ពីនេះ ពីនោះ
ត្រី​ឆ្ពិន ក៏​ជា​មុខម្ហូប​ប្រចាំថ្ងៃ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ
22, Sep 2018 , 7:59 pm        
រូបភាព
​ស្ត្រី​មេផ្ទះ​ម្នាក់ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​លើក​បង្ហាញ​ត្រី​ឆ្ពិន​មួយ​ក្បាល គាត់​ទិញ​ពី​អ្នកនេសាទ ដែល​ចាប់បាន​ក្នុង​ទន្លេមេគង្គ ។ រូបភាព​៖ ឈុត ឈា​ណា​
​ស្ត្រី​មេផ្ទះ​ម្នាក់ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​លើក​បង្ហាញ​ត្រី​ឆ្ពិន​មួយ​ក្បាល គាត់​ទិញ​ពី​អ្នកនេសាទ ដែល​ចាប់បាន​ក្នុង​ទន្លេមេគង្គ ។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
 ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ត្រី​ឆ្ពិន ក៏​ជា​អាហារ​ប្រចាំថ្ងៃ ដែល​សម្តេច​ចូលចិត្ត​។ ពេល​នៅក្នុង​គេហដ្ឋាន សម្តេច​តែងតែមាន​ត្រី​ឆ្ពិន​អាំង ជ្រលក់​ជាមួយ​ទឹកត្រី​អម្ពិល​ទុំ ជាប្រចាំ​ថ្ងៃ​។ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ២៧,៤៤៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤ នៅ ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ថ្ងៃ​ណា​ក៏ត្រូវ​មាន​ត្រី​ឆ្ពិន​មួយ​ដែរ ហើយ​ត្រី​ឆ្ពិន​ហ្នឹង អាសូរ​ត្រី​ឆ្ពិន​បឹង​ទៅ គឺ​ត្រី​ឆ្ពិន​គេ​ចិញ្ចឹម​ហ្នឹង អានេះ​ឆ្ងាញ់​ណាស់ កុំ​សូវ​ពេក ថ្មើរ​ហ្នឹង ប្រសិនបើ​មាន​អ្នក​អាំងត្រី​ហ្នឹង វា​ធុំក្លិន​មក​ឈ្ងុយ​ហ្មង អានេះ​!»​។​

 
​ខាងក្រោម​នេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ Wonders of the Mekong សូម​លើកយក​ត្រី​ឆ្ពិន​ចំនួន​បួន​ប្រភេទ មក​បង្ហាញ​ជួន​។ 
 
​ទីមួយ​៖ ត្រី​ឆ្ពិន​ធំ ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ  (Hypsibarbus lagleri) មាន​ប្រវែង​ដងខ្លួន​អតិបរមា ៤០​ស​.​ម​។ ត្រី​ប្រភេទ​នេះ រស់​នៅតាម​ទន្លេធំៗ នៅ​រដូវប្រាំង ហើយ​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​ទន្លេ​ទំហំ​មធ្យម ក្នុង​រដូវវស្សា​។ វា​ស៊ី វារិ​ជាតិ កូន​ត្រី​តូចៗ ជន្លេន និង​ពពួក​ខ្ចៅ ខ្យង និង​កំពឹស​ជា​អាហារ​។ ត្រី​ឆ្ពិន​មាស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Vulnerable) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​ងាយ​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។​
 
​ទី​ពីរ​៖ ត្រី​ឆ្ពិន​មូល ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ  (Hypsibarbus malcolmi)  និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Goldfin tinfoil barb​។ មាន​ប្រវែង​ដងខ្លួន​អតិបរមា ៥០ ស​.​ម​។ វា​រស់នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក ដល់​បាត​ក្នុង​ទន្លេធំ និង​មធ្យម​។ ក្នុង​រដូវប្រាំង វា​រស់នៅក្នុង​ទន្លេធំៗ និង​ចូលទៅក្នុង​ទន្លេ​ទំហំ​មធ្យម ក្នុង​រដូវវស្សា​។ វា​ស៊ី​ពពួកសត្វ​ល្អិត​តូចៗ ដង្កូវ និង​កាកសំណល់​ផ្សេងៗ ជា​អាហារ​។ ត្រី​ឆ្ពិន​មាស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។​
 
​ទី​បី​៖ ត្រី​ឆ្ពិន​ក្រហម ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Hypsibarbus vernayi) មាន​ប្រវែង​ដងខ្លួន​អតិបរមា ២១.៦ ស​.​ម និង​ទម្ងន់​អតិបរមា ២៥០.០០​ក្រាម​។ វា​រស់​នៅតាម​ទន្លេធំ ៗ ជាពិសេស​នៅតាម​តំបន់​ដែលមាន​រុក្ខជាតិ​ដុះ​ច្រើន​នៅតាម​មាត់ទន្លេ​។ វា​មិន​រស់នៅក្នុង​ទឹកនឹង​ទេ​។ វា​ស៊ី​កំពឹស និង​ខ្ចៅ ខ្យង និង​រុក្ខជាតិ​ក្នុងព្រៃ​លិច​ទឹកជា​ច្រើន​ប្រភេទ​។ ត្រី​ឆ្ពិន​ក្រហម ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។​។​
 
​ទី​បួន​៖ ត្រី​ឆ្ពិន​មាស ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Hypsibarbus wetmorei) មាន​ប្រវែង​ដងខ្លួន​អតិបរមា ៤៦ ស​.​ម និង​ទម្ងន់​អតិរ​មា ១.៤​គីឡូក្រាម​។ វា​រស់នៅ​ពី​ពាក់កណ្តាល​ជម្រៅ​ទឹក ទៅដល់​បាតទន្លេ​មធ្យម នៅក្នុង​ព្រៃ​លិច​ទឹក​។ ត្រី​ប្រភេទ​នេះ មិនត្រូវ​បាន​គេ​ដឹងថា វា​ធ្វើចរាចរ​ផ្លាស់​ទី​ទេ ប៉ុន្តែ វា​អាច​ធ្វើចរាច​ផ្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ នៅ​កំឡុងពេល​កម្រិត​ទឹក​ទ​ន្ល​ឡើង​ខ្ពស់​។ វា​ស៊ី​វារិ​ជាតិ កូន​ត្រី​តូចៗ ជន្លេន និង​ពពួក​ខ្ចៅខ្យង និង​កំពឹស​ជា​អាហារ​។ ត្រី​ឆ្ពិន​មាស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com