កីឡាអន្តរជាតិ
អន្តរជាតិ
Southgate ត្រៀម​បន្ត​ដឹកនាំ​អង់គ្លេស​ដល់ World Cup 2022 ដោយ​មិន​ទារប្រាក់​ឈ្នួល​ច្រើន​ឡើយ​
28, Sep 2018 , 8:39 am        
រូបភាព
​លោក Gareth Southgate ត្រៀម​បន្ត​កិច្ចសន្យា​ធ្វើជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​រយៈពេល​២​ឆ្នាំ​ទៀត​បន្ទាប់ពី​ដឹកនាំ​ទទួលបាន​ផ្លែផ្កា ដោយបាន​ថ្លៃ​នឿយហត់ ៣​លាន​ផោន (​ជិត​៤​លាន​ដុល្លារ​អាមេរិក​)​។​


 
​លោក Southgate ដែលជា​អតីត​សមាជិក​ជម្រើសជាតិ​អង់គ្លេស​ដែរ​នោះបាន​ដឹកនាំ​ក្រុម​រហស្សនាម​តោ​កំណាច​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​កន្លងទៅនេះ​។ បុរស​វ័យ​៤៨​ឆ្នាំ​រូបនេះ នឹង​ផុតកំណត់​កិច្ចសន្យា​នៅ​ឆ្នាំ​២០២០ ហើយ​ត្រៀម​គម្រោង​បន្ត​ឲ្យ​គ្រប់​៤​ឆ្នាំ ដើម្បី​នាំ​អង់គ្លេស​ឆ្ពោះទៅ World Cup ឆ្នាំ​២០២២ នៅ​កាតា នៅក្រោយពេល Euro ឆ្នាំ​២០២០​។ 
 
​កិច្ចព្រមព្រៀង​ថ្មី​របស់ Southgate នឹងត្រូវ​សម្រេច​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​។​
​លោក Southgate និង FA បាននិងកំពុង​ពិភាក្សា​អំពី​ការកែលម្អ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​នេះ​ក្រោយពី​បាន​នាំ​អង់គ្លេស​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ ១៩៩០ មក​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​អ្នកចាត់ការ​ទូទៅ Middlesbrough រូបនេះ​មិនបាន​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​នោះទេ ពោលគឺ​មិន​ដូច​អតីត​គ្រូ​ចាស់ Fabio Capello, Sven-Goran Eriksson និង Sam Allardyce ដែល​បាន​ប្រាក់ខែ​លើសលប់​តែ​មិនសូវ​ជោគជ័យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com