ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច​៖ ការរស់រាន​និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា មិនអាច​គ្មាន​ការចូលរួម​ពី​វៀតណាម​ឡើយ​
22, Sep 2018 , 2:07 pm        
រូបភាព
សម្តេច ហ៊ុន សែន ជួបលោក Luong នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន ជួបលោក Luong នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ភាព​រស់រានមានជីវិត និង​ភាពរុងរឿង​របស់​កម្ពុ​ជា មិនអាច​កាត់ផ្ដាច់​បាន​ពី​ការចូលរួមចំណែក​រប​ស់​វៀតណាម​បានឡើយ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើកឡើង​នៅ​ចំពោះមុខ​លោក Luong Cuong ប្រធាន​អគ្គស្នងការ​នយោបាយ​នៃ​កងទ័ព​វៀតណាម​។


 
​ជំនួប​រវាង​អ្នក​ទាំងពីរ បានធ្វើ​ឡើង​កាល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។ ព័ត៌មាន​និង​លទ្ធផល​ស្តីពី​ជំនួប​នេះ ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ 
 
​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ បាន​សរសេរ​បែបនេះ​ថា​៖«​សម្ដេច ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​វៀតណាម ដែល​កន្លងមក​បាន​ជួយ​ដល់​កម្ពុជា​»​។
 
​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សម្តែង​ការសោកស្ដាយ ចំពោះ​មរណភាព​របស់លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម​។ 

 
អត្ថបទទាក់ទង

 
​ក្នុងជំនួប​ខាងលើ លោក Luong បាន​សាទរ​សម្ដេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្សកាន់អំណាច ដែល​ទទួលជោគជ័យ​សាជាថ្មី​ក្នុងការ​បោះឆ្នោត​។  បន្ទាប់មក ប្រធាន​អគ្គស្នងការ​នយោបាយ​នៃ​កងទ័ព​វៀតណាម​រូបនេះ ក៏បាន​លើកឡើង​ពី​លទ្ធផល​វិជ្ជមាន ដែល​ទទួលបាន​ពី​ជំនួប​រវាង​លោក​ជាមួយនឹង​សម្តេច ទៀ​បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​។ 
 
«​លោក Luong បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា លោក​បាន​ជួបពិភាក្សា​ជាមួយ​សម្ដេច ទៀ បាញ់ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​នយោបាយ​លើ​ពិភពលោក និង​ក្នុង​តំបន់ រួមទាំង​ការពង្រឹង​មិត្តភាព ដើម្បី​រក្សាសុខ​សន្តិភាព ស្ថិរភាព  និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ​»​។ នេះ​បើតាម​ព័ត៌មាន​ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដដែល​៕  
 

Tag:
 ហ៊ុន សែន​
  កម្ពុជា​
  វៀតណាម​
  Luong Cuong
© រក្សាសិទ្ធិដោយ thmeythmey.com