ពីនេះ ពីនោះ
ការបាត់បង់​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គ ជា​បញ្ហា​ប្រឈម​ដល់​ជីវិត​ត្រី​កែ​
29, Sep 2018 , 2:59 pm        
រូបភាព
​ត្រី​កែ​។  រូបភាព​៖ Bounthob Praxaysombath / http://ffish.asia
​ត្រី​កែ​។ រូបភាព​៖ Bounthob Praxaysombath / http://ffish.asia
ដោយ:
 ​ត្រី​កែ មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasius conchophilus) ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅក្នុង​ទន្លេ​ចៅ​ប្រា​យ៉ា ទន្លេ​បាង​បាគ​ង្គ ក្នុងប្រទេស​ថៃ ទន្លេមេគង្គ និង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។



ត្រី​កែ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១២០ ស​.​ម​។ ត្រី​ប្រភេទ​នេះ វា​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ចរន្តទឹក​ហូរ​លឿន​ត្របាញ់ និង​ទន្លេ​ទឹក​ជ្រៅ​ដែលមាន​ចរន្តទឹក​ហូរ​យឺត ព្រមទាំង​មាន​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ផងដែរ​។ កូន​ត្រី​កែ​តូចៗ ស៊ី​កំពឹស និង​ពពួកសត្វ​លិ្អ​ត ខណៈ​ត្រី​កែ​ជំទង់ និង​ពេញវ័យ ពួកវា​ស៊ី​កំពឹស និង​ពពួកសត្វ​លិ្អ​ត ជាពិសេស​គ្រុំ ខ្ចៅ ខ្ច​ង លៀស ដែល​បាន​បំពេញ​ក្រពះ​របស់​វា​ដ៏​ច្រើន​លើ​ល​លប់​ជាង​ប្រភេទ​ត្រី​ផ្សេង​ក្នុង​អម្បូរ​ដូចគ្នានេះ​។ នៅ​រដូវវស្សា ជា​ពេលដែល​ត្រី​កែ​ត្រូវ​ចាក​ចេញពី​ទន្លេមេគង្គ ចូលទៅក្នុង​តំបន់​ព្រៃ​លិច​
​ទឹក ព្រមទាំង​ស៊ី​ផ្លែ​រុក្ខជាតិ​នៅ​ទីនោះ ភាគច្រើន​ជាង​ចំណី​ផ្សេងៗ ឯទៀត​។ ក្នុង​រដូវប្រាំង ត្រី​កែ​ចូលទៅ​ជ្រកកោន​ក្នុង​អាងទឹក​ជ្រៅ និង​ទន្លេធំៗ​។ ត្រី​ប្រភេទ​នេះ ពង​-​កូន​នៅតាម​ដង​ទន្លេធំៗ ក្នុង​រដូវ​ទឹកជំនន់ ហើយ​កូនតូចៗ​របស់​វា ចូលទៅក្នុង​តំបន់​លិច​ទឹក​។ ត្រី​កែ ធ្វើចរាចរ​ផ្លាស់​ទី​ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ​ទន្លេមេគង្គ​ជា​ហ្វូង ចាប់ពី​ខែឧសភា ដល់​ខែកក្កដា និង​ត្រូវបាន​គេ​គិតថា វា​មិនមែនជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ឡើយ​។ 
 
​ត្រី​កែ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ ប៉ុន្តែ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ដោយសារ​ការសាងសង់​ទំនប់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ​។ មិនតែប៉ុណ្ណោះ ត្រី​ប្រភេទ​នេះ បាន​រង​ផលប៉ះពាល់​ពី​ការបាត់បង់​ព្រៃ​លិច​ទឹកជា​ជម្រក​ក្នុង​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គ​ទាំងមូល​។ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ វា​ជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ ការប្រើប្រាស់​រំសេវ​ផ្ទុះ ឬ​ថ្នាំពុល​ក្នុង​ជម្រក​ត្រី សុទ្ធតែជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​មច្ឆជាតិ​ទូទៅ​។ ទៅ​ថ្ងៃ​អនាគត ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បាត់​រូបរាង សល់​តែ​ឈ្មោះ​សម្រាប់​ក្មេងជំនាន់ក្រោយ​ហៅ​ប៉ុណ្ណោះ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់គ្នា​នោះទេ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com