ជាតិ
សំរាមក្នុងពិភពលោក នឹងកើនដល់៧០ភាគរយនៅឆ្នាំ២០៥០ រូបពីក្រសួងបរិស្ថាន
× ប្រសិនបើមិនមានវិធានការជាក់លាក់ទាន់ពេលទេ ពិភពលោកប្រាកដជាប្រឈមនឹងបញ្ហាកាកសំណល់ជាក់ជាមិនខាន់។ ការរីកចម្រើននៃទីក្រុង និងកំណើនប្រជាពលរដ្ឋបានធ្វើឲ្យកាកសំណល់អាចនឹងកើនដល់៣,៤ ពាន់លានតោននៅឆ្នាំ២០៥០ គឺកើនឡើង៧០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦ មានត្រឹមតែ ២,០១ ពាន់លានតោន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានសាធារណៈ ក៏ដូចជាចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទឹក ដី ខ្យល់ ដែលបណ្តាលមកពីការគ្រប់គ្រងសំរាម សំណល់រឹង មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គ្រប់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនបង្កើតឡើង។
ក្នុងឆ្នាំ២០១៦ ពិភពបលោកបានបញ្ចេញកាកសំណល់ប្លាស្ទិកមានចំនួន២៤២លានតោន ក្នុងនៅមាន១២ភាគរយជាកាកសំណល់រឹង។ ក្នុងរាជធានីភ្នំពេញ សំណល់រឹងមានប្រមាណ ២,៧០០តោន បានបង្កើតឡើងក្នុងមួយថ្ងៃៗ។ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។
ចាប់តាំងពីឆ្នាំ ២០០០ មក ធនាគារពិភពលោកបានផ្តល់ថវិកាជាង ៤,៧ ពាន់លានដុល្លារ ក្នុងការជួយគាំទ្រដល់ ៣៤០កម្មវិធីគ្រប់គ្រងកាកសំណល់រឹង នៅក្នុងប្រទេសនានាទូទាំងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com