ជាតិ
សង្គមជាតិ
ឯកសារក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានរក្សាទុកក្នុងឌីជីថល ជាង៣៥ភាគរយហើយ
× ភ្នំពេញ៖ ឯកសារក្នុងសម័យខ្មែរក្រហមប្រមាណ៤០០,០០០ កំពុងត្រូវបានថតចម្លងនឹងរក្សាទុកក្នុងប្រព័ន្ធអ៊ីនធឺណិត។ ឯកសារទាំងនោះនឹងដាក់ឲ្យសាធារណៈជន អាចចូលមើលបាននៅក្នុងគេហទំព័រសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្រោយបញ្ចប់គម្រោង។ នេះបើតាមកិច្ចប្រជុំតាមដាននឹងពិនិត្យបច្ចុប្បន្នភាពនៃកម្រោងឌីជីថលកាលពីពេលថ្មីៗនេះ។
លោក ឆាយ វិសុទ្ធ ប្រធានការិយាល័យសារមន្ទីរទួលស្លែងបានលើកឡើងថា ការចងក្រងនិងថតចម្លងឯកសារទាំងនោះ គឺដើម្បីអភិរក្សឯកសារដើម និងធ្វើឲ្យមានភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវនានាដែលចង់ដឹងព័ត៌មានទាក់ទងនឹងសម័យខ្មែរក្រហម អាចរកបាននៅក្នុងគេហទំព័រសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដោយមិនចាំបាច់ប៉ះពាល់ឯកសារដើម។
លោកបាននិយាយថា៖« យើងមិនឲ្យមានការប៉ះពាល់ដល់ឯកសារដើម ដោយសារឯសារខ្លះពុកផុយមែនទែន នៅពេលដែលយើងប៉ះពាល់ដោយមិនប្រយ័ត្នប្រយែងវានឹងបំផ្លាញ់ឯកសានោះ ចឹងក្រោយយើងធ្វើហើយយើងលែងប៉ះពាល់ឯកសារដើម ។យើងអភិវឌ្ឍន៍គម្រោងតាំងពីខែមករាមក ប៉ុន្មានខែនេះ យើងសម្រេចបាន៣៥ភាគរយនៃគម្រោងទាំងមូលរបស់យើង គម្រោងនឹងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩»។
លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋខ្មែរ ដែលនៅសល់ឯកសារក្នុងសម័យប៉ុលពត ផ្ដល់មកសារមន្ទីរដើម្បីរក្សារទុកជាឯកសារប្រវត្តិសាស្ត្រ។
ក្នុងកិច្ចប្រជុំលើកទី២នេះមានការចូលរួមពីលោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, រូមទាំងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនិងជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។គម្រោងនេះត្រូវបានគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KICA) អង្គការយូណេស្កូ។
គួរម្លឹកថា ក្នុងឆ្នាំ២០០៩ ឯកសារនានាក្នុងសម័យខ្មែរក្រហមត្រូវបានដាក់បញ្ចូលជាសម្បត្តិស្មារតីនៃការចង់ចាំពិភពលោក។ ក្នុងឆ្នាំ២០១៧ មានសារធារណៈជនជាតិ និងអន្តរជាតិចំនួន៤៥០,០០០នាក់ បានមកទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង៕
Tag:
ប្រវត្តិសាស្ត្រ
សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com