កីឡាជាតិ
ជាតិ
លោក វង សូត ហាម​កីឡាករ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ នា​ការប្រកួត​អាស៊ី​ប៉ា​រ៉ា​ហ្គេម​
22, Sep 2018 , 12:19 pm        
រូបភាព
លោក យី វាសនា (អាវក្រហម)ទទួលថវិកាពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
លោក យី វាសនា (អាវក្រហម)ទទួលថវិកាពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ដោយ:
​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​ណែនាំ​កីឡាករ ឲ្យ​ចៀសវាង​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្លួន និង​ប្រទេសជាតិ អំឡុងពេល​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​(Asian Para Games) លើក​ទី​៣​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែតុលា ខាងមុខ​។ បន្ថែម​លើ​នេះ លោក​ជំរុញ​ឲ្យ​កីឡាករ​បង្កើន​ការហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។

 
​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នឹង​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ចំនួន​៤៥​នាក់​លើ​៦​ប្រភេទ​កីឡា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Asian Para Games លើក​ទី​៣ ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ពីថ្ងៃ​ទី​១-១៤ ខែតុលា ឆ្នាំ​២០១៨​។ នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ពិការ​ទ្រង់ទ្រាយ​ធំ​ចូលរួម​ព្រឹត្តិការណ៍​នេះ ។ កាលពី​ឆ្នាំ​២០១៤ នៅ​ទីក្រុង​អ៊ិន​ឆន​ប្រទេស​កូរ៉េខាងត្បូង កម្ពុជា​បញ្ជូន​កីឡាករ​តែ​៣​រូប​ប៉ុណ្ណោះ​។ 


 
​នា​ពិធី​ជួប​សំណេះសំណាល​ជា​ប្រតិភូ​អត្ត​ព​លិ​ក​ពិការ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​កីឡាករ​ទាំងអស់​ឲ្យ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​គោរព​គោលការណ៍​និង​ច្បាប់​នៃ​ការប្រកួត​ឲ្យ​ខ្ជាប់ខ្ជួន​។ បន្ថែម​លើ​នេះ លោក ណែនាំ​កីឡាករ ឲ្យ​ចៀសវាង​ប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​ល្បិចកល​ក្នុងការ​យកឈ្នះ​គូប្រកួត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ និង​ខ្លួនឯង​ផ្ទាល់​។ 
 
«​ត្រូវ​គិតពី​មុខមាត់​និង​ផលប្រយោជន៍​ប្រទេសជាតិ​ជាធំ ជាជាង​គិតពី​លទ្ធផល​»​។ នេះ​ជាការ​ជំរុញ របស់​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ព្រោះ​លោក​យល់ថា ការប្រកួត​លទ្ធផល​ចាញ់​ឬ​ឈ្នះ​វា​រឿង​ធម្មតា​។ ជាមួយគ្នានេះ លោក​ជំរុញ​កីឡាករ​ឲ្យ​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ការប្រកួត​មួយ​នេះ​។ បន្ថែម​លើ​នេះ​លោក វង សូត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​ផ្សេងៗ​ផងដែរ​។ 
 
​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ អត្ត​ព​លិ​ក​លើ​៦​ប្រភេទ​កីឡា​ខាងលើ រួមមាន​អត្តពលកម្ម ហែល​ទឹក បាល់បោះ​ជិះរទេះ​នារី បាញ់​ធ្នូ វាយ​កូនឃ្លី និង​ធែ​ន​ពី​ន​ប៊ូ​លីង ទទួលបាន​ការប្រមូល​ផ្តុំ​ហ្វឹកហាត់​លក្ខណៈពិសេស​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​១​ខែ​។​


 
​តាមរយៈ​បទពិសោធ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​កន្លងមក លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ ពិសេស​លើ​កីឡាបាល់បោះ​ជិះរទេះ​នារី អត្តពលកម្ម និង​ហែល​ទឹក​។ ការរំពឹង​បែបនេះ ដោយសារ​កីឡា​ទាំង​៣​ខាងលើ​ធ្លាប់​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កម្រិត​អាស៊ី​នាពេល​កន្លងមក​។ 
 
​ជាក់ស្តែង​កាលពីពេល​កន្លងទៅ​ថ្មីៗ ក្រុមកីឡា​បាល់បោះ​ជិះរទេះ​នារី​ទទួលបាន​មេដាយ​សំរឹទ្ធ ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ថៃ ដែលមាន​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ចូលរួម​។ យ៉ាងណាមិញ​កីឡាហែលទឹក ធ្លាប់​ទទួលបាន​មេដាយ​ប្រាក់​ពី​ការប្រកួត​កម្រិតអាស៊ី​នៅ​កូរ៉េ​ផងដែរ​៕   
 

Tag:
 Asian Para Games
  វង សូត​
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com