អន្តរជាតិ
អាមេរិក​ចង់ឃើញ​សមាជិក​អាស៊ាន​មាន​ក្រុម​ឆ្លើយតប​ពិសេស និង​យុទ្ធសាស្ត្រ​រក្សា​សន្តិសុខ​អ៊ីនធឺណិត​
22, Sep 2018 , 11:03 am        
រូបភាព
ឧបការីរងរដ្ឋមន្ត្រីការបរទេស Robert Strayer (រូបភាព៖ Bipartisan Policy Center)
ឧបការីរងរដ្ឋមន្ត្រីការបរទេស Robert Strayer (រូបភាព៖ Bipartisan Policy Center)
​រដ្ឋបាល​អាមេរិក​ចង់ឃើញ​អាស៊ាន​ជំរុញ​ការបង្កើត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បច្ចេកទេស​និង​ផ្លូវច្បាប់​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៃ​សន្តិសុខ​អ៊ីនធឺណិត (Cyber Security) ក្នុង​តំបន់​។ រដ្ឋបាល​នេះ​ក៏​សន្យា​បន្ត​គាំទ្រ និង​សហការ​ជាមួយ​សមាជិក​អាស៊ាន​ផងដែរ​ក្នុងការ​ពង្រឹងសមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ​រួមគ្នា​នេះ​។


 
​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​គោលនយោបាយ​អ៊ីនធឺណិត​,​ទំនាក់ទំនង​អន្តរជាតិ និង​ព័ត៌មាន​លោក Robert L. Strayer បាន​លើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​សុក្រ​ទី ២១ ខែកញ្ញា​ថា ការពង្រឹង​សមត្ថភាព និង​ដាក់ចេញ​គោលនយោបាយ​ផ្នែក​ច្បាប់ និង​បច្ចេកទេស​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​ជា​រឿង​អាទិភាព​សម្រាប់​ប្រទេស​អាស៊ាន​។​
 
 លោក​បន្តថា គេព្យាករ​ថា ត្រឹម​រយៈពេល​មួយ​ទសវត្សរ៍​ទៅ​មុខ ក្នុង​តំបន់​អាស៊ាន​ទាំងមូល ផលិត​ក្នុង​ស្រុកសរុប (GDP)  នឹងកើនឡើង ១​ ទ្រី​លាន​ដុល្លារ​ទៀត ហើយ​កំណើនសេដ្ឋកិច្ច​ដ៏​រហ័ស​នេះ​ក៏​ព្រោះតែអាស៊ានដើរ​​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដែរ​។​
 
​ប៉ុន្តែ​លោកពន្យល់ថា បើសិនជា​អាស៊ាន​មិន​យកចិត្តទុកដាក់ ​ឬ​បរាជ័យ​ក្នុងការ​ដោះស្រាយ ការវាយប្រហា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ឧក្រិដ្ឋកម្ម​នានា​តាម​អ៊ីនធឺណិត​នេះ​អាច​នឹងរាំងខ្ទប់​ការរីកចម្រើន​លូតលាស់​និង​ប៉ះពាល់​ផលប្រយោជន៍​ដែល​តំបន់​អាស៊ាន​នឹង​ទទួលបាន​ផង​។ 
 
​ពេល​សួរថា តើ​ស្ថានភាព​សមត្ថភាព​បណ្តា​រដ្ឋ​អាស៊ាន​ស្ថិតក្នុង​ដំណាក់​កាលណា​ហើយ​ក្នុងការ​ដោះស្រាយ​ការគំរាមកំហែង​សន្តិសុខ​អ៊ីនធឺណិតនេះ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​ឆ្លើយថា បច្ចុប្បន្ន​គ្រប់​ប្រទេស​ទាំង​អស់រួមទាំង​អាមេរិក និងបណ្តាប្រទេស​អាស៊ាន​កំពុង​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​រៀងៗ​ខ្លួន​និង​រៀនសូត្រ​ពីគ្នា​។ ប៉ុន្តែ​លោក​បញ្ជាក់ថា អាមេរិក​ចង់ឃើញ​អាស៊ាន​ចេញ​យន្តការ​មួយចំនួន​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​បើតាម​ការពន្យល់​រប​ស់​មន្ត្រី​រូបនេះ អាមេរិក​ផ្តល់​អនុសាសន៍​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ដោះស្រាយ​និង​បង្កើត​ក្រុម​កា​ងារ​ពិសេស​ឆ្លើយតប​នឹង​រាល់​ការគំរាមកំហែង​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​នេះ បូករួម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ផ្នែក​ឯកជន​ដែរ​។​
 
​លោក  Strayer និយាយ​ដូច្នេះ​៖​​«​អ្វីដែល​យើង​ចង់ឃើញ​នោះ​គឺ​ប្រទេស​តំបន់​គិតគូរ​ពី​របៀប​បង្កើត​ក្រុមការងារ​ឆ្លើយ​បន្ទាន់​ក្រោម​រដ្ឋាភិបាល​។ បច្ចុប្បន្ន​រដ្ឋ​អាស៊ាន​ខ្លះ​បានចាប់ផ្តើម​ការងារ​នេះហើយ ដែល​ពួកគេ​តាមដាន វាយតម្លៃ​និង​ចាត់វិធានការ​ឆ្លើយតប​ភ្លាម​»​។​
 
​លោក​បន្តថា​៖« រឿង​សំខាន់​មួយទៀត​គឺ​ការបង្កើត​យុទ្ធសាស្ត្រ​សន្តិសុខ​អ៊ីនធឺណិត​ជាតិ​ដែល​អាច​ផ្តល់​ការណែនាំ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​ក្នុងការ​ចាត់ចែង​គោលនយោបាយ​ផ្នែក​បច្ចេកទេស និង​ផ្នែក​ច្បាប់​ដើម្បី​ធានា​ការផ្លាស់ប្តូរ​ឌីជីថល​នេះ​»​។​
 
​ចុងក្រោយ លោក Strayer បាន​សង្កត់ធ្ងន់ថា បណ្តា​រដ្ឋ​អាស៊ាន​ក៏​គួរ​ស្វែងរក​លទ្ធភាព​បង្កើត​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​សម្រេច​គោលដៅ​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង​សន្តិសុខ​អ៊ីនធឺណិត​នេះ ដ្បិតថា ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល ក្រុមហ៊ុន​ឯកជន​មាន​តួនាទី​ស្នូល​។ 
 
​គំនិត​ផ្តួ​ត​ផ្តើម​អាមេរិក​គាំទ្រ​អាស៊ាន​កសាង​សមត្ថភាព​
​តាមពិតទៅ ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូ​ប​នេះ​កំពុង​ស្ថិតនៅ​សិង្ហ​បុរី​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​បី​ផ្តោតលើ​សន្តិសុខ​អ៊ីនធឺណិត​ដើម្បី​ស្វែងយល់ និង​ចែករម្លែក​បទពិសោធន៍​ពាក់ព័ន្ធ​។ លោក​ក៏​នឹង​បន្ត​រួមទាំង​កម្មវិធី​វេទិកា​សប្តាហ៍​សន្តិសុខ​អ៊ីនធឺណិត (Cyber Security Week) ដែល​ត្រូវ​រៀបចំ​នៅ​សិង្ហ​បុរី​ដែរ​។​
 
​ជុំវិញ​គំនិត​ផ្តួចផ្តើម​អាមេរិក​ដើម្បី​គាំទ្រ​សមាជិក​អាស៊ាន​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត លោក Strayer បាន​រៀបរាប់ថា គោលនយោបាយ​អាមេរិក គឺ​ជួយ​តំបន់​ជារួម និង​ប្រទេស​ជា​ដៃគូ​នីមួយៗ​កសាង​សមត្ថភាព​ទប់ទល់​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​នេះ​។ ជួយ​គឺ​ធ្វើតាម​ការផ្តល់​ការហ្វឹកហ្វឺន​, អប់រំ​លើកកម្ពស់​ចំណេះដឹង​,​ចែករម្លែក​ព័ត៌មាន​ចាំបាច់ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​។​
 
​មន្ត្រី​រូបនេះ​បាន​លើក​ឧទាហរណ៍​មួយ​គឺ កម្មវិធី​ហ្វឹកហ្វឺន​នៅ​ប្រទេស​ទី​បី​ដែល​អាមេរិក​ចាប់ផ្តើម​រៀបចំ​ជាមួយ​សិង្ហ​បុរី​។ កម្មវិធី​នេះ​ផ្តោតលើ​បញ្ហា​ច្រើន​ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ វា​ត្រូវបាន​តម្រង់​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត និង សេដ្ឋកិច្ច​ឌីជីថល​។ 
 
«​តាមរយៈ​កម្មវិធី​ហ្វឹក​ហ្វឺ​នេះ យើង​បាន​ចូលរួម​បំពាក់បំប៉ន់​សមត្ថភាព​មន្ត្រី​រដ្ឋាភិបាល​អាស៊ាន​ជាច្រើន​នាក់​ដើម្បី​បង្កើន​ចំណេះដឹង​ជុំវិញ​បញ្ហា​សន្តិសុខ​នេះ​។ លើសពីនេះ ក្នុង​គម្រោង​ថ្នាក់​តំបន់ និង​កម្រិត​ទ្វេភាគី យើង​បាន​នាំ​មន្ត្រី​ជាច្រើន​នាក់​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចែករម្លែក​បទពិសោធន៍​អនុវត្ត​ជាក់ស្តែង​។ នេះ​ជា​រឿង​សំខាន់​ដែល​យើង​បន្ត​ត្រូវធ្វើ​»​។ លោក Strayer បាន​និយាយ​ដូច្នេះ​។​
 
​ទាក់ទិន​នឹង​ការ​ការផ្តល់​ជំនួយ​វិញ​នោះ លោក Strayer បាន​រំលឹក​ពី​គំនិត​ផ្តួចផ្តើម​ដែល​ប្រកាស​ដោយ​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ពេល​អញ្ជើញ​មក​ប្រជុំ​នៅ​សិង្ហ​បុរី​ចុងខែ​កក្កដា​កន្លងទៅ​។ លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​ពី​ការផ្សាភ្ជាប់​ឌីជីថល និង​ភាពជា​ដៃគូ​សន្តិសុខ​អ៊ីនធឺណិត​ដែល​ជំហាន​ដំបូង​ផ្តោតលើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ 
 
​លោក​បន្ថែមថា ក្នុង​ជំហាន​ដំបូង​អាមេរិក​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ ២៥ លាន​ដុល្លារ ហើយ​ថវិកា​នេះ​នឹង​ជួយ​ដល់​ការសហការ​ជាមួយគ្នា​ក្នុង​ក្របខណ្ឌ​រដ្ឋាភិបាល​ដើម្បី​ធានាថា ការរក្សាសន្តិសុខ​អ៊ឺ​ន​ធឺ​ណិ​ត​ក្នុង​តំបន់​ធ្វើបាន​ល្អប្រសើរ​៕
 

Tag:
 សន្តិសុខ​អ៊ី​ធឺ​ណិ​ត​
  Robert Strayer
  អាស៊ាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com