អន្តរជាតិ
ទាហាន​ច្រើន​នាក់​ស្លាប់​និង​របួស​ក្នុងការ​វាយប្រហារ​លើ​ក្បួនព្យុហយាត្រា​យោធា​អ៊ីរ៉ង់
23, Sep 2018 , 4:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: VOA
​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​រាយការណ៍​ថា មនុស្ស​២៤​នាក់​ត្រូវបាន​សម្លាប់​និង​ជាង​៥០​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ទៅលើ​ក្បួន​បួន​ព្យុហយាត្រា​យោធា​នៅ​តំបន់​អារ៉ាប់ Ahvaz នៃ​ប្រទេស​អ៊ីរ៉ង់​។​

 
​លោក​ប្រធានាធិបតី Hassan Rouhani បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​សន្ដិសុខ​របស់​អ៊ីរ៉ង់​កំណត់​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ ក្រុម​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​បាន​បាញ់កាំភ្លើង​ស្វ័យប្រវត្តិ​ជាង​១០​នាទី​ទៅលើ​អ្នកចូលរួម​ព្យុះ​ហយា​ត្រា​យោធា​មួយ​នៅ​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍​។ 
 
​មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់​និង​ជាង​៥០​នាក់​រងរបួស​។ ពួក​អ្នកស្លាប់​ភាគច្រើន​ត្រូវបាន​គេ​រាយការណ៍​មក​ថា ជា​ទាហាន​ពិសេស​នៃ​កងទ័ព Revolutionary Guard របស់​អ៊ីរ៉ង់​។ ទូរទស្សន៍​អ៊ីរ៉ង់​បានបង្ហាញ​រថយន្ត​សង្គ្រោះ​ដែល​ដឹក​ជនរងគ្រោះ​រាប់សិប​នាក់​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ខណៈ​អ្នក​ផ្សេងទៀត​កំពុង​ជួយ​អ្នករបួស​។​
 
​លោក Hassan Shahvarpour មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ Revolutionary Guard នៅ​ខេត្ត Khuzestan បាន​ប្រាប់​ទូរទស្សន៍​អ៊ីរ៉ង់​ថា អ្នក​វាយប្រហារ​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅនឹងកន្លែង ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​របួស​ហើយ​ម្នាក់ទៀត​ត្រូវ​ចាប់ខ្លួន​។​
 
​ទូរទស្សន៍​បង្ហាញថា លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត បាន​ចាក​ចេញពី​ក្បួនព្យុហយាត្រា​មួយកន្លែង​ទៀត​នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​គេ​ប្រាប់​អំពី​ការវាយប្រហារ​ក្បួនព្យុហយាត្រា​នៅ Khuzestan​។​
 
​មាន​របាយការណ៍​ខុសគ្នា​អំពី​អ្នកទទួលខុសត្រូវ​ការ​វាយប្រហារ​នោះ ប៉ុន្តែ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​មួយ​ដែល​ហៅ​ខ្លួនឯង​ថា «​ចលនា​តស៊ូ​អារ៉ាប់​រំដោះ Ahvaz បានប្រកាសថា ខ្លួន​ជា​អ្នកធ្វើការ​វាយប្រហារ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com