ជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៨ (Best Fifa Football Awards 2018) បានធ្លាក់ទៅលើដៃ Luka Modric នៅក្នុងកម្មវិធីប្រកាសចុងក្រោយដែលធ្វើឡើងនៅក្រុងឡុងដ៍នៅយប់ថ្ងៃទី២៤ ខែកញ្ញា។ Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុម Real Madrid ជាមួយ Modric ស្ថិតក្នុងលំដាប់ពិន្ទុទី២ប៉ុណ្ណោះក្នុងចំណោមបេក្ខភាព៣នាក់ចុងក្រោយ។
Best FIFA Player បង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដើម្បីអបអរសម្រាប់សមិទ្ធផល និងទេពកោសល្យរបស់កីឡាករបាល់ទាត់ម្នាក់ៗក្នុងអំឡុងពេលពេញមួយរដូវកាល។
FIFA បានសម្រេចជ្រើសយកបេក្ខភាពកីឡាករ៣រូបចុងក្រោយរួមមាន Luka Modric, Cristiano Ronaldo និង Mohamed Salah ដែលពួកគេសុទ្ធតែបានបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី និងក្លិបរបស់ពួកគេរៀងៗខ្លួន។
Ronaldo ដែលធ្លាប់ទទួលពាន Best FIFA Player ២លើកជាប់គ្នាចុងក្រោយ មិនអាចក្រសោបយកជាលើកទី៣ ដូចដែលគេជួយ Real លើកពាន Champions League ៣លើកជាប់គ្នានោះទេ។
ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មី Juventus រូបនេះបរាជ័យក្នុងការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA រូបគេបានខកខានក្នុងការទទួលបានពានរង្វាន់ពី FIFA នេះទៀត។ យ៉ាងណាក៏ដោយមូលហេតុដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំមិនអាចទទួលបានពានខាងលើនេះគឺមានហេតុផល ៥ យ៉ាង៖
១-ការចាប់ផ្តើមមិនសូវបានល្អសម្រាប់រដូវកាលថ្មី
Ronaldo បានផ្លាស់ពីទឹកដីអេស្ប៉ាញ ទៅកាន់ទឹកដីអ៊ីតាលីក្នុងតម្លៃខ្លួន ១១៥លានដុល្លារអាមេរិក ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនប៉ុន្មានប្រកួតដំបូងនៅក្របខណ្ឌ Serie A រូបគេមិនបានរកគ្រាប់បាល់ឲ្យ Juventus នោះទេ។
២-Luka Modric
Modric និង Ronaldo សុទ្ធតែបានជួយ Real លើកពាន Champions League រួមគ្នា។ តែអ្វីដែល Modric មានលើស Ronaldo គឺរូបគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យដើម្បីនាំជម្រើសជាតិក្រូអាស៊ីឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup។
៣-ភាពមិនស្ថិតស្ថេរ (ម្តងល្អ ម្តងមិនល្អ)
ភាពខ្លាំងរបស់ Ronaldo កាលពីរដូវកាលមុនពិតជាមាន ប៉ុន្តែភាពខ្សោយរបស់គេក៏បានដើរទន្ធឹមគ្នានោះដែរ។ រូបគេធ្វើបានល្អនៅក្របខណ្ឌអឺរ៉ុបតែការបង្ហាញខ្លួនក្នុងលីគ និងពានក្នុងស្រុកមួយចំនួនទៀតមិនទទួលបានផ្លែផ្កាឡើយ។
៤-ការខកចិត្តរបស់ព័រទុយហ្គាល់ក្នុង FIFA World Cup នៅរុស្ស៊ី
ម្ចាស់ពាន Ballon d'Or ៥សម័យ បានជួយក្រុមព័រទុយហ្គាល់លើកពាន Euro នៅបារាំងក្នុងឆ្នាំ២០១៦។ តែសម្រាប់ការបង្ហាញខ្លួននៅ World Cup ឆ្នាំ២០១៨ Ronaldo មិនអាចធ្វើព្យុះភ្លៀងបាននោះទេដោយព័រទុយហ្គាល់ធ្លាកត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងអ៊ុយរ៉ូហ្គាយក្នុងលទ្ធផល ២-១។
៥-កង្វះភាពជោគជ័យក្នុងស្រុក
បើទោះបីបានជួយ Real Madrid លើកពាន UEFA Champions League ៣រដូវកាលចុងក្រោយជាប់គ្នាក្តី តែ Ronaldo បរាជ័យដើម្បីនាំក្លិបយក្សអេស្ប៉ាញមួយនេះដណ្តើមពានក្នុងស្រុក La Liga និង Copa Del Rey សម្រាប់រដូវកាល ២០១៧-២០១៨៕