ជាតិ
សង្គមជាតិ
លោក អាគី​រ៉ា និង គ្នីគ្នា​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​
22, Sep 2018 , 4:41 pm        
រូបភាព
លោក អាគីរ៉ា និងគ្នីគ្នា ពេលត្រូវបានឃាត់ខ្លួន
លោក អាគីរ៉ា និងគ្នីគ្នា ពេលត្រូវបានឃាត់ខ្លួន
ដោយ: ថ្មីៗ
​លោក អាគី​រ៉ា ដែល​គេ​ឲ្យ​តម្លៃ​ថា​ជា​វីរបុរស​ខាង​ដោះមីន​នៅ​កម្ពុជា រួមទាំង​គ្នីគ្នា​ពីរ​នាក់​ទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្តសៀមរាប ចេញ​ដីកា​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​តុលាការ​ខេត្តសៀមរាប​។


 
​ប្រធាន​លេខាធិការ​ផ្នែក​រដ្ឋបាល​រូបនេះ បានប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ យ៉ាង​ដូច្នេះ​ថា​៖«​គេ ដោះលែង​ពួកគាត់​ហើយ តាម​សំណើ​របស់​មេធាវី​របស់​ពួកគាត់​»​។  លោក​បន្តថា ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ឲ្យ​អ្នក​ទាំងបី នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ មិនទាន់​ទម្លាក់​បទ​ចោទ​នោះទេ​។​
 
​ដរាបណា​បទ​ចោទ មិនទាន់​ត្រូវបាន​ទម្លាក់ចោល អ្នក​ទាំងនោះ នៅតែមាន​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ ហើយ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​ចៅក្រម​ស៊ើបសួរ​និង​សមត្ថកិច្ច​ដដែល​។ ក្នុងន័យនេះ ចៅក្រម​ស៊ើបសួរ អាច​ហៅ​ពួកគេ ទៅ​សួរ បាន​គ្រប់ពេល បើ​យល់ថា​ចាំបាច់​។ 
 
​ម្យ៉ាង​ទៀ​ត ​អង្គការ​សារមន្ទីរ​គ្រាប់មីន ដែលមាន​លោក អាគី​រ៉ា​ជា​ប្រធាន មិនទាន់ទទួលបានការ​អនុញ្ញាត ​ឲ្យ​ដំណើរ​ការឡើងវិញ នៅឡើយ​ទេ​។ លោក យិន ស្រាង បញ្ជាប់​បែបនេះ​ថា​៖«​អង្គការ​នេះ មិនទាន់​ឲ្យ​បើកទ្វារ​ទេ ព្រោះ​គេ នៅ​បន្ត​ស៊ើប​អ​ង្កេ​ត​»​។ 
 
​លោក អាគី​រ៉ា និង​មនុស្ស​ពីរ​នាក់​ទៀ​ត ដែល​ម្នាក់​ជា​អនុប្រធាន និង​ម្នាក់​ជា​បុគ្គលិក​របស់​អង្គការ​សារមន្ទីរ​មីន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​សមត្ថកិច្ច សង្ស័យថា «​លាក់​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ដោយ​ខុសច្បាប់» ។ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឃុំ​ពួកគេ​។ ក្រោយមក អង្គការ​របស់​ពួក ក៏ត្រូវ​បិទ​។  
 
​សូម​រម្លឹក លោក អាគី​រ៉ា មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ដោយ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​វីរបុរស​ឆ្នើម​របស់​ទូរទស្សន៍ CNN នៅ​ឆ្នាំ​២០១០ តាមរយៈ​សកម្មភាព​ដាក់​និង​ដោះមីន យ៉ាង​ស្ទាត់ជំនាញ​របស់លោក​។ តាមរយៈ​ជំនាញ​នេះ លោក អាគី​រ៉ា ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​កិត្តិយស​ពី​ប្រទេស​កូរ៉េខាងត្បូង កាល​ឆ្នាំ​២០១២ ផងដែរ​៕

អត្ថបទទាក់ទង
 

Tag:
 អាគី​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com