ភ្នំពេញ៖ “ផ្នូរគ្មានឈ្មោះ” ជាភាពយន្តឯកសារបង្ហាញពីរឿងពិតរបស់ផលិតករ ប៉ាន់ រិទ្ធី ដែលប្រឹងប្រែងស្វែងរកឆ្អឹងរបស់សាច់ញាតិ ដែលស្លាប់នៅសម័យខ្មែរក្រហម។ រឿងនេះស្ដែងឱ្យឃើញពីភាពសោកសង្រេង របស់អ្នករស់រានមានជីវិត ព្រមទាំងព្រលឹងដែលបានស្លាប់កាលពីសម័យសង្គ្រាម។ “ផ្នូរគ្មានឈ្មោះ” ក៏កំពុងស្ថិតក្នុងការពិចារណារបស់គណៈកម្មការអូស្ការ សម្រាប់ដាក់ក្នុងជម្រើស Best Foreign Language Film Oscar នាព្រឹត្តិការណ៍ Academy Awards លើកទី៩១ ដែរ។
ព្រលឹងវង្វេងក្នុងព្រៃដែលគេយកទៅសម្លាប់ មិនអាចស្គាល់ផ្លូវមកផ្ទះវិញ ពួកគេដឹងត្រឹមតែអ្វីដែលមាននៅជុំវិញខ្លួន។ ខំស្វែងរកពីកន្លែងមួយទៅកន្លែងមួយផ្សេងៗ ឱ្យតែមានតម្រុយថា ប្រហាក់ប្រហែល នេះជាអ្វីដែលតួរអង្គក្នុងរឿងបានធ្វើ។ ភាពយន្តបង្ហាញពីបុរសវ័យចំណាស់ពីររូប ជាអ្នករស់រានមានជីវិត ពីរបបដ៏ឃោរឃៅនេះ រម្លឹកពីព្រឹត្តិការណ៍ដែលកើតឡើងសម័យនោះ។ ពីធីហៅព្រលឹងតាមបែបប្រពៃណីខ្មែរ ក៏មានបញ្ចូលក្នុងសាច់រឿងនេះដែរ។
អ្នកទស្សនាមួយរូបកញ្ញា តឹក ច័ន្ទរចនា មកមើលភាពយន្តនេះដោយសារតែនាងធ្លាប់ដឹងទឹកដៃរបស់អ្នកនិពន្ធ។ ភាពយន្តនេះធ្វើឱ្យ រចនា ទទួលបានចំណេះដឹងច្រើនបន្ថែមទៀត លើអ្វីដែលនាងធ្លាប់ដឹងពីរបបខ្មែរក្រហម។ ភាពមិនច្បាស់លាស់ ថាសាច់ញាតិរបស់ខ្លួនស្លាប់ឬរស់ ជាចំណុចដែល រចនា ចាប់អារម្មណ៍ពីក្នុងរឿងទាំងមូល។ ច័ន្ទរចនា បញ្ជាក់ថា៖«ខ្ញុំចាប់អារម្មណ៍ត្រង់ រឿងនេះបង្ហាញអំពីភាពមិនច្បាស់លាស់ថាសាច់ញាតិស្លាប់ ឬ រស់ ហើយមិនដឹងថាគេយកទៅកប់នៅឯណាទៀត។ វាបង្ហាញឱ្យឃើញថា ស្លាប់នៅសម័យសង្គ្រាម ដែលគេយកទៅសម្លាប់នៅកន្លែងមួយច្រើនគ្នា គឺពិតជាពិបាករកឆ្អឹងណាស់»។
កញ្ញា សែត ហត្ថា វ័យ២៦ឆ្នាំ ក៏ជាអ្នកបានទស្សនារឿងនេះដែរ។ មានជំនឿលើព្រលឹង ព្រោះនាងក៏ធ្លាប់ជួបរឿងបែបនេះពីមុនដែរនោះ ហត្ថា យល់ថាភាពយន្តនេះបានបង្ហាញគំនិតជ្រៅ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គម។ ជាអ្នកនិពន្ធមួយរូបដែរនោះ ហត្ថា ថារឿងនេះពិតជាបានផ្ដល់ចំណេះច្រើនទៅដល់អ្នកទស្សនា និងបានបង្ហាញពីជំនឿរបស់ប្រជាជនខ្មែរផងដែរ។ «ក្នុងរឿងនេះគេបង្ហាញពីការស្វែងរកព្រលឹងអ្នកស្លាប់។ ខ្ញុំជឿថាមនុស្សយើងអាចនិយាយជាមួយព្រលឹងបាន ព្រោះខ្ញុំក៏ធ្លាប់ជួបដែរ។ វាពិតជាសំខាន់ដែលយើងបានសិក្សាពីរឿងទាំងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា សេត ហត្ថា។
កាលពីឆ្នាំ២០១៣ ភាពយន្តរឿង «កង្វះរូបភាព» (The Missing Picture) បានស្ថិតក្នុងជម្រើសរបស់គណៈកម្មការជ្រើសរើសភាពយន្តប្រកួតក្នុងមហោស្រពភាពយន្តពិភពលោក ពានរង្វាន់អូស្ការ ហើយ៥ឆ្នាំក្រោយ ផលិតករខ្មែរ-បារាំង ប៉ាន់ រិទ្ធី បានទាក់ទាញចំណាប់អារម្មណ៍ម្តងទៀតលើស្នាដៃរឿង «ផ្នូរគ្មានឈ្មោះ» (Graves without a name)។ គណៈកម្មការអូស្ការកំពុងពិចារណាសម្រាប់ដាក់ក្នុងជម្រើស Best Foreign Language Film Oscar នាព្រឹត្តិការណ៍ Academy Awards លើកទី៩១ ។
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា ដែលបានរួមចំណែកផលិតភាពយន្តនេះ លើកឡើងថារឿង «ផ្នូរគ្មានឈ្មោះ» ជាប្រភពដ៏សំខាន់មួយ ដើម្បីឱ្យក្មេងជំនាន់ក្រោយ បានស្វែងយល់បទពិសោធន៍ពីអតីតកាល ដើម្បីសិក្សាពីបច្ចុប្បន្ន និងអនាគត។ «មជ្ឈមណ្ឌលបុប្ផាណាជាកន្លែងរក្សាទុកភាពយន្តឯកសារ ដូច្នេះភាពយន្តមួយនេះ វាមានតម្លៃសម្រាប់ប្រជាជនខ្មែរគ្រប់រូប»។ នេះជាការបញ្ជាក់របស់លោក ជា សុភាព។
គណៈកម្មាធិការជ្រើសរើសរឿងនៃពានរង្វាន់ Oscar អ្នកស្រី Mariam Arthur ឱ្យដឹងថា រឿង «ផ្នូរគ្មានឈ្មោះ» កំពុងស្ថិតក្នុងការពិចារណារបស់គណៈកម្មាធិការជ្រើសរើសរឿង។ អ្នកស្រីថា ភាពយន្តនេះអាចមានឱកាសច្រើនដើម្បីក្លាយខ្លួន ជាជម្រើសសម្រាប់យកទៅប្រកួតប្រជែងពាន់រង្វាន់ Oscar លុះត្រាណាតែរឿងនេះបានបញ្ចាំងនៅក្នុងស្រុកយ៉ាងហោចណាស់មួយសប្ដាហ៍ ហើយមានអ្នកគាំទ្រច្រើន។ ជារួមក្នុងនាមជាគណៈកម្មាធិការជ្រើសរើសរឿង អ្នកស្រី ពេញចិត្តភាពយន្តមួយនេះ ព្រោះវាបានបង្ហាញអំពីតថភាពសង្គម។ អ្នកស្រី Mariam Arthurr បញ្ជាក់៖«រឿងនេះអាចក្លាយជាជម្រើសសម្រាប់គណៈកម្មការ លុះត្រាតែវាមានការគាំទ្រច្រើនក្នុងស្រុកជាមុនសិន»។
ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស ក៏បានលើកឡើងថា ភាពយន្ត”ផ្នូរគ្មានឈ្មោះ”នេះ មានគុណតម្លៃមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាទេ តែវាក៏សម្រាប់ពិភពលោក សិក្សាពីបទពិសោធន៍ដ៏ជូរចត់នេះដែរ។ ក្នុងនាមជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក បូរក្ស ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមកមើលភាពយន្តឯកសារនេះដែរ។ លោកប៉ុក បូរក្ស បន្ថែម៖ «ភាពយន្តជាច្រើនរបស់លោក ប៉ាន់ រិទ្ធី បានធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើន។ ខ្ញុំលើកទឹកចិត្តឱ្យប្រជាជនខ្មែរមើលរឿងនេះឱ្យបានច្រើន ព្រោះវាបង្ហាញពីបទពិសោធន៍ និងសម្រាប់សិក្សាថ្ងៃអនាគត»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ខែកញ្ញាតទៅ ភាពយន្ត”ផ្នូរគ្មានឈ្មោះ” ដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ារីស អេដិន ក្នុងមជ្ឈមណ្ឌលបុប្ដាណា, ឡឺ ស៊ីនេម៉ា ក្នុងវិទ្យាស្ថានបារាំង, Legend Cinema (Exchange Square Premium and Eden Garden), Prime Cineplex Sovanna។ សម្រាប់តែរោងភាពយន្ត Major Cineplex by Smart (AEON Mall, Sorya Center Point, Siem Reap) តម្លៃសំបុត្រត្រឹមតែ៣ដុល្លារ និង២ ដុល្លារតែប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលទទួលបាន រោងភាពយន្តនិងផ្ដល់ដល់មជ្ឈមណ្ឌលបុប្ផាណា៕