កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹង​អវត្តមាន​នា​ពិធី​ប្រកាស​ជ័យលាភី Best FIFA Player នៅ​ក្រុង​ឡុង​ដ៍​
24, Sep 2018 , 4:20 pm        
រូបភាព
Ronaldo ដែលឈ្នះពាន Best fifa Award កាលពីឆ្នាំ២០១៧
Ronaldo ដែលឈ្នះពាន Best fifa Award កាលពីឆ្នាំ២០១៧
​ការប្រកាស​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ (Best Fifa Football Awards 2018) ដែល​ធ្វើឡើង​នៅ​ក្រុង​ឡុង​ដ៍​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា​នេះ នឹង​មិនមាន​វត្តមាន Cristiano Ronaldo ឡើយ​។​


 
​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​សេះបង្កង់ Juventus រូបនេះ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​៣​នាក់​ចុងក្រោយ ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Luka Modric និង​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah របស់ Liverpool ដើម្បី​ប្រជែង​ពាន​ចុងក្រោយ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA សម្រាប់​ឆ្នាំ​២០១៨​។​
 
​បើតាម​ការផ្សាយ​របស់​កាសែត​អេ​ស្ប៉ា​ញ Marcar ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំនេះ នឹងមិន​ទៅ​ចូលរួម​ការប្រកាស​លទ្ធ​ផល​នេះ​ទេ​ដោយសារ​មូលហេតុ​មមាញឹក​នឹង​ការប្រកួត​សម្រាប់​ក្រុម​ជើងឯក​អ៊ីតាលី​។ Best FIFA Player ធ្វើឡើង​ដើម្បី​អបអរ​សម្រាប់​សមិទ្ធផល និង​ទេពកោសល្យ​របស់​កីឡាករ​បាល់ទាត់​ម្នាក់ៗ​ក្នុងកំឡុងពេល​មួយ​រដូវ​កាល​។​
 
​មូល​ហេតុដែល​ម្ចាស់​ពាន Ballon d'Or ៥​សម័យ មិន​ធ្វើដំណើរ​ទៅ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​តាម​កាលកំណត់​នេះ ដ្បិត​ត្រូវ​ជួយ Juventus ទល់នឹង Bologna ក្នុង​ក្របខណ្ឌ Serie A នៅ​រាត្រី​ថ្ងៃទី​២៦ ខែកញ្ញា និង​ទើប​ប្រកួត​រួញ​កាលពី​ចុង​សប្តាហ៍​នេះ​។​
 
​កាលពី​កម្ម​វី​ធី ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប (Uefa men's Player of the Year) អតីត​កីឡាករ​ឆ្នើម Manchester United និង Real Madrid រូបនេះ​ក៏​មិនបាន​ទៅ​ចូលរួម​ដែរ​។​
 
Ronaldo ធ្លាប់​ឈ្នះ​ពាន​នេះ​២​ដង​ជាប់​គ្នា​រួចមកហើយ ពោលគឺ​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧៕
 

Tag:
 បាល់ទាត់​
  Best FIFA Player
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com