ជាតិ
កម្ពុជា​ត្រៀម​បណ្តេញ​ជនល្មើស​អ៊ីនធឺណិត​ជាតិចិន​ជាង​១០០​នាក់​
02, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
ភ្នំពេញ ៖ កម្ពុជា​ត្រៀម​បណ្តេញ​ជនជាតិ​ចិន​ជាង​១០០​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ទៅ​ប្រទេស​ចិន​វិញ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកំពត​។​

 
​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ក្រសួងមហាផ្ទៃ​ប្រាប់ VOA នា​ថ្ងៃ​ច័ន្ទ​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១០៣​នាក់ កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​ថា ជនជាតិ​ចិន​ចំនួន​១២​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​ចំនួន​៩១​នាក់​ផ្សេងទៀត​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ខេត្តកំពត កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​។​
 
​លោក​បន្ថែមថា ជនជាតិ​ចិន​ចំនួន​១២​នាក់​ដែល​ឃាត់ខ្លួន​បាន​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ចិន និង​ត្រូវបាន​រដ្ឋាភិបាល​ចិន​ស្នើ​ឲ្យ​តាម​ចាប់ខ្លួន​ដើម្បី​បញ្ជូន​ចេញ​។ ចំណែក​ជាង​៩០​នាក់​ផ្សេងទៀត ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​ពួកគេ​យក​កម្ពុជា​ធ្វើជា​ទីតាំង​ដើម្បី​ជម្រិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា ដែល​កំពុង​រស់នៅ​ប្រទេស​ចិន​។​
 
​លោក​បញ្ជាក់ថា​៖
 
«​អា​១២​នាក់​ហ្នឹង វា​ប្រព្រឹត្ត​នៅ​ចិន វារ​ត់គ​ច​ខ្លួន​មក​។ សមត្ថកិច្ច​ប៉ូលិស ឲ្យ​យើង​តាមរក និង​ចាប់ខ្លួន ប៉ុន្តែ​អា​៩១​នាក់​នោះ វា​ប្រព្រឹត្ត​ឆបោក​ហ្នឹង វា​យក​ទីតាំងនៅ​ប្រទេស​កម្ពុជា​។ ការពិតទៅ​មិនមែន​តែ​កម្ពុជា​ទេ គ្រប់​ប្រទេស​ដែល​វា​យក​ធ្វើ មាន​ទាំង​នៅ​ហ្វីលីពីន នៅ​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ហ្នឹង ក៏​គេ​មាន​ចាប់​អី​ដូចគ្នា​ដែរ​»​។​
 
​លោក អ៊ុក ហៃ​សីឡា បន្ថែមថា ជនជាតិ​ចិន​ទាំង​១០៣​នាក់​នោះ នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ដោយ​បញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ តាមរយៈ​យន្តហោះ​ដែល​រដ្ឋាភិបាល​ចិន​បញ្ជូន​ដើម្បី​ដឹក​ចេញ នៅ​យប់​ថ្ងៃទី​៤ និង​ថ្ងៃទី​១០ ខែតុលា​នេះ​។​
 
​លោក​បញ្ជាក់ថា​៖
 
«​ប្រហែលជា​ថ្ងៃ​១០​។ គេ​មក​យក​។ យន្តហោះ​មក​យក​ពី​ខេត្ត​ឆុង​ឈី​ង​។ ១០៣​នាក់​ដែល​យើង​ឃាត់​បាន ហើយ​១២​នាក់​ហ្នឹង វា​ទៅ​ខេត្ត​ផ្សេង អញ្ចឹង​ថ្ងៃទី​៤ នឹង​បញ្ជូន​ចេញ​។ យើង​បណ្តេញចេញ​តាម​ប្រកាស​ក្រសួង​»​។​
 
​បើតាម​គេហទំព័រ​នគរបាលជាតិ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ផ្សាយ​ថា ជនជាតិ​ចិន​១១​នាក់ ក្នុងនោះ​ស្រី​២​នាក់ ត្រូវបាន​នគរបាល​អ​ន្តោ​រ​ប្រវេសន៍​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល នៅ​ភោជនីយដ្ឋាន​កាលីហ្វ័រ​ញ៉ា ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដែល​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​១១​នាក់ គឺធ្វើឡើង​ទៅតាម​ការស្នើ​របស់​សមត្ថកិច្ច​ចិន​។​
 
​បើតាម​លោក អ៊ុក ហៃ​សីឡា បញ្ជាក់ថា រហូតមកដល់​ពេលនេះ​មាន​ជនជាតិ​ចិន​ជិត ២.០០០​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចាប់​ជម្រិត​តាម​បណ្តាញ​អ៊ីនធឺណិត ហើយ​ត្រូវបាន​ចាប់​បញ្ជូនទៅ​ប្រទេស​ចិន​វិញ​។​
 
​ជនជាតិ​ចិន​ដែលជា​ចំណូល​ថ្មី​មួយចំនួន​លើទឹក​ដី​កម្ពុជា ត្រូវបាន​គេ​រាយការណ៍​ថា បាននិងកំពុង​បង្ក​បទល្មើស​ជាច្រើន ដែល​មួយចំនួនធំ​នៃ​បទល្មើស​ធ្ងន់ គឺពាក់ព័ន្ធ​នឹង​ការចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នាឯង​ការធ្វើ​ទារុណកម្ម និង​បទល្មើស​ជម្រិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ជាដើម​។​
 
​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ ដូចជា​លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក​បណ្ឌិត មាស នី ជាដើម បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​លើ​ជនបរទេស ពិសេស​ជនជាតិ​ចិន​ដែលជា​ចំណូល​ថ្មី ធ្វើយ៉ាងណា​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងតែង​ជៀសវាង​ជន​ជាតិចិន​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស​តាម​ទំនើងចិត្ត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា និង​អាចធ្វើ​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​កើតឡើង​ផងដែរ​។​
 
​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ពោលគឺ​មុន​មួយថ្ងៃ​នៃ​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​ជាង​១០០​នាក់ ឯកអគ្គរដ្ឋទូត​ចិន​លោក Xiong Bo (​ស្យុ​ង ប៉​) ដែល​បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា បានបង្ហាញ​ពី​ការពេញចិត្ត​របស់លោក ទាក់ទង​នឹង​ការបង្ក្រាប​ជនជាតិ​ចិន​ខិលខូច​នៅ​ចំពោះមុខ​លោក ស ខេង រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
 
​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​ដដែល​នោះ បានបញ្ជាក់​ក្នុង​សេចក្តីរាយការណ៍​របស់​ខ្លួន​ថា លោក ស្យុ​ង ប៉ បាន​លើកឡើងថា អាជ្ញាធរ​កម្ពុជា​បាន​ជួយ​លើ​ការងារ​សន្តិសុខ​ដូចជា​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​រួមមាន​បទល្មើស​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​ពេស្យាចារ​ផ្សេងៗ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា ហើយ​រាល់​ទង្វើ​របស់​ជនជាតិ​ចិន​ទាំងនោះ បានធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងមូល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com