កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo អាចជួយ Juventus ពេល​ប៉ះ Man Utd ក្រោយ UEFA ពិន័យ​តែ​១​ប្រកួត​
28, Sep 2018 , 5:19 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Juventus នឹង​អាច​ចូល​លេង​ពេល​ប៉ះ​អតីត​ក្រុម​ចាស់ Manchester United ក្នុង​ក្របខណ្ឌ Champions League នៅ​ខែក្រោយ​បន្ទាប់ពី UEFA បានសម្រេច​ឲ្យ​រូបគេ​ជាប់​បម្រាម​មួយ​ប្រកួត​ប៉ុណ្ណោះ​ពី​ការទទួលបាន​កាត​ក្រហម​កាលពី​ជំនួប​ដំបូង​។​


 
​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣៣​ឆ្នាំ​រូបនេះ ត្រូវបាន​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម​បណ្តេញចេញ​អំឡុង​ការប្រកួត​ដែល Juventus ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម Valencia បន្ទាប់ពី​រូបគេ​យកដៃ​ខ្ញាំ​សក់​ក្បាល​ខ្សែការពារ Jeison Murillo​។ នេះ​ជា​កាត​ក្រហម​លើកដំបូង​ក្នុង​អាជីព​របស់ Ronaldo សម្រាប់​ពានរង្វាន់​កំពូល​អឺរ៉ុប​នេះ​ផងដែរ​។​
 
​ការទទួល​កាត់​ក្រហម​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid ក៏​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប UEFA យកទៅ​ពិភាក្សារ​ផងដែរ​ថា​ត្រូវ​ពិន័យ​១​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ឬ​លើសពីនេះ។ បើ​ពិន័យ​លើសពី​២​ប្រកួត​មានន័យថា​រូបគេ​នឹងមិន​អាចធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ចាស់​នៅ​ទឹកដី Old Trafford ឡើយ​។​
 
​ប៉ុន្តែ​ក្រោយ​ពិនិត្យមើល​កំហុស​រួចរាល់ UEFA បានសម្រេច​ពិន័យ Ronaldo តែមួយ​ប្រកួត​ប៉ុណ្ណោះ ពោលគឺ​ត្រូវ​អវត្តមាន​ពេល​ប៉ះ Young Boys ក្នុងជំនួប​លើក​ទី​២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៅ​ថ្ងៃទី​២ ខែតុលា នៅ​ទឹកដី​ស្វី​ស​។​
 
Juventus នឹងត្រូវ​លេង​ទល់នឹង Man Utd ក្នុង​ក្រុង Manchester នៅ​ថ្ងៃទី​២៣ ខែតុលា សម្រាប់​ពូ​ល H នេះដែរ ហើយ​ត្រូវ​ត្រឡប់​ទៅ​ជួបគ្នា​នៅ​ទឹកដី​អ៊ីតាលី​វិញ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨៕
 

Tag:
 Ronaldo
 UEFA
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com