ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី មុនី​រ័ត្ន ធ្វើ​នំ​ច័ក្កច័ន ច្នៃ​ជា​នំ​ខួបកំណើត​ជំនួស​នំ Cake ព្រោះ​មិន​ចង់ឱ្យ​បាត់បង់​នំ​ខ្មែរ​
09, Oct 2018 , 6:33 am        
រូបភាព
​ពោធិ៍សាត់​៖ «​ច័ក្កច័ន​» ជា​នំ​ស្រស់​មួយ​ប្រភេទ​មាន​ស្រទាប់​តម្រួត​គ្នា​ចម្រុះ​ពណ៌​ផ្សេងៗ​។ នំ​ច័ក្កច័ន ជា​បង្អែម​ខ្មែរ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប៉ុន្តែ មិនសូវ​ពេញនិយម​សម្រាប់​យុវជន​សម័យ​ទំនើប​នេះឡើយ​។ អ្នកស្រី ដុម មុនី​រ័ត្ន បានធ្វើ​នំ​ច័ក្កច័ន​នេះ ច្នៃ​ជា​នំ​ខួបកំណើត​ជំនួស​នំ Cake ព្រោះ​ចង់​អភិរក្ស និង​លើកតម្កើង​នំ​ខ្មែរ​មួយ​នេះ​កុំឱ្យ​បាត់បង់​។​


​បទពិសោធន៍​៣​ឆ្នាំ​នៃ​ការធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ដុម មុនី​រ័ត្ន បាន​រៀន​ពី​របៀប​ធ្វើ​នំ និង​បង្អែម​ខ្មែរ​មួយចំនួន​ពី​ម្ចាស់​ហាង​។ ក្រោយ​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ អ្នកស្រី មុ​នី​រ័ត្ន បាន​ផ្តើមគំនិត​លើកតម្កើង​នំ​«​ច័ក្កច័ន​» ដោយ​ច្នៃ​នំ​នេះ​ទៅជា​នំ​ខួបកំណើត​បែប​ខ្មែរ ជំនួស​នំ Cake ដែល​ពេញនិយម​បំផុត​នៅក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​។ បំណង​នៃ​ការកែច្នៃ​នំ​ខ្មែរ​មួយ​ប្រភេទ​នេះ គឺ​អ្នកស្រី​មិន​ចង់ឱ្យ​យុវជន​សម័យ​ទំនើប​បំភ្លេច​រូបរាង និង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​វា ដែលមាន​តាំងពី​យូរលង់​មកហើយ​។​
 


​ទើបតែ​ចាប់ផ្តើមបាន​ជាង​១​ខែ​ប៉ុណ្ណោះ មាន​សាធារណជន​ចាប់អារម្មណ៍​នឹង​ការច្នៃ​នំ​ខួបកំណើត​បែប​ខ្មែរ​មួយ​នេះ គួរសម​។ អំឡុងពេល​នៃ​ការចាប់ផ្តើម​មុខរបរ​ថ្មី​របស់​អ្នកស្រី មុនី​រ័ត្ន មាន​អ្នកបញ្ជា​ទិញ​ជា​បន្តបន្ទាប់ ដោយ​នំ​មួយ​មានតម្លៃ​ចាប់ពី ៥​ដុល្លារ​រហូតដល់​១០​ដុល្លារ​។ សម្រាប់​នំ​ច័ក្កច័ន​មួយ​ដុំ ទាំង​ការ​ចម្អិន និង​ការច្នៃ​ឱ្យចេញ​ជា​រូបរាង​នំ​ខួបកំណើត ឬ​ហៅថា នំ Cake ខ្មែរ គឺ​អ្នកស្រី​ចំណាយពេល ១​ម៉ោង​។​
 


​តាមពិត​ការច្នៃ​នំ​ច័ក្កច័ន​នេះ​លក់ គឺជា​មុខរបរ​បន្ទាប់បន្សំ​ពីមុខ​របរ​លក់​ចាប់ហួយ​របស់​អ្នកស្រី មុនី​រ័ត្ន ប៉ុណ្ណោះ​។ ប៉ុន្តែ ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ប្រាប់ ThmeyThmey 25 ថា ប្រសិនជា​មានការ​គាំទ្រ​ច្រើន​អ្នកស្រី​នឹង​បើក​ជា​ហា​ងសម្រាប់​លក់​នំ​ខួបកំណើត​ដែល​ច្នៃ​ពី​នំ​ច័ក្កច័ន​ខ្មែរ​នេះ នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែលជា​ផ្ទះ​របស់​អ្នកស្រី​តែម្តង​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

© រក្សាសិទ្ធិដោយ thmeythmey.com