កីឡាជាតិ
ជាតិ
លី​គ​៖ ទ័ព​ប៉ះ​ស្វាយរៀង​, ប៉ូលិស​ជួប​អាស៊ី​អឺរ៉ុប​, សូល​ទី​ឡូ​អង្គរ​ប្រជែង​ជាមួយ​អគ្គិសនី​កម្ពុជា​
22, Sep 2018 , 12:28 pm        
រូបភាព
កីឡាករ ឈិន ឈឿន ក្នុងជំនួបជាមួយអង្គរថាយហ្គឺរកាលពីពេលកន្លងទៅ
កីឡាករ ឈិន ឈឿន ក្នុងជំនួបជាមួយអង្គរថាយហ្គឺរកាលពីពេលកន្លងទៅ
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២១ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ សូល​ទី​ឡូ​អង្គរ បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាគមន៍​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៣​រសៀល មុន​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ប៉ះ​អាស៊ី​អឺរ៉ុប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​ល្ងាច និង​ក្រសួងការពារជាតិ​(​ទ័ព​) តទល់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​៦​ល្ងាច​។

 
​ទោះបី​អស់​ឱកាស​ប្រជែង​យក​ជើងឯក ឬ​ជើងឯក​រង​ក៏ដោយ តែ​ក្រសួងការពារជាតិ​ត្រូវការ​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ល្ងាច​នេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​ក្នុង​ការបន្ត​ប្រជែង​យក​ចំណាត់​លេខ​៣​ជាមួយ​វិសាខា​។ ប៉ុន្តែ ទ័ព​មាន​ភាគរយ​តិចតួច​បំផុត​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​នេះ​។ ព្រោះ​ទ័ព​ត្រូវការ​ឈ្នះ​ទាំងពីរ​ប្រកួត​ដែល​នៅសល់ ខណៈ​វិសាខា​ត្រូវការ​ត្រឹម​ស្មើ ឬ​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ​។ 
 
​បច្ចុប្បន្ន​ក្រសួងការពារជាតិ​ស្ថិតនៅ​លេខ​៤​ក្នុង​តារាង​មាន​៣៩​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​លេខ​៦​មាន​២៧​ពិន្ទុ​។ រីឯ​វិសាខា​ស្ថិតនៅ​លេខ​៣​ក្នុង​តារាង​មាន​៤៥​ពិន្ទុ​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​ខេត្តស្វាយរៀង ក្រសួងការពារជាតិ​បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ២-១​។ ក្នុងជំនួប​នោះដែរ មានការ​ប៉ះទង្គិច​គ្នា​រវាង​កីឡាករ​នៃ​ក្លិប​ទាំងពីរ ដែល​បណ្តាល​ឲ្យ​កីឡាករ​របស់​ទ័ព​ម្នាក់​រងរបួស និង​កីឡាករ​ជាច្រើនរូប​នៃ​ក្លិប​ទាំងពីរ​រង​ការពិន័យ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ គេ​សង្ឃឹមថា ការប្រកួត​ល្ងាច​នេះ កីឡាករ​នៃ​ក្លិប​ទាំងពីរ​មិន​បង្ក​ឲ្យ​មាន​រូបភាព​មិនល្អ​កើតមាន​ដូច​ជំនួប​ជើង​ទី​១​ឡើយ​។​
 
​នៅ​ថ្ងៃ​ល្ងាច​សៅរ៍​នេះដែរ​ក្រុម​ស្ថិតនៅ​លេខ​៩​អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​២៤​ពិន្ទុ​ក្នុង​ដៃ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ស្ថិតនៅ​លេខ​៨​មាន​២៦​ពិន្ទុ​អាស៊ី​អឺរ៉ុប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កាល​ជើង​ទី​១​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ឯណេះ​វិញ ក្រុម​សូល​ទី​ឡូ​អង្គរ​ទទួល​ស្វាគមន៍​អគ្គិសនី​កម្ពុជា ដែល​ពួកគេ​បាន​យកឈ្នះ ៣-០ កាលពី​ជើង​ទី​១៕   

Tag:
 Cambodian League 2018
  ទ័ព​
  ប៉ូលិស​
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com