ជាតិ
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក វិនិយោគ​លើ​វិស័យ​កសិកម្ម​
03, Oct 2018 , 8:19 pm        
រូបភាព
សម្តេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តីកម្ពុជា ចាប់ដៃជាមួយលោក Michael Walter Michcalak ក្នុងវិមានសន្តិភាព នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តីកម្ពុជា ចាប់ដៃជាមួយលោក Michael Walter Michcalak ក្នុងវិមានសន្តិភាព នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ពិនិត្យមើល​ការវិនិយោគ​ទៅលើ​ការកែច្នៃ ផលិតផល​កសិកម្ម​នៅ​កម្ពុជា ឲ្យ​ទៅជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច ឬក៏​ផលិតផល​សម្រេច ដែល​អាច​បម្រើ​ទៅដល់​ទីផ្សារ​ទាំង​ក្នុង  និង​ក្រៅប្រទេស​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។


 
​សំណើ​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក Michael Walter Michalak នាយក​គ្រប់គ្រង​តំបន់ និង ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក ដោយមាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក William A. Heidt នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​ទី​២ ខែតុលា ឆ្នាំ​២០១៨​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់​បែបនេះ​ថា​៖«​សហរដ្ឋអាមេរិក ពិត​ជាមាន​បច្ចេកទេស និង​សូម​ឲ្យ​អ្នកវិនិយោគ ពិនិត្យ​ពិចារណា​យក​បច្ចេកទេស​ទាំងនេះ មកប្រើប្រាស់​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​ផងដែរ​»​។​


 
​សម្តេច ហ៊ុន សែន បាន​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ និង​មាន​ភ្លៀង​ខុសរដូវ ហើយ​បង្កើតជា​បញ្ហា មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ទូទាំង​តំបន់ និង​ពិភពលោក​ទាំងមូល​តែម្តង​។​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ថែមថា ពូជស្រូវ ពូជ​ដំណាំ ដែល​ធ្លាប់តែ​ត្រូវ​នឹង​កម្តៅ ដែល​ធ្លាប់មាន​កន្លងមក នៅពេលនេះ​គឺ​ត្រូវ​ចាំបាច់​ពិនិត្យឡើងវិញ ដោយសារ​ការកើនឡើង​នៃ​កម្តៅ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​
 
​សម្តេច ហ៊ុន សែន ក៏​សង្ឃឹម​ដែរ​ថា សហរដ្ឋអាមេរិក នឹងចូលរួម​យ៉ាងសំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​។ មេដឹកនាំ​កម្ពុជា បាន​ណែនាំ​ឲ្យ​ប្រតិភូ​ទាំងអស់​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​ក្នុងករណី​មិនអាច​ដោះស្រាយបាន សូម​លើក​បញ្ហា​ទាំងនោះ មក​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តែម្តង​។ 
 
​ក្នុងជំនួប​នោះ លោក Michael បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក នៅ​កម្ពុជា គឺ​ដើម្បី​ពិភាក្សា លើ​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌ ក៏ដូចជា​វិស័យ​កសិកម្ម​ផងដែរ​។​
 
​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក William A. Heidt បាន​ឲ្យ​ដឹងថា នៅពេលនេះ មាន​ក្រុមហ៊ុន​កសិកម្ម​សហរដ្ឋ​អាមេរិក​ប្រមាណ​៦​ទៅ​១០​ក្រុមហ៊ុន ដែល​បានមក និង​កំពុង​ពិភាក្សា​ស្វែងរក​ឱកាស​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ នៅ​កម្ពុជា​៕ 
​ 

Tag:
 កសិកម្ម​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com