ជាតិ
តារាល្បីៗ
ច្រៀង១៧ឆ្នាំ រ័ត្ន រចនា ទើបល្បីដោយសារហ្វេសប៊ុក Live បទ «មេម៉ាយសប្បាយចិត្ត»
× ការផ្សាយផ្ទាល់តាមហ្វេសប៊ុកនាការប្រគំតន្ត្រីមួយនៅខេត្តស្វាយរៀង បានផ្លាស់ប្តូរជីវិតតារាចម្រៀងម្នាក់។ រ័ត្ន រចនា ប្រកបអាជីពជាតារាចម្រៀងអស់ជាច្រើនឆ្នាំ ប៉ុន្តែទើបតែល្បីល្បាញនារយៈពេលជាងមួយខែចុងក្រោយនេះ ដោយសារបទ «មេម៉ាយសប្បាយចិត្ត» របស់អ្នកស្រី ប៉ែន រ៉ន។ អរគុណម្ចាស់គណនី So Viseth ដែលថតផ្សាយផ្ទាល់តាមហ្វេសប៊ុក ហើយទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គម។
«សូម្បីតែគិត ក៏មិនដែលគិតផង គិតឆ្ងល់ខ្លួនឯងដូចច្រៀងយូរឆ្នាំហើយ ច្រៀងឡើងជិតឈប់ច្រៀងទៅលក់ចាហ៊ូយហើយ ទើបល្បី»។ តារាចម្រៀង រ័ត្ន រចនា អាយុប្រមាណ៣០ឆ្នាំ បានឆ្លើយបែបកំប្លែងយ៉ាងដូច្នេះ ទៅកាន់ពិធិករទូរទស្សន៍ CTN ទាក់ទងនឹងភាពល្បីល្បាញដ៏មិននឹកស្មានរបស់ខ្លួន។
រចនា កើតនៅភ្នំពេញ ដែលមានឪពុកម្តាយជាអ្នកស្វាយរៀង បានអះអាងថា ខ្លួនប្រឡូកក្នុងវិស័យចម្រៀងតាំងពីក្មេង ពោលគឺជិត២០ឆ្នាំទៅហើយ ដោយមិនដែលគិតថា អាចក្លាយជាតារាចម្រៀងល្បីល្បាញនោះឡើយ។
កាលពីជាង១ខែកន្លងមក លោក សូ វិសិទ្ធ ម្ចាស់ក្រុមចម្រៀង វិសិទ្ធ តន្ត្រី បានផ្សាយផ្ទាល់សកម្មភាពប្រគំតន្ត្រី ទៅតាមទម្លាប់របស់លោក។ ប៉ុន្តែអ្វីដែលទាក់ទាញបំផុតនោះ គឺការបកស្រាយបទ «មេម៉ាយសប្បាយចិត្ត» របស់ រ័ត្ន រចនា ដ៏ពិរោះ ជាមួយនឹងការបង្កើនបរិយាកាសរីករាយ។
រចនា ដែលនិយមច្រៀងបទរបស់អ្នកស្រី ប៉ែន រ៉ន ជាពិសេសបទ «មេម៉ាយសប្បាយចិត្ត» នោះ អះអាងថា នេះជាលើកដំបូងដែលការច្រៀងរបស់ខ្លួន ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Youtube ហើយអ្វីដែលគួរឲ្យកត់សម្គាល់ចុងក្រោយនេះ គឺការធ្វើកាយវិការត្រាប់តាមបទចម្រៀងនេះ នៅលើបណ្តាញសង្គម Tik Tok។
«មេ [សំដៅលើលោក សូ វិសិទ្ធ] តែងតែ Live សកម្មភាពច្រៀងរបស់ក្រុម ប៉ុន្តែការ Live លើកនេះ ទទួលបាននូវការ Like និង Share យ៉ាងច្រើននៅលើហ្វេសប៊ុក ហើយបន្តទៅលើ Youtube និង Tik Tok» នេះជាបញ្ជាក់របស់ រចនា។
ប្រឡូកក្នុងសិល្បៈចម្រៀងតាំងពីឆ្នាំ២០០១មក កញ្ញា រចនា ទើបចាប់ផ្តើមមមាញឹកនារយៈពេលជាង១ខែចុងក្រោយនេះ ។ ទៅណាមកណា មនុស្សចំនួន ស្គាល់រចនា ថាជាអ្នកច្រៀង Cover បទ មេម៉ាយសប្បាយចិត្ត ហើយអ្នកខ្លះដែលមិនសូវចាំចំណងជើងនាំគ្នា ថាជាបទ ក្រឡាប់ផ្កាប់ផ្ញា៕
Tag:
រ័ត្ន រចនា
តារាចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com