កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ចង់​លេង​ឲ្យ​ក្លិប​ធំ​២​នៅ​អង់គ្លេស តែ​លើកលែង Man Utd និង Man City
02, Oct 2018 , 4:00 pm        
រូបភាព
Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Paris Saint-Germain ថា​នឹងមិន​ទៅ​ចូលរួម​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នោះទេ ប្រសិនបើ​ថ្ងៃ​ណាមួយ​រូបគេ​អាច​ផ្លាស់​ទៅលេង​នៅ Premier League​។​


 
​តារា​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ក្លិប Manchester United និង Manchester City ទាក់ទង​កាលពី​ប៉ុន្មាន​ខែ​មុននេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ទៅ​ចូលរួម​ក្លិប​ណាមួយ​ក្នុងចំណោម​ក្លិប​ទាំងនេះ​ទេ ព្រោះ​រូបគេ​ស្រឡាញ់​ទីក្រុង​ឡុង​ដ៍​។​
 
​ប្រភព​ដែល​ស្និទ្ធ​នឹង​កីឡាករ​រូបនេះ​បាន​ប្រាប់ Express Sport ថា Neymar មានបំណង​ទៅ​ចូលរួម Chelsea ឬ Arsenal  ដែលជា​ក្លិប​ស្ថិតក្នុង​ក្រុង​ឡុង​ដ៍ ប្រសិនបើ​រូបគេ​ពិតជា​ផ្លាស់​ទៅលេង​ជាមួយ​ក្រុម​កំពូល​នៅ​អង់គ្លេស​មែន​។ «​គាត់​ពិតជា​ស្រឡាញ់​ប្រទេស​អង់គ្លេស​ណាស់ ប៉ុន្តែ​ភាគច្រើន​ក្នុង​ទីក្រុង​ឡុង​ដ៍​។ រាល់ពេល​គាត់​ធ្វើដំណើរ​ទៅ​ទីនោះ គឺ​តែងតែមាន​របស់​មួយចំនួន​ពី​ទីនោះ​ត្រឡប់មកវិញ​»​។​
 
​សារព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា អតីត​សមាជិក Barcelona វ័យ ២៥​ឆ្នាំ​រូបនេះ​កំពុង​រៀន​ភាសា​អង់គ្លេស​បន្ថែម ហើយ​បានធ្វើ​ដំណើរ​ទៅ​រាជធានី​របស់​អង់គ្លេស​នេះ​បាន​បី​បួន​ដង​ឯណោះ​កាលពី​ឆ្នាំមុន​។​
 
Neymar បាន​ផ្លាស់​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទៅ​ចូលរួម​ក្រុម​យក្ស​បារាំង​ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ២៥៧​លាន​ដុល្លារ​អាមេរិក​កាលពីដើម​រដូវ​កាល​មុន​ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ពោលគឺ​ដល់​ឆ្នាំ​២០២២​។​
 
​ក្រៅពី​ក្រុម​ធំៗ​នៅ​អង់គ្លេស ក្លិប​យក្ស Real Madrid ក៏​ព្យាយាម​អន្ទង​យក​អតីត​សមាជិក​ក្រុម Santos រូបនេះ​ទៅ​រួម​ក្រុម​ផងដែរ និង​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​តំបន់​ប្រយុទ្ធ​បន្ទាប់ពី Cristiano Ronaldo ចាកចេញ​៕
 

Tag:
 បាល់ទាត់​
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com