កីឡាជាតិ
ជាតិ
លោក ស សុខា ជឿជាក់ថា ការប្រកួត​កីឡា​សិស្ស​ទូទាំងប្រទេស​ដំណើរការ​ទៅ​រលូន​
21, Sep 2018 , 9:59 pm        
រូបភាព
លោក ស សុខា (មុខគេ)ចូលរួមបើកការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
លោក ស សុខា (មុខគេ)ចូលរួមបើកការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​អាជ្ញាកណ្តាល​ចៅក្រម កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ និង​ឈរលើ​ភាពយុត្តិធម៌​។ ព្រោះ​លោក​យល់ថា ការសម្រេចចិត្ត​របស់​ពួកគាត់ ជាការ​កំណត់​ជោគវាសនា​របស់​កីឡាករ​។ ការជំរុញ​បែបនេះ ធ្វើឡើង​ពេល លោក ចូលរួម​បើក​ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស ជ្រើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៨​។ បើតាម​របាយការណ៍ ការប្រកួត​ឆ្នាំនេះ មាន​គ្រឹះស្ថានសិក្សា​ចំនួន​២១​ចូលរួម ដោយ​ប្រកួត​លើ​៦​ប្រភេទ​កីឡា​។​

 
​ក្រោយ​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រមាណ​១​សប្តាហ៍ លោក ស សុខា បាន​ធ្វើជា​តំណាង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​លើកដំបូង ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ក្នុង​ពិធី​បើក​នោះដែរ លោក ស សុខា ដែល​ទទួលបន្ទុក​ផ្នែក​យុវជន​និង​កីឡា បាន​ក្រើនរំលឹក​ដល់​អាជ្ញាកណ្តាល​ចៅក្រម​ត្រូវ​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​និង​យុត្តិធម៌ ហើយ​ចៀសវាង​ការប្រកាន់​បក្សពួកនិយម​ថា កីឡាករ​នេះ កូនសិស្ស​គ្រូ​នេះ ឬ​គ្រូ​នោះ​ឲ្យ​សោះ ព្រោះ​លោក​យល់ថា ការសម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ចៅក្រម ជាការ​កំណត់​ជោគវាសនា​របស់​កីឡាករ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ 


 
​ជាមួយគ្នានេះ លោក ស សុខា ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី ត្រូវមាន​ការយោគយល់ និង​ទទួលយក​រាល់​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​ចៅក្រម​។ ការស្នើ​បែបនេះ ព្រោះ​លោក​យល់ថា ការកាត់ក្តី​ដោយ​ភ្នែក​ទទេ​មិនអាច​សុ​ក្រឹត្យ​១០០​ភាគរយ​នោះទេ​។ ហើយ​បើ​មាន​ករណី​មិន​ប្រក្រតី​កើតឡើង កីឡាករ ក៏​មិនត្រូវ​ទាមទារ​ភ្លាមៗ​នៅលើ​ទីលាន​ដែរ គឺ​ត្រូវ​ទាមទារ​ក្រោយ​ចប់​ការប្រកួត ដើម្បី​បង្ហាញ​ពី​ការចេះដឹង និង​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​អ្នកកីឡា​។​
 
​សម្រាប់​លោក ស សុខា ការ​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា​ក្នុង​កីឡា តែ​អ្វីដែល​សំខាន់​កីឡាករ​កុំ​បោះបង់​ការតស៊ូ​ព្យាយាម ហើយ​ត្រូវ​ចេះ​សិក្សា​ពី​ចំណុច​ខ្វះខាត ដែល​នាំ​ឲ្យ​ខ្លួន​បរាជ័យ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ទៅ​ថ្ងៃ​អនាគត​។ កីឡាករ​គ្រប់រូប​ត្រូវ​ចាប់យក​កីឡា​មួយ​ប្រភេទ​ឲ្យ​ច្បាស់លាស់ ជាជាង​ចាប់យក​កីឡា​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ​។ ជាការ​ជំរុញ​របស់រ​ដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ខាងលើ ដែល​បាន​លើ​ជា​ទស្សន​ថា «​ចេះ​ច្រើន​មិន​ស្មើ​ប្រសប់​មួយ​»​។​


 
​បើតាម​របាយការណ៍ ដែល​អាន​ដោយ​លោក ដួង មាស​ចំរើន ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ឆ្នាំនេះ មាន​គ្រឹះស្ថានសិក្សា​ចំនួន​២១​ចូលរួម និង​មាន​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ​សរុប​ចំនួន​៦៨១​នាក់​(​ស្រី​៩៤)​។ កីឡាករ​ទាំងនេះ ប្រកួតប្រជែង​លើ​៦​ប្រភេទ​កីឡា​រួមមាន បាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, វាយ​កូនឃ្លី​លើ​តុ និង​ប៉េតង់​៕  
  

Tag:
 ជើង​ឯកឧត្តម​សិក្សា​
  ស សុខា​
  ដួង មាស​ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com