
 
​ក្រុម​ឈាម​ប្រភេទ O

​អ្នក​ដែលមាន​ក្រុម​ឈាម​ប្រភេទ O ច្រើនតែ​ត្រូវការ​ប្រូតេអ៊ីន​សាច់សត្វ ហាត់ប្រាណ​ខ្លាំងៗ និង​មានការ​រំលាយ​អាហារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយសារតែ​ក្រពះ​មានការ​ផលិត​អាស៊ីត​ខ្ពស់​។ មានន័យថា នៅពេលដែល​អ្នកមាន​ក្រុម​ឈាម​ប្រភេទ O ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ ពួកគេ​អាច​ច្បាស់​ថា រាងកាយ​នឹង​ប្រើប្រាស់​វា​បាន​យ៉ាង​រលូត ហើយក៏​មិនបាន​ដាក់​សម្ពាធ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ច្រើន​ដែរ​។ 
 
​អាហារ​គួរ​ញ៉ាំ​៖ សាច់​បក្សី​សុទ្ធៗ និង​គ្មាន​ជាតិគីមី សាច់​ធម្មតា ត្រី ផ្លែឈើ​មាន​ជាតិ​កាល​កា​ឡាំង ដូចជា​ផ្លែ​បឺ​រី​ជាដើម​
 
​អាហារ​គួរ​ចៀសវាង​៖ គ្រាប់​ធញ្ញជាតិ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ​ដូចជា ផ្កា​ខាត់ណា ស្ពៃក្តោប​ជាដើម និង​សណ្តែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​ 

© រក្សាសិទ្ធិដោយ thmeythmey.com