កីឡាអន្តរជាតិ
អន្តរជាតិ
VAR នឹង​ប្រើ​នៅ Asian Cup 2019 និង UCL ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ​
28, Sep 2018 , 7:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល Video Assistant Referee (VAR) នៅក្នុង​ព្រឹត្តិការណ៍​ការប្រកួត Asian Cup ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គភាព​គ្រប់គ្រង​កីឡា​ប្រចាំ​តំបន់​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​។ VAR ក៏​នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លួ​វ​ការ​ក្នុងការ​ប្រកួត​ពាន UEFA Champions League ចាប់ពី​រដូវ​កាល ២០១៩-២០២០ តទៅ​ដែរ​។​


 
AFC បាន​និយាយថា​ខ្លួន​បានទទួល​ការយល់ព្រម​ពី​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA និង​ក្រុមប្រឹក្សាភិបាល​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា IFAB ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ VAR នៅ Asian Cup ដែល​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ នៅ​ប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម​។​
 
​លើសពីនេះ​ទៀត​នោះ វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល​នេះ​ក៏​នឹង​ត្រូវយក​ទៅប្រើ​នៅ Euro 2020 UEFA Europa League ចាប់ពី​រដូវ​កាល ២០២០-២០២១ និង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Nations League ឆ្នាំ​២០២១ ផងដែរ​។ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA ប្រកាស​ដូច្នេះ​។​
 
​ប្រព័ន្ធ VAR ដែល​ត្រូវបាន​ប្រើ​ដោយ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី អនុញ្ញាត​ឲ្យ​អាជ្ញាកណ្តាល​ពិនិត្យឡើងវិញ​ជាមួយ​វីដេអូ​ដើម្បី​សម្រេចចិត្ត​កាត់សេចក្តី​លើ​កំ​ហុ​សំខាន់ៗ​ក្នុងអំឡុង​ការប្រកួត ដូចជា​ការផ្តល់​កាត​ក្រហម បាល់​ពិន័យ​ប៉េ​ណា​ល់​ទី និង​ការកាត់ក្តី​ខុស​របស់​អាជ្ញាក​ណ្ត​ល​។ 
 
​ប្រធាន UEFA លោក Aleksander Ceferin បានលើកឡើង​ជុំវិញ​ការដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​នេះ​ថា​ស្ថាប័ន​លោក មាន​ទំនុកចិត្ត​ថា​នឹងមាន​ពេលវេលា​ដើម្បី​បង្កើត​ប្រព័ន្ធ​រឹងមាំ​បែបនេះ​។​
​លោក​បន្តថា វា​ក៏​នឹង​ផ្តល់នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បណ្តុះបណ្តាល​មន្ត្រី​ប្រកួតប្រជែង​ដើម្បី​ធានា​ឲ្យ​មានការ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​និង​ជោគជ័យ​របស់ VAR នៅក្នុង​ការប្រកួតប្រជែង​ពី​បណ្តា​ក្លិប​ធំៗ​នៅ​ជុំវិញ​ពិភពលោក​។​
 
VAR ត្រូវបាន​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ A-League របស់​អូស្ត្រាលី​តាំងពី​ឆ្នាំ ២០១៧ ហើយ Major League Soccer របស់​អាមេរិក​ក៏​នឹង​ប្រើ​ឆាប់ៗ​នេះដែរ​៕
​ 

Tag:
 បាល់ទាត់​
  VAR
  AFC
  Asian Cup
  UEFA Champions League
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com