អន្តរជាតិ
យោធា​អាមេរិក​វាយប្រហារ​តាម​អាកាស​សម្លាប់​ពួក​ជ្រុលនិយម al-Shabab ១៨​នាក់​
23, Sep 2018 , 11:59 am        
រូបភាព
ដោយ: VOA
​កង​យោធា​សហរដ្ឋអាមេរិក​និយាយថា ខ្លួន​បានធ្វើការ​វាយប្រហារ​តាម​អាកាស​ដែល​បានសម្លាប់​ពួក​ជ្រុលនិយម al-Shabab ១៨​នាក់ បន្ទាប់ពី​កងកម្លាំង​អាមេរិក​និង​កងកម្លាំង​ក្នុងស្រុក​បាន​រង​ការវាយប្រហារ​នៅ​គាគ​ខាងត្បូង​ប្រទេស​សូ​ម៉ាលី​។​

 
​បញ្ជាការដ្ឋាន​អាហ្វ្រិក​អាមេរិក AFRICOM បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការវាយប្រហារ​តាម​អាកាស​នេះ ធ្វើឡើង​ក្នុងការ​ការពារ​ខ្លួន នៅ​ថ្ងៃ​សុក្រ ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កំពង់ផែ Kismayo​។ សេចក្តីថ្លែងការណ៍​និយាយថា ពួក​ជ្រុលនិយម al-Shabab ២​នាក់​ទៀត​ត្រូវ​កងកម្លាំង​សូ​ម៉ាលី​សម្លាប់​ក្នុងការ​ប្រយុទ្ធ​ដោយ​អាវុធ​ធុន​តូច​។​
 
​អ្នកនាំពាក្យ​របស់​បញ្ជា​ការដ្ឋាន​អាហ្វ្រិក​អាមេរិក បាន​និយាយថា កងកម្លាំង​អាមេរិក​ឬ​សម្ព័ន្ធមិត្ត​មិនមាន​រងរបួស​ទេ​។ ការវាយប្រហារ​តាម​អាកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ជ្រុលនិយម អង្កេត​ការ​ល្បាត​រួមគ្នា​រវាង​កងកម្លាំង​អាមេរិក​និង​សូ​ម៉ាលី​។​
 
​សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជាង​២០​ដង នៅ​ឆ្នាំនេះ​ប្រឆាំងនឹង​ក្រុម al-Shabab ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវកម្ម al-Qaida ដែលជា​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ដ៏​គ្រោះថ្នាក់​នៅ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​ខាងត្បូង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com