កីឡាអន្តរជាតិ
អន្តរជាតិ
Aguero បន្ថែម​១​ឆ្នាំ​ទៀត​នៅ Man City ដោយបាន​បៀវត្ស​ជិត​៣០​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​
21, Sep 2018 , 10:19 pm        
រូបភាព
Sergio Aguero បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ជាមួយ Manchester City ១​ឆ្នាំ​ទៀត​លើ​កិច្ចសន្យា​ចាស់​ពោលគឺ​រហូតដល់​ឆ្នាំ​២០២១ ដោយ​ទទួលបាន​បៀវត្ស ២២០០០០​ផោន (២៩០០០០​ដុល្លារ​អាមេរិក​) ក្នុង​១​សប្តាហ៍​។​

 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣០​ឆ្នាំ​រូ​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម​មេឃ​ខៀវ ពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid កាលពី​ឆ្នាំ ២០១១ ក្នុងតម្លៃ ៣៨​លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​)​។​
 
Aguero បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ក្រុម​ទទួលបាន​ជ័យជម្នះ​ដ៏​ធំធេង​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប​ដែល​កាន់កាប់​ដោយ​មហាសេដ្ឋី​ស​ញ្ញាតិ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​លោក Al Mubarak រយៈពេល​៧​ឆ្នាំ​មកនេះ ដោយ​ក្នុងនោះ​បានឈ្នះ​ពាន Premier League ៣​ដង និង​ពានរង្វាន់ EFL ៣​លើក​។​


 
​អតីត​យុវជន​ក្លិប Independiente រូបនេះ​ជាប់​ក្នុង​កំណត់ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Man City ចំនួន ២០៤​គ្រាប់​។ រូបគេ​ក៏​ជា​អ្នក​ស៊ុត​១​គ្រាប់​យកឈ្នះ QPR ទាំង​របួស​កាលពី​ឆ្នាំ ២០១២ និង​ជា​គ្រាប់​បាល់​ដើម្បី​ជួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​លើក​ពាន Premier League ជា​លើកដំបូង​ផងដែរ​។​
 
«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ខ្ញុំ​ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បានមក​ដល់ទី​នេះ​»​។ Aguero និយាយ​បែបនេះ និង​បន្ថែមថា​រូបគេ​នឹង​ស្នាក់នៅ​ទីនេះ​មួយ​ទសវត្សរ៍​រហូតដល់​កិច្ចព្រមព្រៀង​ថ្មី​របស់ខ្លួន​អស់​សុពលភាព ហើយ​នេះ​ជា​មូលហេតុ​ចម្បង​ដែល​គេ​យល់ព្រម​បន្ត​កិច្ចសន្យា​បន្ថែម​៕
 

Tag:
 បាល់ទាត់​
  Sergio Aguero
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com