កីឡាអន្តរជាតិ
អន្តរជាតិ
លី​គ​កំពូល​ឥណ្ឌូណេស៊ី​ផ្អាក​២​សប្តាហ៍ ក្រោយ​ករណី​ឃាតកម្ម​លើ​អ្នកគាំទ្រ​ម្នាក់​
26, Sep 2018 , 9:19 pm        
រូបភាព
​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​ឥណ្ឌូណេស៊ី Liga 1 ត្រូវបាន​ផ្អាក បន្ទាប់ពី​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប Persija Jakarta ត្រូវបាន​សម្លាប់​ដោយ​ក្រុម​អ្នកគាំទ្រ​ក្លិប​ជា​គូប្រជែង Persib Bandung កាលពី​ចុង​សប្តាហ៍​មុន​។ នេះ​បើតាម​ការប្រកាស​របស់​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI)​។​

 
​លោក Edy Rahmayadi ប្រធាន (PSSI) បាន​ប្រាប់​កាសែត Jakarta Post នៅ​ថ្ងៃទី ២៥ ខែកញ្ញា​ថា ការស៊ើបអង្កេត​ទៅលើ​ការស្លាប់​របស់​អ្នកគាំទ្រ​ក្រុម Persija ម្នាក់​ឈ្មោះ Haringga Sirila គឺ​កំពុងតែ​ដំណើរការ​ហើយ​។​
 
«​យើង​ត្រូវ​ប្រាកដថា​ការធ្វើ​រោគវិនិច្ឆ័យ​គឺ​ត្រឹមត្រូវ​មុនពេល​យើង​ចាត់វិធានការ​។ យើង​មានច្បាប់ ហើយ​យើង​នឹងមាន​ការដាក់ទណ្ឌកម្ម​ចាប់ពី​កំរិត​ស្រាល​ដោយ​ការផាកពិន័យ ឬក៏​ដកហូត​សិទ្ធិ​មិន​ឲ្យ​ចូល​ទស្សនា​ផ្ទាល់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Rahmayadi​។​


 
Haringga អាយុ ២៣​ឆ្នាំ​ត្រូវបាន​ហ្វូងមនុស្ស​មួយក្រុម​វាយ​ឲ្យ​ស្លាប់​នៅក្បែ​កីឡដ្ឋាន Gelora Bandung Lautan Api មុន​ការប្រកួត​ចាប់ផ្តើម​ប​ន្តិ​ត​ប៉ុណ្ណោះ​រវាង​ម្ចាស់ផ្ទះ Persib Bandung និង Persija Jakarta កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​។ វីដេអូ​នៃ​ការសម្លាប់​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ិន​ធឺ​ណិ​ត​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​យ៉ាងខ្លាំង​។​
 
​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​ឥណ្ឌូនេស៊ី​លោក Imam Nahrawi ក៏បាន​គាំទ្រ​ការឈប់​សម្រាក​រយៈពេល​ពីរ​សប្តាហ៍​សម្រាប់​ការប្រកួត​ក្របខណ្ឌ Liga 1 ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​ហ្មត់ចត់​ផងដែរ​។​


 
​លោក Nahrawi បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Antara News ទៀតថា ការធ្វើ​បែប​ក៏​ដើម្បី​ជាការ​គោរព​ចំពោះ​ជនរងគ្រោះ និង​គ្រួសារ​សព ហើយ​នេះ​គឺជា​របៀប​នៃ​ការចូលរួម​រំលែក​ទុក្ខ​ដល់​ជនរួមជាតិ​របស់លោក​ដែរ​៕

Tag:
 បាល់ទាត់​
  ឥណ្ឌូណេស៊ី​
  Liga 1
  Haringga Sirila
© រក្សាសិទ្ធិដោយ thmeythmey.com