ជាតិ
កម្ពុជា ស្នើ​ឲ្យ​ថៃ វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​
03, Oct 2018 , 10:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន​ថៃ វិនិយោគ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងប្រទេស​កម្ពុជា​។


 
​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ការជំរុញ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ឲ្យ​មក​វិនិយោគ​នេះ គឺ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​លើកស្ទួយ​ប្រសិទ្ធភាព​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​
 
​លោក​រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នាឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង (Chanitr Charnchainarong) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ស្វែងរក​យន្តការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​
 
​លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់នេះ ដល់​សមាគម​ធុរជន​នៅក្នុង​ប្រទេស​ថៃ និង​រដ្ឋាភិបាល ដើម្បី​ព​ន្លឿ​ន​កិច្ចការ​នេះ  ដើម្បី​ចូលមក​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​។ 
 
​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានចេញ​សលាក​ប​ត្រ​ព័ត៌មាន​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស បាន​នាំមក​នូវ​លក្ខខណ្ឌ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​ក៏ពិតមែន ប៉ុន្តែ​ការអភិវឌ្ឍ និង​ប្រតិបត្តិការ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ ក៏​បណ្តាល​ឲ្យ​មាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ដូច​ជាការ​ដកហូតយក​ដីធ្លី បញ្ហា​លក្ខខណ្ឌ​ការងារ ឬ​ការប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​។​
 
​កាលពី​ខែមីនា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា និង​ថៃ បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម លើក​ទី​៦ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ផ្សេងៗ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០៕ 

Tag:
 ឧស្សាហកម្ម​
  ប៉ាន សូរ​ស័ក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com