ពីនេះ ពីនោះ
កំណាព្យ៖ ទឹកភ្នែក​ស្ត្រី​ប្តី​ប្រមឹក​ខួប​!
29, Sep 2018 , 1:29 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
​បទ ព្រហ្មគីតិ​

-​ប្រមឹក​ផឹក​ប្រមាទ​ ​រកស៊ី​ខាត​ខកខាន​ញឹក​
​បើកភ្នែក​ឡើង​ពេលព្រឹក ការមិន​នឹក​ផឹកស្រា​សិន​។​


 
-​ផឹក​ខ្លាំង​ស្លាំង​សេ្ល​ក​ស្លក់​ ​ដេក​ដង្ហក់​មាត់​ជះក្លិន​
​ពូកែ​តែ​បង្ហិន​ ​រក​មិន​ប៉ិន​ដូច​ផឹកស្រា​។​
 
-​ឆ្ងាយ​សីល​ខិលខូច​ខាត​ ​ផឹក​ប្រមាទ​ភ្លេច​សង្ខារ​
​បាន​ផឹក​ថ្នឹក​ហិង្សា​ ​ស្រែក​ឡូឡា​ក្លា​សម្តី​។​
 
-​ប្រពន្ធ​កូន​ទៅ​ស្រែ​ ​មិនដែល​ក្បែរ​ជួយ​ភ្ជួរ​ដី​
​ត្រី​សាច់​ឬអ្វីៗ​ ​ខាង​លោក​ប្តី​ធ្វើ​មិនដឹង​។​
 
-​ស្រវឹង​ជេរ​បញ្ចោរ​ ​ដេក​ស្រាតខោ​ភ្នែក​ស្លក់​ស្លឹង​
​ចាយ​ធូរ​ទៅរក​តឹង​ ​ពូកែ​ខឹង​ជាង​ខិតខំ​។​
 
-​គេ​ស្តី​មិន​ខ្ចី​ស្តាប់​ ​អាង​កាប់​ចាក់​ហាក់​ហាន​ហំ​
​ហង​មេ​ជេរ​ចំៗ​ ​ចេះ​សន្សំ​តែ​ជម្លោះ​។​
 
-​ស្រែក​ផ្អើល​អ្នកជិតខាង​ ​កាច​កោង​កាង​អសោច​ឈ្មោះ​
​ពេល​បាន​ស្រា​ចូល​ពោះ​ ​ក្លាយជា​ងោះ​លែង​ដឹងអី​។​
 
-​ត្រប៉ែ​ឆ្កែ​លិឍ​មាត់​ ​ភ្លើ​ភ្លេច​ភ្លាត់​ដួល​ដេក​ដី​
​ផឹក​ជ្រុល​ម៉ោង​ពីរ​បី​ ​ពេលខ្លះ​ប្តី​ថែម​ដាច់​យប់​។​
 
-​ប្រពន្ធ​មានកូន​ខ្ចី​ ​អង្គុយ​បី​ងងុយ​ជ្រប់​
​កូន​យំ​លួង​មិន​ឈប់​ ​ស្ត្រី​ណា​ទប់ទឹក​ភ្នែក​បាន​?​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com