ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញានេះ បានប្រកាសពីការចាប់ផ្តើមកម្មវិធីប្រកួតរូបថតស្ដីពីបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានអំពាវនាវដល់អ្នកស្នេហាវិស័យថតរូបទាំងអស់នៅកម្ពុជា ផ្ញើរូបថតជាស្នាដៃដើមរបស់ខ្លួន ហើយដែលឆ្លើយតបយ៉ាងសក្តិសមបំផុតទៅនឹងប្រធានបទខាងលើ។
កម្មវិធីប្រកួត ក្រោមពាក្យស្លោកថា «បេតិកភណ្ឌរបស់យើង - អតីតកាលជួបអនាគតកាល» ត្រូវបានរៀបចំឡើង ដើម្បីជាផ្នែកមួយនៃការអបអរឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប ហើយដែលមានការរៀបចំការប្រកួត ការតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗស្រដៀងគ្នានេះ មានរៀបចំឡើងទូទាំងពិភពលោក។
ក្នុងពិធីប្រកាសបើកការប្រកួតរូបថតនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar មានប្រសាសន៍ថាថា បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃ។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ដូច្នេះថា៖« បេតិកភណ្ឌវប្បធម៌ ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យាទៀតផង។ បេតិកភណ្ឌវប្បធម៌ មិនត្រឹមតែមាននៅក្នុងអក្សរសាស្ត្រ សិល្បៈ និងវត្ថុផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យសិប្បកម្ម ដែលយើងបានរៀនសូត្រពីដូនតាមក សាច់រឿងដែលយើងដំណាលប្រាប់ដល់កូនចៅ អាហារដែលយើងបរិភោគ និងភាពយន្តដែលយើងមើល និងដែលតាមរយៈនេះយើងបានស្គាល់ខ្លួនយើង»។
តាមរយៈកម្មវិធីប្រកួតនេះ សហភាពអឺរ៉ុបចង់ទាញការយកចិត្តទុកដាក់ លើសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌សម្រាប់ទាំងអស់គ្នា ទាំងនៅសហភាពអឺរ៉ុបនៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ នេះជាការបញ្ជាក់បន្ថែមរបស់លោក George Edgar។
កម្មវិធីប្រកួតរូបថតនេះ បើកឲ្យចូលរួមសម្រាប់មនុស្សគ្រប់គ្នា ដែលអាចផ្ញើរូបថតដែលមានគុណភាពច្បាស់ និងជាស្នាដៃដើមរបស់ខ្លួន (ក្នុងទម្រង់ជា JPEG និងទំហំយ៉ាងហោចណាស់ ៥មេហ្គាភិចសែល) ដែលបានថតដោយប្រើទូរសព្ទស្មាតហ្វូន ឬម៉ាស៊ីនថត។ ហើយក្នុងនោះរង្វាន់ធំសម្រាប់ជ័យលាភី គឺប័ណ្ណដែលមានទឹកប្រាក់ចំនួន ៧០០ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។
«កម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។ ចង់បានរូបថតដែលជាស្នាដៃដើម អាចប្រាប់ពីដំណើររឿងណាមួយ ឬជាអារម្មណ៍ណាមួយ ហើយផ្ដោតលើទិដ្ឋភាពនានានៃវប្បធម៌របស់កម្ពុជា ក្នុងអត្ថន័យទូលំទូលាយបំផុត»។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ដូច្នេះ។
ការប្រកាសជ័យលាភី នឹងធ្វើឡើងជាសាធារណនៅចុងខែវិច្ឆិកា។ ឯពិធីប្រគល់រង្វាន់ នឹងប្រព្រឹត្តធ្វើ នៅថ្ងៃទី៦ ខែធ្នូ។ ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ជាបណ្ណដែលមានទឹកប្រាក់ ៧០០ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។ លេខ ២ នឹងទទួលបានបណ្ណដែលមានទឹកប្រាក់ ៦០០ដុល្លារ និងលេខ៣ ទទួលបានបណ្ណដែលមានទឹកប្រាក់ ៥០០ដុល្លារ។ រូបថតរបស់ជ័យលាភីទាំងបីនាក់ និងរូបថតសម្រាំងល្អបំផុតចំនួន១០ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។
កាលផុតកំណត់ចុងក្រោយ សម្រាប់ការផ្ញើរូបថតចូលរួមប្រកួត គឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨។
សម្រាប់ព័ត៌មានលម្អិតស្ដីពីកម្មវិធីប្រកួត រាប់បញ្ចូលទាំងលក្ខខណ្ឌទាំងស្រុង មាននៅត្រង់នេះ https://eeas.europa.eu/cambodia ឬនៅលើទំព័រ Facebook:
https://www.facebook.com/eu.cambodia/៕
(អត្ថបទពាណិជ្ជកម្ម)