អន្តរជាតិ
ដើម្បី​ប្រយោជន៍​ជាតិ អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ចង់​ចាប់​ផើ្ត​ម​កិច្ចសន្ទនា​ផ្សះផ្សារ​ជាតិ
22, Sep 2018 , 3:59 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ (Thaksin Shinawatra) បានបង្ហាញ​ការខកចិត្ត​ចំពោះ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​រាជាណាចក្រ​ថៃ នា​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ លោក អះអាងថា ស្ថានភាព​របស់​ប្រទេស​កាន់តែ​អាក្រក់ ក្រោយពី​យោធា​ដឹកនាំ ហើយ​លោក ក៏​ចង់​ឲ្យ​អ្នកពាក់ព័ន្ធ​នយោបាយ​ផ្តើម​កិច្ចសន្ទនា​ជាមួយនឹង​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​។​


 
​នៅ​ថ្ងៃ​១៨ កញ្ញា ពោលគឺ​មុន​មួយថ្ងៃ នៃ​ខួប​លើក​ទី​១២ នៃ​រដ្ឋប្រហារ​យោធា​ទម្លាក់​រូបលោក​ចេញពី​តំណែង លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បាន​ចោទប្រកាន់​លើ​ការធ្វើ​រដ្ឋប្រហារ​យោធា​កន្លងមក ថា​ជា​ឬ​សគល់ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ ស្ថិតនៅក្នុង​ស្ថានភាព​មិន​ល្អ និង​ត្រូវបាន​អ្នក​ខាងក្រៅ​វាយតម្លៃ​មិនល្អ​លើ​ប្រជាជាតិ​ថៃ​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​ពី​ការព្យាយាម​បំបាត់​អ្នកនយោបាយ​ត្រកូល ស៊ីណា​វ៉ា​ត់ ក្នុង​រយៈពេល ១២​ឆ្នាំ​មកនេះ តាមរយៈ​រដ្ឋប្រហារ​យោធា ខណៈដែល អ្នកនយោបាយ​វង្ស​ត្រកូល​មួយ​នេះ មានការ​គាំទ្រ​ភាគច្រើន​ពី​ប្រជាជន​ថៃ​ក៏ដោយ​។ លោក បន្តថា មាន​ក្រុម​មួយ​ក្តាប់​តូច​បាន​ក្លាយជា​អ្នក​មានបាន ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ជារួម កាន់តែ​អាក្រក់ ដោយសារតែ​រដ្ឋប្រហារ​យោធា​ទាំង​ពីរលើក​នេះ​។ 
 
​ជាមួយនឹង​ការបន្ទោស​នេះ​ផងដែរ លោក​អតីត​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ត្រង់ៗ​ឲ្យ​អ្នកពាក់ព័ន្ធ​នយោបាយ​ថៃ​ផ្តើម​កិច្ចសន្ទនា​នយោបាយ​ដើម្បី​ផលប្រយោជន៍​ជាតិ​វិញ​។ « វា គួរតែ​ដល់ពេល​ហើយ ដែល​យើង ត្រូវ​តទល់​មុខ​គ្នា ហើយ​ចាប់ផ្តើម ជជែក​គ្នា​ដើម្បី​ផលប្រយោជន៍​? ឬមួយ យើង​ត្រូវ​បន្ត​វាយប្រហារ​គ្នា​បែបនេះ​តទៅទៀត​?» នេះ គឺជា​ការលើកឡើង​រប​ស់លោក ថាក់ស៊ីន នៅក្នុង​សំណេរ​ហ្វេ​ស​ប៊ុ​ក​នោះ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់ បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅ​ឆ្នាំ​២០០១ ក៏ប៉ុន្តែ លោក ត្រូវបាន​រង​នូវ​រដ្ឋប្រហារ​ទម្លាក់​ដោយ​យោធា​ក្នុង​ឆ្នាំ​២០០៦ ខណៈពេលដែល​កំពុងតែ​ដឹកនាំ​ប្រតិភូ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​។ រដ្ឋប្រហារ​យោធា​ទម្លាក់​រូបលោក ដោយ​ក្រោម​បទ​ចោទថា លោក បាន​ប្រព្រឹត្ត​អំពើពុករលួយ និង ប្រើប្រាស់​អំណាច​ខុសច្បាប់​។ 
 
​វាសនា​មិន​ខុសគ្នា​ផងដែរ នៅ​ឆ្នាំ​២០១៤ ប្អូនស្រី​បង្កើត​របស់លោក គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ក៏​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​រដ្ឋប្រហារ​យោធា​ដូចគ្នា ក្រោម​ការចោទប្រកាន់ថា លោកស្រី បាន​ដឹកនាំ​ប្រទេស​ឲ្យ​វឹកវរ ខូច​សណ្តាប់ធ្នាប់  និង​មាន​បែងចែក​និន្នាការ​នយោបាយ​។ អ្នកនយោបាយ​ទាំងពីរ កំពុងតែ​ក្រោម​ការចោទប្រកាន់​ពី​តុលាការ​ថៃ និង​ដីកាចាប់ខ្លួន​ផងដែរ​៕ 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com