កីឡាអន្តរជាតិ
អន្តរជាតិ
Barca ត្រៀម​ដូរ Logo ថ្មី ហើយ​រំពឹង​បាន​ចំណូល​ជាង​១​ពាន់​លាន​ដុល្លារ​រដូវ​កាល​នេះ​
29, Sep 2018 , 8:30 pm        
រូបភាព
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ FC Barcelona បាន​អះអាង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ថា​ពួកគេ​កំពុង​រៀបចំ​កំណត់ត្រា​ថ្មី​នៃ​ប្រាក់ចំណូល ៩៦០ លាន​អឺរ៉ូ (១១១៥​លាន​ដុល្លារ​អាមេរិក​) សម្រាប់​រដូវ​កាល ២០១៨/១៩ ជាមួយនឹង​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ១១ លាន​អឺរ៉ូ (​ជិត​១៣​លាន​ដុល្លារ​)​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ AFP​។​


​យោងតាម​ការប៉ាន់ស្មាន​ថវិកា​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល​ក្លិប​កាលពី​រដូវ​កាល មុន ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ បានទទួល​ប្រាក់ចំណូល ៩១៤ លាន​អឺរ៉ូ (១០៦២​លាន​ដុល្លារ​) លើសពី​ការព្យាករណ៍​របស់ខ្លួន​ត្រឹម ៨៩៧ លាន​អឺរ៉ូ (១០៤២​លាន​ដុល្លារ​) ដោយ​ក្នុងចំណោម​ប្រាក់​ចំណូ​នោះ​ពួកគេ​ចំណេញ​បាន ៣២ លាន​អឺរ៉ូ (៣៧​លាន​ដុល្លារ​)​។​
 
​នៅពេល​បច្ចុប្បន្ននេះ ការចំណាយ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ៩២៩ លាន​អឺរ៉ូ (១០៧៩​លាន​ដុល្លារ​) ប៉ុន្តែ​ក៏​នឹង​ត្រូវបាន​ទូទាត់​ដោយ​កំណើន​ប្រាក់ចំណូល​ដែរ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្លិប​ដែល​បានកំណត់​គោលដៅ​នៃ​ប្រាក់ចំណូល​ចំនួន ១ ពាន់​លាន​អឺរ៉ូ (១១៦២​លាន​ដុល្លារ​) នៅត្រឹម​ឆ្នាំ ២០២១​។​
 
«​ក្លិប​គឺមាន​ការប្រុងប្រយ័ត្ន​ខ្លាំងណាស់ (​ក្នុងការ​គ្រប់គ្រង​រប​ស់​ខ្លួន​) យើង​មានការ​ចំណាយ​បន្ថែមទៀត​ប៉ុន្តែ​យើង​ក៏​រំពឹងថា​នឹងមាន​ប្រាក់ចំណូល​ខ្ពស់ជាង​នេះដែរ​។ អ្វីដែល​យើង​ធ្វើ​នឹង​មិនមាន​គ្រោះថ្នាក់​ដល់​លទ្ធភាព​ជោគជ័យ​របស់​ក្លិប​ឡើយ​»​។ អ្នកនាំពាក្យ​ក្លិប​លោក Josep Vives បញ្ជាក់​ដូច្នេះ​។​
 
​ទន្ទឹមនឹង​នេះដែរ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​ស្វយ័ត​កាតា​ឡូ​នា (Catalonia) ក៏បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ផ្លាស់ប្តូរ​ស្លាក​សញ្ញា (Logo) ថ្មី​របស់​ពួកគេ​ផងដែរ ដោយ​ដក​អក្សរ​កាត់ «FCB» ចេញ​ហើយ​បំពេញ​ដោយ​ទង់ជាតិ​របស់​តំបន់​នោះ​ជាមួយនឹង​រូប​បាល់​ដដែល​។ Logo នឹង​ប្រើប្រាស់​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ​៕
 

Tag:
 ​បាល់ទាត់​
  Barcelona
  ប្រាក់ចំណូល​
  Logo
© រក្សាសិទ្ធិដោយ thmeythmey.com